ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ និងជាក្រុមការងារជាតិ ថ្នាក់កណ្ដាល ចុះជួយឃុំសែប រួមដំណើរជាមួយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសែប ស្រុកកំពង់ត្រឡាច នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នៃការិយាល័យផលិតកម្ម និង បសុព្យាបាល ខេត្តកំពង់ឆ្នាំង ចុះចាក់វ៉ាក់សាំងបង្ការ និងការពារជំងឺដុំពក លើស្បែកសត្វគោ និងក្របី នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ។
នៅក្នុងឱកាសនោះ លោក តាន់ ផាន់ណារ៉ា បានមានប្រសាន៍ថាៈ ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺជាជំងឺទើបនឹងកើតថ្មី ក្នុងឆ្នាំនេះ ដែលរាលដាលឆ្លង មកពីប្រទេសថៃ និងប្រទេសវៀតណាម ។
មកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង ទាំង ២៥ រាជធានី ខេត្ត គឺកើតមានជំងឺនេះ លើសត្វគោ ក្របីគ្រប់គ្នា។ ចំពោះវិធីព្យាបាលជំងឺដុំពក លើស្បែកនេះ មានតែការចាក់វ៉ាក់សាំងនេះទេ ដែលពេល ចាក់វ៉ាក់សាំងនេះរួច វាមានប្រសិទ្ធភាព បង្ការនិងការពារជំងឺនេះ បានរហូតដល់រយៈពេល ៣ ឆ្នាំ។
ជាមួយគ្នានេះដែរ នៅពេលសត្វគោ ក្របី កើតជំងឺនេះ បងប្អូន ត្រូវលាងទឹកសត្វនឹងសាប៊ូ ឲ្យបានស្អាត ហើយយកថ្នាំទឹក ពណ៌ខៀវ ដែលចែកជូននេះ ទៅលាបលើដុំពក ទាំងនោះ វានឹងឆាប់ជាសះស្បើយ ហើយ ។ ដូច្នេះសូមប្រជាពលរដ្ឋយើង នៅគ្រប់មូលដ្ឋាន សូមយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងនេះ ឲ្យបានទាំងអស់គ្នា ហើយសូមកុំជឿតាមបណ្ដាញសង្គម ដែលផ្សព្វផ្សាយថា យកទឹកដូង និងស្លឹកមន មកបុកឲ្យគោផឹកនោះ អាចជាសះស្បើយ ជំងឺដុំពកលើស្បែកនេះ គឺជារឿងមិនពិតនោះឡើយ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាៈ នៅក្នុងខេត្តកំពង់ឆ្នាំង មានសត្វគោ និងក្របី សរុបជាង ២០ ម៉ឺនក្បាល ក្នុងនោះក្របី មានចំនួនជាង ២ ម៉ឺនក្បាល ។ ដោយឡែក ចំពោះជំងឺដុំពក លើស្បែកថ្មីនេះ ខេត្តកំពង់ឆ្នាំង មានសត្វគោ និងក្របី ចំនួនជាង ៤ ពាន់ក្បាល កើតជំងឺនេះ ក្នុងនោះ មានភាគច្រើន ជាកូនគោ ចំនួន ៣៣ ក្បាល បានឈឺងាប់ ។ ប៉ុន្តែក្រោយពីយើង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ ជាបន្តបន្ទាប់ ក្នុងរយៈពេល ៣ ខែ កន្លងមកនេះ ជាលទ្ធផល គឺសត្វគោ ក្របី ជាង ២ ពាន់ក្បាល បានជាសះស្បើយ និងជាង ១ ពាន់ ក្បាលទៀត កំពុងធ្វើការព្យាបាល ។
នៅក្នុងយុទ្ធនាការនេះ លោក តាន់ ផាន់ណារ៉ា និងលោក ងិន ហ៊ុន ព្រមទាំងក្រុមការងារ ក៏បានចែក សម្ភារៈ និងវ៉ាក់សាំង ជូនមន្ត្រីពេទ្យសត្វ ឃុំ និងភូមិ ធ្វើការចាក់វ៉ាក់សាំង ដល់សត្វគោ របស់ប្រជាពលរដ្ឋ ចំនួន ៣០០ ក្បាលនៅក្នុង ភូមិដូនទយ បានរួចរាល់និងក៏បានចែកជូន នូវថ្នាំទឹក សម្រាប់លាប លើដុំពកស្បែក សត្វគោក្របី ជូនប្រជា ពលរដ្ឋ ក្នុងម្នាក់ៗ មួយដប ដោយមិនគិតថ្លៃនោះឡើយ ៕/V