ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ិច រតនា ប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានអះអាងថា សាលាសាធារណៈតំបន់ ដែលមានហានិភ័យទាប បានបើកដំណើរការ បង្រៀនជំហ៊ានទី១ ចំនួន ១០៩ សាលា ក្នុងចំណោមសាលារដ្ឋ សរុបចំនួន ២៥៧ សាលា បន្ទាប់ពីបានផ្អាកការសិក្សាមួយរយៈ ដោយស្ថានភាពជំងឺកូវីដ-១៩។
លោក ប៉ិច រតនា បានបន្តថាៈ ការបើកឲ្យដំណើរការ សាលាជំហ៊ានទី១នេះ គឺមានតែសិស្សកម្រិត ថ្នាក់វិទ្យាល័យ និងថ្នាក់អនុវិទ្យាល័យ (ទី៩ និងទី១២) ដោយអនុវត្តន៍តាមគោលការណ៍ វិធានការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សិស្សានុសិស្ស អង្គុយរក្សាគម្លាត លាងសម្អាតដៃ មុនចូលបន្ទប់រៀន ។ល។ ហើយសាលាផ្សេងទៀត ដែលមិនទាន់បើកដំណើរការ បន្តអនុវត្តការរៀន តាមអនឡាញ តាមបែបចម្រុះ និងចែកសន្លឹកកិច្ចការដដែល។
លោកបានបញ្ជាក់ថាៈ ខេត្តឧត្តរមានជ័យ មានសាលាចំនួន ២៥៧ ទីតាំង វិទ្យាល័យចំនួន ៩ ទីតាំង អនុវិទ្យាល័យ ចំនួន ៣០ ទីតាំង និងសាលាបឋម ចំនួន ២១៨ ទីតាំង ។ សិស្សវិទ្យាល័យ អនុវិទ្យាល័យ បឋម មតេ្តយ្យ សរុបចំនួន ៥.៥៩០៦ នាក់ ស្រីចំនួន ២.៥៨៧ នាក់។
សូមរំលឹកថា ការបើកដំណើរការ សាលាបង្រៀន លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានចុះពិនិត្យមើល ដំណើរការនេះដែរ ណែនាំផ្តាំផ្ញើ ដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់ តាមដំបូន្មាន លោកគ្រូ អ្នកគ្រូ ជាពិសេស ត្រូវថែរក្សាអនាម័យ ជាប្រចាំ រក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំអោយមាន ការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ៕/V