​ដោយៈ health.com.kh
​គ្មាន​នារី​រូប​ណា​ចង់​មាន​សុដន់​យារ​ធ្លាក់​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? មិន​ពិបាក​ឡើយ​!

១. ការជក់បារី​

​ប្រសិនបើ​អ្នក​គិតថា​ការជក់បារី​ប៉ះពាល់​តែ​សួត​នោះ គឺ​មិន​ត្រឹមត្រូវ​ឡើយ​! ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការជក់បារី​អាច​បង្ក​ការបំផ្លាញ​ដល់​អេ​ឡា​ស្ទី​ន​នៃ​ស្បែក​ដែលនាំឱ្យ​ស្បែ​កយារ​ធ្លាក់​និង​មើលទៅ​ជ្រីវជ្រួញ​ចាស់​ជាង​វ័យ​។​

២. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​

​ក្នុង​កម្រិត​មធ្យម គ្រឿង​ស្រវឹង​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណាក៏ដោយ​ការទទួល​ទាន​ច្រើន​លើស​កម្រិត​អាច​បង្ក​គ្រោះថ្នាក់ ឬ​ផលវិបាក​ស្មាន​មិន​ដល់​ជាច្រើន​។ មិន​ត្រឹមតែ​ថ្លើម​និង​បេះដូង​ប៉ុណ្ណោះ​ទេ​ដែល​រង​ហានិភ័យ ប៉ុន្តែ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​បណ្ដាលឱ្យ​សុដន់​យារ​ធ្លាក់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ជាតិ​អាល់កុល​បំផ្លាញ​កូ​ឡា​ជែ​ន​ដែល​កាត់បន្ថយ​ភាព​តឹង​ណែន​នៃ​ស្បែក​លើ​សុដន់​, ដើមទ្រូង និង​កន្លែង​ផ្សេងទៀត​។​

៣. ត្រូវ​កម្ដៅថ្ងៃ​ច្រើនពេក​

​ការ​ត្រូវ​កម្ដៅថ្ងៃ ឬ​ពន្លឺព្រះអាទិត្យ​ច្រើន​ជ្រុល​ក៏​អាចធ្វើឱ្យ​កូ​ឡា​ជែ​ន​ឆាប់​ខូចខាត​ផងដែរ​។ ក្រៅពី​ធ្វើឱ្យ​លេចឡើង​នូវ​ស្នាម​ខ្សែ​និង​ស្នាម​ជ្រីវជ្រួញ​ហើយ​នោះ កម្ដៅថ្ងៃ​អាច​បណ្ដាលឱ្យ​សុដន់​យារ​ធ្លាក់​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ការដែល​ប៉ះ​ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើនពេក​អាច​ជះ​ផល​អាក្រក់​ច្រើនជាង​ល្អ​។ ពន្លឺព្រះអាទិត្យ​លើសលប់​អាច​បណ្ដាលឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ផងដែរ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរប្រើ​ប្រាស់​ឡេ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ដែលមាន​ផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេល​ចេញ​ក្រៅ​ក្រោយ​ម៉ោង ១០ ព្រឹក​និង​មុន​ម៉ោង ៤ ល្ងាច​។​

៤. កង្វះ​លំ​ហាត់ប្រាណ​

​ការធ្វើ​លំ​ហាត់ប្រាណ គឺ​ល្អ​ណាស់​សម្រាប់​ភាពរឹងមាំ​នៃ​សាច់ដុំ​រាងកាយ រួមបញ្ចូល​ទាំង​សាច់ដុំ​នៅត្រង់​តំបន់​ដើមទ្រូង​។ ដូច្នេះហើយ​ទើប​កង្វះ​ការធ្វើ​លំ​ហាត់ប្រាណ​អាច​បណ្ដាលឱ្យ​សុដន់​យារ​ធ្លាក់​។ ការពង្រឹង​សាច់ដុំ​ក្នុង​តំបន់​ដើមទ្រូង គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​ទប់ស្កាត់​បញ្ហា​សុដន់​យារ​ធ្លាក់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​រួមបញ្ចូល​លំ​ហាត់ប្រាណ​ណាមួយ​ដែល​សាក​សម​សម្រាប់​សាច់ដុំ​ទ្រូង​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​។ ហើយ​អ្នក​ក៏​ចាំបាច់​គួរ​ជ្រើសរើស​ប្រើប្រាស់​អាវ​ក្នុង​សម្រាប់​ពាក់​ពេល​ហាត់​កីឡា​ឱ្យបាន​ត្រឹមត្រូវ​ផង​។​

៥. ការពាក់​អាវទ្រនាប់ ឬ​អាវ​ក្នុង​ខុស​

​អាវទ្រនាប់ ឬ​អាវ​ក្នុង​ចាស់ៗ​មិនអាច​ជួយ​ទ្រ​សុដន់ និង​ដើមទ្រូង​បានល្អ​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កុំ​ធុញទ្រាន់​នឹង​ស្វែងរក​អាវ​ក្នុង​ប្រភេទ​ណា​ដែល​ជួយ​ទ្រ​សុដន់ និង​ដើមទ្រូង​របស់​អ្នក​បាន​សាក​សម ហើយ​ស្រួល​ពាក់​មិន​រឹប ឬ​ធូរ​ពេក​។​

៦. ឥរិយាបថ​មិនល្អ​

​ទោះបី​ស្ថិតក្នុង​វ័យ​ទើបតែ ២០ ឬ ៣០​ឆ្នាំ​ក៏ដោយ ក៏​ដើម​ទ្រូ​វរ​បស់​អ្នក​អាច​យារ​ធ្លាក់​មិន​ស្អាត​ដែរ ប្រសិនបើ​មាន​ឥរិយាបថ​មិនល្អ​។ ឥរិយាបថ​នៃ​ការ​ឈរ ឬ​អង្គុយ​សុទ្ធតែ​អាច​ជះឥទ្ធិពល​លើ​ដើមទ្រូង​របស់​អ្នក​ពីមួយ​ពេល​ទៅមួយ​ពេល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​មិន​ថា​ពេល​ឈរ ឬ​អង្គុយ​នោះទេ គឺ​ត្រូវតែ​ត្រង់​ខ្លួន​៕​