ដោយៈ​សុផល​/​ភ្នំពេញ​: ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជានា​ថ្ងៃទី​២០ ខែកញ្ញា​នេះ បាន​បន្ត​សម័យប្រជុំ​លើក​ទី​៧ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​របស់​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន ប្រធានស្តីទី​ព្រឹទ្ធសភា​។​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៣៨​រូប​។​

​អង្គ​ប្រជុំបាន​ដំណើរការ​ដោយមាន​របៀបវារៈ​ចំនួនប្រាំបួន ដូចខាងក្រោម​៖
​របៀបវារៈ​ទី​១៖​ការប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤ ។​
​យោងតាម​សេចក្តីសម្រេច​លេខ ១៨៥​គ​.​ជ​.​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត និង​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ លោកស្រី ទេ​ព្វ សំ​អូន ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​សមាជិកា​ព្រឹទ្ធសភា នីតិកាល​ទី​៤ មណ្ឌល​ភូមិភាគ​ទី​៦ (​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​) ជំនួស​លោក សុខ យា​ត ដែល បានទទួល​មរណភាព​។
​លោកស្រី ទេ​ព្វ សំ​អូន សមាជិកា​ព្រឹទ្ធសភា​ថ្មី​ត្រូវធ្វើ​សច្ចាប្រណិធាន​មុនពេល​ចូលកាន់​តំណែង​។​

​របៀបវារៈ​ទី​២៖ ការបោះឆ្នោត​ជ្រើសរើស​បំពេញ​សមាជិក​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង​ទេសចរណ៍ ព្រឹទ្ធសភា នីតិកាល​ទី​៤​។​
​លោក អ៊‍ឹ​ង លាង​ហ៊ួ សមាជិក​ព្រឹទ្ធសភា ត្រូវបាន​សម័យប្រជុំ​លើក​ទី​៧​ព្រឹទ្ធសភា នីតិកាល​ទី​៤ បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង​ទេសចរណ៍ នៃ​ព្រឹទ្ធសភា ដោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៣៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បើកផ្លូវ​ឱ្យមាន​ការតែងតាំង​អគ្គ​-​សវន​ករ និង​អគ្គសវនកររង​ជាថ្មី នៅពេលដែល​អាណត្តិ​៥(​ប្រាំ​)​ឆ្នាំ​ត្រូវ​បានបញ្ចប់ ដើម្បី​ទទួលស្គាល់​គុណ​តម្លៃ​នៃ​អគ្គសវនករ និង​អគ្គសវនកររង​ដែលមាន​គុណវុឌ្ឍិ ស្នាដៃ បទពិសោធន៍ សមត្ថភាព កិច្ចសហការ និង​ការទទួលខុសត្រូវ​ខ្ពស់​លើ​ការដឹកនាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩៤​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦​។​
​លោកអគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៤៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើក ចំហ មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​ទុកជាមុន​បាន​ប្រកបដោយ​ភាព​អំណោយផល​សម្រាប់​កា​រវិ​និ​- យោគ ដើម្បី​ទាក់ទាញ និង​លើកកម្ពស់​ការវិនិយោគ​ដោយ​បុគ្គល​សញ្ជាតិ​ខ្មែរ ឬ​បរទេស​ប្រកបដោយ គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល សំដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបង្កើត​របប​លើកទឹកចិត្ត​វិនិយោគ​មួយ​ដែលមាន​តម្លាភាព ភាព​អាច​ប៉ាន់ប្រមាណ​ទុកជា មុន​បាន គ្មាន​ការរើសអើង មាន​លក្ខណៈ​ប្រកួតប្រជែង និង​គាំទ្រ​គោលនយោបាយ​សង្គម សេដ្ឋកិច្ច​។ ក្នុងនោះ​ជា​អាទិភាព​៖
-​ការធ្វើ​ទំនើបកម្ម ការបង្កើន​ផលិតភាព​នៃ​ឧស្សាហកម្ម​ក្នុងស្រុក ការពង្រឹង​ការតភ្ជាប់​ទៅក្នុង​ខ្សែ​
​សង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​សកលលោក តាមរយៈ​ការជំរុញ​កំណើន​រំហូរ​ចូល​មូលធន ការផ្ទេរ​បច្ចេក​-
​វិទ្យា ចំណេះដឹង និង​ចំណេះធ្វើ​។​
-​ការបង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​ធ្វើឱ្យ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច អាចធ្វើ​ពិពិធ​កម្មបាន និង​ធន់​ទៅនឹង​វិបត្តិ​ក្នុង​តំបន់​និង​សកលលោក​។ ការផ្តល់​ការការពារ​នូវ​សិទ្ធិ និង ផលប្រយោជន៍​ស្របច្បាប់​ដល់​វិនិយោគិន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែលមាន លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​តុល្យភាព​ស្របទៅនឹង​ផលប្រយោជន៍​ជាតិ​។​
​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ១២​ជំពូក និង​៤២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជា​- ណា​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦​។​
​លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៥៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ពៀង​អាស៊ាន​បូក​បី​ស្តីពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់ ។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​ដើម្បី​ប្រើប្រាស់​ជា​យន្តការ​ពង្រឹង​សន្តិសុខ​ស្បៀង ការ កាត់បន្ថយ​ភាពក្រីក្រ និង​ការលុបបំបាត់​កង្វះ​អាហារូបត្ថម្ភ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង ប្រទេស​បូក​បី (​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​) ដោយ​មិន​ប៉ះពាល់ ដល់​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ទូទៅ​នោះឡើយ​។​

​ព្រះរាជាណាចក្រ​កម្ពុជា​បាននិងកំពុង​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ដូចជា ការពង្រឹង​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​លុបបំបាត់​កង្វះ​អាហារូបត្ថម្ភ ជាពិសេស​ទទួលបាន​អង្ករ​ដើម្បី​ចែកជូន​ប្រជាជន​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ចាប់តាំងពី​ឆ្នាំ​២០០៧ រហូតដល់​ឆ្នាំ​២០២០ កន្លងមកនេះ​។​
​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ៣​មាត្រា ដោយឡែក​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ច​
​ព្រមព្រៀង​អាស៊ាន​បូក​បី​ស្តីពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់ មាន​២​មាត្រា និង​មាន​ឧបសម្ព័ន្ធ​ចំនួន​២ ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩២​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦​។​

​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៦៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១២៣ មាត្រា ១៣៨ មាត្រា​១៦២ មាត្រា​៣០០ មាត្រា​៣៤៣ មាត្រា​៣៥០ មាត្រា​៣៦៣ និង​មាត្រា​៣៦៧ នៃ​ច្បាប់​ស្តីពី​ការងារ ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម លេខ ជសរកម​/០៣៩៧/០១ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៧ ។​
​សេចក្តីព្រាងច្បាប់​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​៖
-​កែសម្រួល​វេន​ការងារ របៀប​ចែកពេល​ធ្វើការ​របស់​រោង​ចក្រ សហគ្រាស មិនត្រូវ​ឱ្យ​លើ​សថិរ​-​វេលា​ធ្វើការ​ពេញលេញ​នៃ​កម្មករនិយោជិត ក្នុង​១(​មួយ​)​ថ្ងៃ ដូច​មានចែង​ក្នុង​មាត្រា​១៣៧ នៃ​ច្បាប់​ស្តីពី​ការងារ​។​
-​ការពារ​អត្ថប្រយោជន៍​ជូន​កម្មករ និយោជិត​ធ្វើការ​នៅ​ថ្ងៃ​ឈប់​បុណ្យ ដោយមាន​ប្រាក់​ឈ្នួល​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​ផ្នែក​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​
-​លើកកម្ពស់​សិទ្ធិ​ការងារ និង​ធានាបាន​នូវ​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការពង្រីក​វិសាលភាព​សេវាកម្ម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្នុងការ​ដោះស្រាយ​វិវាទ បុគ្គល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភាគី វិវាទ និង​ការផ្តល់​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ដល់​អធិការ​ការងារ​ឱ្យ​ពិនិត្យ​បទល្មើស នៃ​ច្បាប់​ស្តីពី​ការងារ ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ស្របតាម​ភារកិច្ច​ដែល​មន្ត្រី​អធិការកិច្ច​ការងារ ត្រូវធ្វើ និង​បាន​កំពុង​ធ្វើ​។​

​សេចក្តីព្រាងច្បាប់​នេះ ពិតជា​បានរួម​ចំណែក​ក្នុងការ​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​ទៅនឹង​ការវិវត្ត​ ផ្នែក​សង្គម សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក ដូច​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ស្របតាម​ប្រក្រតីភាព​នៃ​គន្លង​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជាការ​ឆ្លុះបញ្ចាំង នូវ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការគោរព​សិទ្ធិ​ការងារ ការផ្តល់​ទំនុកចិត្ត​ដល់​សាធារណជន អន្តរជាតិ និង​ការបង្កើន​នូវ​រំហូរ​នៃ​ការវិនិយោគ​របស់​ផ្នែក​ឯកជន​បាន​កើន​ឡើងជា​បន្តបន្ទាប់​។​
​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៧៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ។​
​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​នេះ មាន​គោលបំណង​បង្កើត​បរិ​យា​ ​កាស​ពាណិជ្ជកម្ម និង​វិនិយោគ​បើកចំហ ដើម្បី​សម្រួល​ដល់​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ និង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សកលលោក​។ កិច្ចព្រមព្រៀង​នេះ​នឹង ដំណើរការ​ទន្ទឹមគ្នា ព្រមទាំង​គាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ប្រកបដោយ​បរិ​យា​ប័ន្ន និង​ផ្អែកលើ​គោលការណ៍​ច្បាប់​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ក្លាយជា​ក្របខ័ណ្ឌ​ស្នូល​សម្រាប់​ការធ្វើ​ពាណិជ្ជ​- កម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់ ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​ខ្សែក្រវាត់ តម្លៃ​តំបន់ និង​នាំមក​នូវ​ឱកាស ទីផ្សារ និង​ការងារ​សម្រាប់​អា​ជីក​ម្ម​និង​ប្រជាជន​នៅក្នុង​តំបន់​ផងដែរ​។

​កិច្ចព្រមព្រៀង​នេះ មាន​សារសំខាន់​ក្នុងការ​ផ្ដល់ឱកាស​ដល់​ប្រទេស​ក្នុង​តំបន់ ដើម្បី​ការពារ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែលមាន​សារៈសំខាន់​ខ្លាំង ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​កូ​វីដ​១៩​។ កិច្ចព្រមព្រៀង​នេះ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៍​ធំ​បំផុត​ក្នុង​ពិភពលោក ដោយមាន​ប្រជាជន​ប្រមាណ ២២០០​លាន​នាក់ ឬ​៣០% នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក​។ ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ទ្រី​លាន​ដុល្លា​អាមេរិក ឬ​៣០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​មាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក​ទាំងមូល​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ផ្លាស់ប្ដូរ
​និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ស្រប​នឹង​យុទ្ធសាស្ត្រ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ពី​វិបត្តិ​កូ​វីដ​-១៩​របស់​កម្ពុជា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ និង​ក្របខណ្ឌ​គោល​- នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ ។ ការ​ព​ន្លឿ​ន​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាពិសេស​តាមរយៈ​កិច្ចព្រមព្រៀង​នេះ អាច​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ទីផ្សារ​ធំៗ​។
​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩៤​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៨៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​សេចក្តីព្រាងច្បាប់​នេះ រៀបចំឡើង​ដើម្បី​ធ្វើ​សេរីភាវូបនីយកម្ម​និង​សម្រួល​ពាណិជ្ជកម្ម​ទំនិញ​រវាង​ភាគី​ទាំងពីរ​តាមរយៈ​ការកាត់បន្ថយ និង​លុបបំបាត់​ពន្ធគយ​និង​របាំង​មិនមែន​ពន្ធគយ ដោយ​ធានាថា​ស្តង់ដា បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយតម្លៃ​អនុលោមភាព មិន​បង្ក​ជា​ឧបសគ្គ​ដល់​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​សំដៅ​ការធ្វើ​សេរីភាវូបនីយកម្ម និង​សម្រួល​ពាណិជ្ជកម្ម​សេវាកម្ម​ឱ្យបាន​ច្រើន​វិស័យ និង​បែបបទ​នៃ​ការផ្គត់ផ្គង់​សេវា ការសម្រួល ការពារ ជំរុញ និង​ទាក់ទាញ​វិនិយោគ ការធ្វើ​ពិពិធ​កម្ម និង​លើកកម្ពស់​ការតភ្ជាប់​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ភាគី​ទាំងពីរ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ព្រម​ទាំង​បង្កើត​រចនាសម្ព័ន្ធ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង និង​កំណត់​យន្តការ​ដោះស្រាយ​វិវាទ​។​
​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​៩
​ខែកញ្ញា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៩៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រកួតប្រជែង​។​
​សេចក្តីព្រៀងច្បាប់​នេះ ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​នៃ​ប្រព័ន្ធ​ច្បាប់​នៅលើ​ពិភពលោក ក្នុង ការគ្រប់គ្រង​ទីផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​រីកចម្រើន លើកកម្ពស់​ឧត្តមភាព និង​ជំរុញ​នវានុវត្តន៍​។​
​សេចក្តីព្រាងច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ធ្វើ​សកម្មភាព​ធុរកិច្ច ឬ​សកម្មភាព​គាំទ្រ​ដល់​ធុរកិច្ច ដែល​រារាំង រឹតត្បិត ឬ​បង្ខូច​ដល់​ការប្រកួតប្រជែង​គួរឱ្យកត់សម្គាល់​ក្នុង​ទីផ្សារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​សកម្មភាព​នោះ​មាន​ប្រភព​នៅក្នុង ឬ​នៅក្រៅ​ប្រទេស​ក៏ដោយ​។ សេច​-​ក្តី​ព្រាង​ច្បាប់​នេះ អនុវត្ត​ចំពោះ​រាល់​បុគ្គល​ទាំងឡាយ ដែល​ធ្វើ​សកម្មភាព​គាំទ្រ​ដល់​ធុរកិច្ច ទោះបី​ក្នុង​គោលបំណង​ស្វែងរក​ប្រាក់ចំណេញ មិន​ស្វែងរក​ប្រាក់ចំណេញ ឬ​ក្នុង​គោលបំណង​សប្បុរសធម៌ និង​ទោះបី​បុគ្គល​ទាំងនោះ មាន​ទម្រង់​ជា​កម្ម​សិទ្ធ​ឯកជន ឬ​ជា​កម្ម​សិទ្ធ​រដ្ឋ​ក៏ដោយ​។​
​សេចក្តីព្រាងច្បាប់​នេះ មានគុណ​ប្រយោជន៍​ក្នុងការ​ការពារ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ឱ្យធ្វើ​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​ស្មោះត្រង់ បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ទាក់ទាញ​វិ​និ​-​យោគ​ក៏ដូចជា​ការបង្កើត​ធុរកិច្ច​ថ្មីៗ​ឱ្យបាន​ច្រើន ការពារ​សេដ្ឋកិច្ចជាតិ​ពី​ផលប៉ះពាល់​ដែល​បណ្តាល មកពី​ការព្រមព្រៀង​មិន​ស្របច្បាប់ សកម្មភាព​បំពាន​ដោយ​ប្រើ​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ និង​ការរួម បញ្ចូល​គ្នា​នៃ​ធុរកិច្ច​ទាំងឡាយណា​ដែលមាន ឬ​អាចមាន​អានុភាព​រារាំង​រឹតត្បិត ឬ​បង្ខូច​ដល់​ការប្រកួត ប្រជែង​ដែល​គួរឱ្យកត់សម្គាល់​នៅលើ​ទីផ្សារ និង​ការការពារ​សុខុមាលភាព​អ្នកប្រើប្រាស់​ឱ្យទទួល​បាន ទំនិញ​និង​សេវា​មាន​គុណភាព​ខ្ពស់ ថ្លៃ​ទាប សម្បូរបែប និង​មាន​ជម្រើស​ច្រើន​។

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៧​ជំពូក និង ៤១​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជា​-
​ណា​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៣៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕សរន