​ប្រែ​សម្រួលៈ​វាសនា​៖ បារាំង​កាលពី​ថ្ងៃ​សៅរ៍​បាន​ចោទប្រកាន់​អូ​ស្រា​លី​និង​អាម៉េរិក​ថា​«​ភូតកុហក​»​ចំពោះ​ការលុបចោល​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​បារាំង ដោយ​បាន​ព្រលយ​ពាក្យ​ថា «​វិបត្តិ​ធំធេង​»​មួយ កំពុង​លេចឡើង​រវាង​សម្ពន្ធ​មិត្ត​។​

​ប្រធានាធិបតី​បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ក្រុង​កង់​បេរ៉ា​និង​វ៉ាស៊ីនតោន​ក្នុងចំណាត់ការ​មិនដែ​ល​ធ្លាប់មាន​មួយ​ដើម្បី​បង្ហាញ​កំហឹង​របស់​លោក​​ចំពោះ​ការសំរេចចិត្ត​របស់​អូស្ត្រាលី​លុបចោល​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ធម្មតា​របស់​បារាំង ហើយ​ជំនួស​មកវិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយគ្លេអ៊ែរ​ក្រោម​បច្ចេកវិទ្យា​របស់​អាម៉េរិក​។​

​ជម្លោះ​នេះ​ឥឡូវ បានបញ្ចប់​ក្តី​សង្ឃឹម​អំពី​ការចាប់​កំណើត​ឡើង​វិញ​នូវ​ទំនាក់ទំនង​ក្រោយ​សម័យ​ដូណាល់ ត្រាំ រវាង​រដ្ឋាភិបាល​ក្រុងប៉ារីស​និង​វ៉ាស៊ីនតោន​ក្រោម​ការដឹកនាំ​របស់​លោកចូ បៃ​ដិន​​និង​ក៏​ជំរុញ​អោយ​បារាំង​បង្កើន​យុទ្ធនាការ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប នៅ​ពេល​ខ្លួន​ពិចារណា​អនាគត​របស់​អង្គការ​ណា​តូ​។​

​ថ្លែង​តាម​ទូរទស្សន៍​France 2 រដ្ឋមន្ត្រីការបរទេស​លោក​ហ្សង់​អ៊ីវ ឡឺ​ឌ្រី​យ៉ង់ មិន​បាន​បង្ហាញ​សញ្ញា​ណាមួយ​ថា វិបត្តិ​នេះ​នឹង​ស្រាកស្រាន្ត​ឆាប់ៗ​ទេ ដោយ​លោក​បាន​ប្រើ​ភាសា​មិន​ការទូត​ទៅ​​កាន់​អូស្ត្រាលី អាម៉េរិក​និង​អង់គ្លេស ដែល​សុទ្ធតែ​ជា​សមាជិក​សម្ពន្ធ​ភាព​ត្រីភាគី​ថ្មី​។​

​លោក​បាន​និយាយថា «​មានការ​ភូតកុហក ចិត្តវៀចវេរ ការរំលោភ​ទំនុកចិត្ត​និង​ការប្រមាថ​ដ៏​ធំ​មួយ​។​ទង្វើ​បែប​នេះ​មិន​ត្រូវ​បាន​សាទរ​និង​គួរ​កែ​ចេញ​»​។​

​លោក​បាន​ពណ៌នា​ការដក​ឯកអគ្គរដ្ឋទូត​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំង​២​ថា​ជា​អំពើ​«​និម្មិត​រូប​ណាស់​»​មួយ​ដើម្បី​បង្ហាញ​ការមិនសប្បាយចិត្ត​និង​ថា​មាន​«​វិបត្តិ​​រវាង​ពួកយើង​»​។​

​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អូស្ត្រាលី បានបញ្ជាក់​ម្តងទៀត​ថា ប្រទេស​លោក​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​បារាំង​ជាមុន នៅ​មុន​ពេល​ព័ត៌មាន​នេះ​លេចឮ​ខ្ចរខ្ចាយ​ជា​សាធារណៈ​។​លោក​​បាន​ប្រាប់​សារព័ត៌មាន​ABC​ថា «​វា​ជា​ការសំរេចចិត្ត​លំបាក​មួយ​»​ក្នុង​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​បារាំង​។​

​ប្រធានាធិបតី​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​បានប្រលកា​សសម្ពន្ធភា​ព​ត្រីភាគី​ថ្មី​មួយ​ដោយ​សុំ​បញ្ជូន​បច្ចេកវិទ្យា​ផលិត​នាវាមុជទឹក​ដើ​ដោយថាម​ពល​នុយគ្លេអ៊ែរ​ទៅអោយ​អូស្ត្រាលី ក៏​ដូចជា​កិច្ច​សហ​​ការ​ខាង​ការប្រឆាំង​សង្គ្រាម​អេឡិចត្រូនិច ចារកម្ម​សិប្បនិម្មិត​និង​សមត្ថភាព​ក្រោម​សមុទ្រ​។​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​មើលឃើញថា​មាន​គោលដៅ​ទប់ទល់​នឹង​ឥទ្ធិពល​កាន់តែ​កើនឡើង​​របស់​ចិន​។​

​វា​បាន​នាំ​អោយ​បារាំង​ផ្ទុះ​កំហឹង​ដោយសារតែ​ខ្លួន​បាត់បង់​កុងត្រា​លក់​នាវាមុជទឹក​ធម្មតា​តំលៃ​៣៦,៥​ពាន់​លាន​ដុល្លារ​ជា​មួយ​អូស្ត្រាលី​ដែល​ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៦៕

​រដ្ឋមន្ត្រីការបរទេស​លោក​ហ្សង់​អ៊ីវ ឡឺ​ឌ្រី​យ៉ង់​កាលពី​ថ្ងៃ​សុក្រ​បាន​ពណ៌នា​ការលុបចោល​កិច្ចព្រមពរៀង​នេះ​ថា​ជា​«​ការចាក់​ពីក្រោយ​ខ្នង​»​និង​បាន​ចោទប្រកាន់​អូស្ត្រាលី​និង​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍​​ថា​«​ភូតកុហក​»