ដោយ​: ចាន់តូ /​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ បណ្ដាលមកពី​ស្ត្រីជន​ជាតិចិន​ម្នាក់ បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​បុក បុរស​ម្នាក់​កំពុង​ដើរ​តាមផ្លូវ រួច​បន្ត​ទៅបុក​រថយន្ត​ចត​នៅ​ចិ​ញ្ជើ​ម​ផ្លូវ​ចំនួន​០៤​គ្រឿង​បន្ថែមទៀត ទើប​រថយន្ត​ទៅមុខ​លែងរួច​។ នៅវេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ថ្មី តាម​បណ្ដោយ​មហាវិថី​ព្រះមុន្នីវង្ស មូលដ្ឋាន​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កល​ត​ហេតុ​ឃើញ​មាន​បុរស​ម្នាក់​ដើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ស្រាប់​តែមាន​ស្ត្រី​វ័យក្មេង​ម្នាក់​បើកបរ​រថយន្ត​សេរី​ទំនើប ម៉ាក Rangrover ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-2013 តាម​បណ្ដោយ​មហាវិថី​ព្រះមុន្នីវង្ស ស្រប​ទិស​គ្នា​ជាមួយ​អ្នកដើរ ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្ដាល​បុក​អ្នកដើរ​ពីក្រោយ​យ៉ាង​ពេញទំហឹង រថយន្ត​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​ចត​នៅ​ចិ​ញ្ជើ​ម​ផ្លូវ​ចំនួន​០៤​គ្រឿង រង​ការខូចខាត​បន្ថែម រួច​រថយន្ត​បង្ក​ថយក្រោយ​ប្រុង​បើក​គេច មក​កិន​បុរសរងគ្រោះ​បន្ថែមទៀត ទើប​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុតែ​ម្ដង​។​

​សូមបញ្ជាក់​ផងដែរ ក្រោយពេល​កើតហេតុ​ភ្លាមៗ នគរបាល​ចរាចរណ៍​នៅ​ប្រចាំការ​គោលដៅ​ក្បែរ​ទីតាំង​កើតហេតុ បាន​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​អ្នកបើកបរ​នោះ ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងត្របែក ដើម្បី​សួរនាំ​។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ត​បង្ក និង​រងគ្រោះ​ទៅ​ស្នងការដ្ឋាន ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សព​ត្រូវ​នគរបាល​ប្រគល់​រថយន្ត​សា​ម៊ុ​យ​ដឹក​ទៅ​តម្កល់ រង់ចាំ​សាច់ញ្ញាតិ មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​