ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំនៅខេត្តបន្ទាយមានជ័យ ក្រុមការងារនិងការសង្កេតឃើញថា ក្នុង២ថ្ងៃមកនេះផុលផុសខ្លាំង ដោយឱពុកម្តាយ អាណាព្យាបាលបាននាំកូនចៅមកទទួលសេវានេះដ៏កុះករ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលស្គាល់យុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ បានប្រព្រឹត្តទៅដោយមានកុមារយ៉ាងច្រើនកុះករមកចាក់ ហើយក្រុមការងារគ្រូពេទ្យបានអនុវត្តដោយរលូន ការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។
ពោលគឺក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ-១៩ និងការបើកអោយដំណើរ ការសាលារៀនឡើងវិញឆាប់ៗ ។
សូមរំលឹកថា កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ក្រោម១២ឆ្នាំ នៅតាមមណ្ឌសុខភាពនិងទីតាំងកំណត់ក្បែរខាងឬជិតផ្ទះពលរដ្ឋ ។
តាមសេចក្តីជូនដំណឹងលេខ ៤៧៩/២១ សជណ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានជូនដំណឹង ដល់សាធារណជន និងមាតាបិតា ឬអាណាព្យាបាលទាំងអស់ ជ្រាបថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ដល់កុមារមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅតាមទីកន្លែង និងពេលវេលាដូចខាងក្រោម ៖
១/ក្រុងសិរីសោភ័ណ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ។ ២-ក្រុងប៉ោយប៉ែត ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ។ ៣/ស្រុកអូរជ្រៅ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ៤/ ស្រុកមង្គលបូរី ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។
៥-ស្រុកម៉ាឡៃ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។ ៦-ស្រុកស្វាយចេក ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១) ។
៧-ស្រុកថ្មពួក ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ៨-ស្រុកភ្នំស្រុក ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។
៩-ស្រុកព្រះនេត្រព្រះ ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ។
សម្រាប់ ទីកន្លែងដែលត្រូវមកទទួលការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព ស្ថិតនៅក្នុងឃុំសង្កាត់ របស់ស្រុកក្រុង ទូទាំងខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃច័ន្ទដល់ ថ្ងៃអាទិត្យ ពេលព្រឹកពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង១១ និង៣០នាទី ។
ពេលរសៀលពីម៉ោង១៣ ដល់ម៉ោង១៦ ល្ងាច ។ក្នុងនោះសូមមាតាបិតា កូនភ្ជាប់ជាមួយឯកសារដែលត្រូវយកមកជាមួយសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួមមាន ៖សំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ផ្សេងៗពីអាជ្ញាធរមូលដ្ឋាន។ ត្រូវមាន មាតា បិតាឬ អាណាព្យាបាល នាំកុមារមកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយការចាក់វ៉ាក់សាំងនេះ ដោយការស្ម័គ្រចិត្ត និងមិនមានការបង់ថវិកាឡើយ។ ម្តាយ ឪពុកកូន រំពឹងថា នៅពេលដែលកូនៗបានចាក់វ៉ាក់សាំង ពួកគេនឹងមានសុខភាពល្អ ហើយអាចចូលរៀននៅតាមសាលារដ្ឋនិងឯកជនបានឆាប់ៗដែរ គាត់បានថ្លែងអំណរអរគុណយ៉ាងជ្រោលជៅជូនសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់វ៉ាក់សាំងដល់ក្រុមកុមារតូចៗ ក្រោយចាក់ថ្នាំរួចបន្តអនុវត្តវិធានការសុខាភិបាល៣កុំ៣ការពារជាប្រចាំមិនអាចធ្វេសប្រហែសបានឡើយ ។
យោងទិន្នន័យរបស់រដ្ឋបាលខេត្ត ក្នុងខេត្តនេះ មានកុមារអាយុចន្លោះ៦ទៅ១២ឆ្នាំ ប្រមាណជាង២០ម៉ឺននាក់៕