​ដោយ​: ភ្នំ​ខៀវ / ប៉ៃលិន​÷ យុវជន ១​នាក់ បើក​ម៉ូតូ​មិន​ប្រយ័ត្ន បាន​បុក​គោយន្ត​ពីក្រោយ ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។​

​នគរបាល​ចរាចរណ៍​ក្រុងប៉ៃលិន បាន​ប្រាប់​ឲ្យ​ដឹងថា​÷ គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ ជាមួយនឹង​គោយន្ត លក់​គ្រឿង​សង្ហា​រឹម​នេះ បានកើត​ឡើង នៅ​ព្រលប់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​កំណាត់​ផ្លូវជាតិ​លេខ ៥៧ ស្ថិតក្នុង​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា​÷ ជនរងគ្រោះ​ស្លាប់ មានឈ្មោះ ស៊ា​ង អុ​ី អាយុ ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ មុនពេល​កើតហេតុ យុវជន​រងគ្រោះ បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់់​ផ្លាកលេខ ភ្នំពេញ ១II-៥៨៣១ ក្នុង​ល្បឿន​លឿន ពី​ទិស​ខាងត្បូង ទៅខាង​ជើង ដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​ពីក្រោយ​គោយន្ត ដែល​កំពុង​បើកបរ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​កៀប​ម៉ូតូ ជាប់​នៅក្រោម​គោយន្ត រួច​ប៉ើង​មនុស្ស បែកក្បាល ស្លាប់​ភ្លាមៗ​តែម្តង​។​

​ចំណែកឯ​ភាគី​ខាង​គោយន្ត​កន្ត្រៃ ឈ្មោះ ឡាញ់ វុ​ធ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ លក់​គ្រែ រស់នៅ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ បើកបរ​គោយន្ត​កន្ត្រៃ និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ ទួន អេ​ន ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ជា​ប្រពន្ធ ទាំង ២ នាក់ មិនមាន​របួសស្នាម​ឡើយ​។​

​ប្រភព​ដដែល បាន​បន្ថែមទៀតថា​÷ គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បណ្តាល​ពី​កត្ដា​មនុស្ស បើកបរ​លើស​ល្បឿន កំណត់​។ ភ្លាមៗ សមត្ថកិច្ច​ជំនាញ បាន​ចុះ​វាស់ និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សាកសព ទៅ​ឲ្យ​សាច់ញាតិ ។ ចំណែក​មធ្យោបាយ ជា​វត្ថុតាង​នាំយកទៅ​រក្សាទុក នៅ​ការិយាល័យ​ខេត្ត រង់ចាំ​ការដោះស្រាយ ពេល​ក្រោយ​៕​/V