ដោយៈសុផល/កណ្តាលៈ​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជំហាន​ទី​៣ ដំណាក់កាល​ទី​១នៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ត្រូវបានសម្ពោធផ្លូការកាលពីព្រឹកថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១នេះ។​



ថ្លែងក្នុងឱកាសនេះលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់​កំពង់​ផ​ស្វយ័ត​ភ្នំពេញ ជំហាន​ទី​៣ ដំណាក់កាល​ទី​១ គឺ​ដើម្បី​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​កុងតឺន័រ LM១៧​ក្នុង​គោលបំណង​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​ជា​បន្ដបន្ទាប់ ។

លោក​បន្ដថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បានរៀបចំ​អនុវត្ដ​ផែនការ​រយៈពេល​វែង រួមមាន​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​រណប​ទន្លេ​បិទ គម្រោង​អភិវឌ្ឍន៍ ចំណត​ផែ​រណប​ចំនួន​ពីរ នៅ​ទន្លេមេគង្គ​លើ និង​ទន្លេបាសាក់ អភិវឌ្ឍន៍​ចំណត​ផែ ទំនិញ​ចាក់​ធារ សាងសង់ ឃ្លាំង​ត្រជាក់ និង​ស្ងួត ព្រមទាំង​ស្ដារ និង​ថែទាំ​ផ្លូវ នាវាចរណ៍ ដើម្បី​សំដៅ​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​រីកចម្រើន​ប្រកបដោយ​និរន្ដរភាព​នៃ​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​នេះ​។​

​លោកបាន​បញ្ជាក់ថា ដោយសារតែ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​គឺជា​ច្រកទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់​សម្រាប់​ដោះដូរ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្មរ​បស់​កម្ពុជា ទៅកាន់​ទីផ្សារ​តំបន់ និង​អន្ដរជាតិ ដូច្នេះ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​គឺជា​ចំណត ផែ​យ៉ាងសំខាន់​ដែល​ស្ថិត​នៅជាប់​នឹង​ផ្លូវជាតិ​លេខ​១ ដែល​ផ្លូវជាតិ​នេះ មាន​ភាពងាយស្រួល​ការធ្វើ​ចរាចរ ជាពិសេស​រថយន្ដ កុងតឺន័រ​ចេញ ចូល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​មកកាន់​កំពង់ផែ​។​

​ចំណែកលោក ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយកកំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​បញ្ជាក់ថា ការបង្កើត​ចំណត​ផែ​កុងតឺន័រ LM១៧ គឺ​ដើម្បី ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ ឆ្លើយតប​នឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់ មាន​ជា​បន្តបន្ទាប់​លើសពី​សមត្ថភាព ដែល​ចំណត​ផែ​ថ្ម TS៣ មាន ហើយ​ដែល​ពុំ​អាចធ្វើ​ការពង្រីក​ទៀត​បា​ន ទោះបីជា​យើង​បាន​ខិតខំបង្កើត ទីលាន​ស្តុក​កុងតឺន័រ (ICD)​ដែលមាន​ទំហំ​ផ្ទៃដី ៩,៣ ហិកតា សម្រាប់​ស្តុក​ទាំង​កុងតឺន័រ​មាន​ទំនិញ និង សំបក​កុងតឺន័រ​។ ដូចនេះហើយ ទើប​នៅ​ឆ្នាំ​២០១១ ទើប​កំពង់ផែ​ស្វយ័ត​ភ្នំពេញ យើង​បានសម្រេច​ធ្វើការ​វិនិយោគ​លើ​ការ ពង្រីក​ចំណត​ផែ​កុងតឺន័រ LM១៧ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅលើ​ផ្ទៃដី​ទំហំ ១០ ហិកតា ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ ១៥០ ០០០ TEUs ក្នុង​មួយឆ្នាំ ដោយ​ប្រើប្រាស់​ទុនវិនិយោគ​ដែល​បានមកពី​កម្ចី​ឥណទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ទឹកប្រាក់ ប្រមាណ ២៨ ៩០០ ០០០ ដុល្លារ​អាមេរិក (​ដោយ​ពុំទាន់​រាប់បញ្ចូល​គ្រឿងចក្រ​លើកដាក់​ទំនិញ​)​។ លើសពីនេះ ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​២ លើ​ទំហំ​ផ្ទៃដី ៤,៥ ហិកតា នៅ​ឆ្នាំ​២០១៨ ដែល​បង្កើន​សមត្ថភាព​ផ្ទុក​កុងតឺន័រ ១៥០ ០០០ TEUs ក្នុង​មួយឆ្នាំ​បន្ថែមទៀត ដោយ​ប្រើប្រាស់​ទុនវិនិយោគ ដែល​បានមកពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ ដើម្បី​ពង្រីក​សមត្ថភាព​បន្ថែម ចំណត​ផែ​កុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ”EUs ក្នុង​មួយឆ្នាំ សំដៅ​ឆ្លើយតប​នឹង​កំណើន​កុងតឺន័រ ឆ្លងកាត់​មាន​ជា​បន្តបន្ទាប់ លើសពី​សមត្ថភាព​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​១​។​

លោក​បន្តថា បន្ទាប់ពី​ការ សាងសង់​ទីលាន​ជំហាន​ទី​៣ ដំណាក់កាល​ទី​១​នេះ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​អនុវត្ត ផែនការ​បន្ទាប់ នោះ​គឺ​ការអភិវឌ្ឍ​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​៣ ដំណាក់កាល​ទី​២ (២០២២-២០២៣) ដោយ​ធ្វើការ​ពង្រីក​ទីលាន​ផ្ទុក​កុងតឺន័រ​បន្ថែម និង​ការបំពាក់ RTG ចំនួន ៤​គ្រឿង លើ​ផ្ទៃដី​សរុប​ទំហំ ២,៧៥ ហិកតា ដែល​អាច​បង្កើន​សមត្ថ​ភាព ១០០០០០ TEUs ក្នុង​មួយឆ្នាំ ដែល​នឹង​នាំឱ្យ​សមត្ថភាព​ផ្ទុក​កុងតឺន័រ​សរុប​របស់​ចំណត​ផែ​កុងតឺន័រ LM១៧ មាន​ចំនួន ៥០០ ០០០ TEUs ក្នុង មួយឆ្នាំ​។

​សូមបញ្ជាក់ថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ បានចាប់ផ្ដើម​សាងសង់​ចំណត​ផែ​កុងតឺន័រ​ក្នុងជំហាន ទី​១ ចាប់តាំងពី​ឆ្នាំ​២០១១​មក ដោយ​ចំណាយ​ថវិកា​ប្រមាណ​២៨.៩​លាន​ដុល្លារ ដែលមាន​សមត្ថភាព​អាច​ផ្ទុក​កុងតឺន័រ​បាន​១៥​ម៉ឺន TEUs ក្នុង​មួយឆ្នាំ ហើយ​គម្រោង​ក្នុង​ជំហាន​ទី​២ ចំណាយ​ថវិកា​ប្រមាណ​៩​លាន​ដុល្លារ និង​មាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​បាន​ចំនួន​៣០​ម៉ឺន TEUs​។ ចំណែក​គម្រោង​ទី​៣ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៣៥​លាន​ដុល្លារ ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​រហូតដល់​៥០​ម៉ឺន TEUs ក្នុង​មួយ ឆ្នាំ​៕​សរន

(រូបថត រដ្ឋបាលខេត្តកណ្តាល)