​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០២១ លោក ណៅ ធួ​ក រដ្ឋលេខាធិការ នៃ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ជលផល ៣ ខេត្ត គឺ​ខេត្តកំពង់ឆ្នាំង កំពង់ធំ និង​កំពង់ចាម សហការ​ជាមួយ​សហគមន៍​នេសាទ ចុះបង្ក្រាប​បទល្មើស​នេសាទ ដោយ​រុះរើ បំផ្លាញចោល របាំង​សាច់​អួន និង​របាំង​ស្បៃ​មុង នៅក្នុង​ភូមិសាស្ត្រ នៃ​ព្រំប្រទល់ នៃ​ខេត្ត​ទាំង ៣ នោះ ។

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង និង រដ្ឋបាល​ជលផល ខាងត្បូង​បឹង​ទន្លេសាប និង​ខាងជើង​បឹង​ទន្លេសាប ក៏បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះដែរ​។​

​នៅក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ ប្រើប្រាស់​កម្លាំង​សរុប ៦៨ នាក់ មធ្យោបាយ​ធ្វើ​សកម្មភាព កាណូត ទូក​ស្មាច់ តូច ធំ ១២​គ្រឿង ដោយ​បង្ក្រាប​បទល្មើស​ជលផល នៅ​ព្រំប្រទល់ ៣ ខេត្ត ជា​លទ្ធផល បាន​រុះរើ​បំផ្លាញចោល របាំង​ស្បៃ​មុង ចំនួន ៣៥ កន្លែង ប្រវែង ២៦០០​ម៉ែត្រ លូ​ស្បៃ​មុង ៣៥ គ្រឿង បង្គោល ៥០០ ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ ប្រមាណ ៣០០ គីឡូក្រាម ទៅក្នុង​ទន្លេ​វិញ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ លោក ណៅ ធួ​ក ក៏បាន​ចុះ​ពិនិត្យមើល ទីតាំង​តំបន់​អភិរក្ស​ទី ៧ អតីត​ឡូត៍​លេខ ១០ ចាស់ និង​បាន​នាំយក​គ្រឿង​ឧបភោគបរិភោគ ទៅ​ឧបត្ថម្ភ​ដល់​កម្លាំង​យាមកាម នៅ​ទីនោះ​ផងដែរ ។​

​លោក​រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រូបនេះ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរដ្ឋបាល ជលផល មាន​ខណ្ឌ ផ្នែក សង្កាត់ រួម​នឹង​សហគមន៍​នេសាទ​ទាំងអស់ ត្រូវ​រួមគ្នា យកចិត្តទុកដាក់ ការពារ​យាមកាម តំបន់​អភិរក្ស អោយបាន​ម៉ឺងម៉ាត់ ដោយ​ធ្វើយ៉ាងណា រក្សា​ការពារ​និរន្តរភាព ពូជ​ត្រី អោយបាន​គង់វង្ស ដើម្បី​សម្រាប់​កូនចៅ ជំនាន់​ក្រោយ​៕/V​