ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ដើម្បី​ជម្រុញ​អោយ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ​អាយុ​ចាប់ពី​០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ ទទួលបាន​នូវ​ភាពរលូន​និង​ជោគជ័យ ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ របស់​សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃអាទិត្យ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ចុះទៅពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ​អាយុ​ចាប់ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំនេះ នៅក្នុង​មន្ទីរពេទ្យ បង្អែក​ដង្កោ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦​កញ្ញា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ​ដែលមាន​អាយុ ចាប់ពី ០៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែកញ្ញា ដល់ ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២១ និង​សម្រាប់​ដូ​ស​ទី​២​ចាប់ផ្តើម​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ រៀងរាល់ ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី​រសៀល តាមរយៈ​ការអញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ចំនួន ៤២ ទីតាំង នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា តាំងពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​ដំបូង​នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ និង​ថ្ងៃ​បន្តបន្ទាប់​គ្នា នា​ប៉ុន្មាន​ថ្ងៃនេះ​យុទ្ធនាការ​នេះ គេ​បានឃើញ​នៅតាម​បណ្ដា មណ្ឌល​សុខភាព​ទាំង​០៨ នៅ​រាជធានី​ភ្នំពេញ មាន​អាណាព្យាបាល ឪពុកម្ដាយ​របស់​កុមារ​បាន​នាំ​កូន ចៅ​របស់ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​យ៉ាងច្រើន​កុះករ ជាមួយនឹង​ភាពក្លាហាន​របស់​កុមារ​ផងដែរ ដើម្បី​ឆាប់​បាន​ចូលរៀន​សូត្រ​ដូចដើម​វិញ ហើយ​ក្នុង​ព្រឹត្តិការណ៍​នេះ​គេ​ក៏​បានឃើញ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​នីមួយៗ បាន​ចុះទៅ​សម្របសម្រួល​នៅតាម​ទីតាំង​នៃ​ការចាក់​វ៉ាក់សាំង​ទាំង​ផងដែរ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការលក់​ការចាក់​វ៉ាក់សាំង​នេះ​ដំណើរការ​ទៅដោយ​រលូន​និង​ទទួលបាន​នូវ​ភាពជោគជ័យ​៕​