ដោយ​: រ៉ា​ម៉ន / ព្រះវិហារ​: ស្ពានដែក​បា​ឡេ​ត៍ កម្រាល​ឈើ​ថ្មី ប្រវែង ២៤​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្បាល​ខ្លា (​ក្រពើ​ប្រាំ​) ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​ដាក់អោយ​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ងាយស្រួល ក្នុង​ការដឹក​កសិផល​ផ្សេងៗ​។​

​ពិធី​សម្ពោធ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៩ កញ្ញា​នេះ ក្រោម​អភិ​ប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ លោក មាស សុភា ទេស រដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជ រដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ និង​លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​។​

​លោក សំ លាង​ទ្រី បានអោយដឹងថា​៖ ការសាងសង់​ស្ពានដែក និង​ការសាងសង់​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​នេះ ត្រូវបាន​សាងសង់​ឡើងជា​ស្ពានដែក​បេ​ឡេ​ត៍​កម្រាល​ឈើ​មាន​ប្រវែង​សរុប ២៤​ម៉ែត្រ ទទឹង​ប្រវែង ៤.២​ម៉ែត្រ ឆ្លងកាត់​អូរ​តា​នុប ស្ថិតក្នុង​ភូមិ​ក្បាល​ខ្លា​(​ក្រពើ​ប្រាំ​) ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ដោយ​ចាប់ផ្តើម សាងសង់ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ និង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នៅ​ថ្ងៃទី​១៩ កញ្ញា​នេះ​។​

​លោក សំ លាង​ទ្រី បាន​បន្តទៀតថា ស្ពាន​នេះ​បាន​ផ្តួចផ្តើម និង​ដឹកនាំ​សាងសង់​ដោយ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ខេត្តព្រះវិហារ ប្រធាន​គណបក្ស​ខេត្ត និង​អនុវត្ត​សាងសង់​ដោយ​ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែលជា​ការចូលរួម​ពី​សប្បុរសជន​ផងដែរ ក្នុងនោះ​រួមមាន​៖ ដែក​ស្ពាន ចូលរួម​ឧបត្ថម្ភ​ពី​សំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ឈើ​កំរាល​ស្ពាន និង​សសរស្ពាន​ចូលរួម​ឧបត្ថម្ភ​ពី​សំណាក់ លោក ទេសរដ្ឋមន្ត្រី មាស សុភា សមាជិក គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​និង​ជា​អភិបាលខេត្ត​ព្រះវិហារ​។ ការ​កៀ​សម្រួល​ផ្លូវ និង​កាយ​ប្រឡាយ ចូលរួម​ឧបត្ថម្ភ​ពី​រូបលោក ក្នុងនោះ​ក៏មាន ការចូលរួម​ជា​កម្លាំង​ពី​រដ្ឋបាល​ឃុំ​ភ្នំ​ត្បែង​មួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ និង​កម្លាំង​ប្រជាពលរដ្ឋ​ផងដែ​វ​)​។

​លោក សំ លាង​ទ្រី បាន​បញ្ជាក់ថា ក្រោយ​ការសម្ពោធ​ស្ពាន​នេះ ក្រុមការងារ​បានប្រគល់​ទៅអោយ​អាជ្ញាធរ ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដើម្បី​ប្រើប្រាស់​និង​ថែរក្សា ទុកជា​សម្បត្តិ​សាធារណៈ​៕​