ដោយៈ បូកគោ / កំពត​: ចាស់ជរា ទុរគតជន ព្រមទាំង​ពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់ ដោយ​វិបត្តិ​កូ​វីដ​-១៩ ប្រមាណ​ជាង ១០០ គ្រួសារ ក្នុងស្រុក​ទឹកឈូ កាលពី​ព្រឹក ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ បានទទួល​អំណោយ មនុស្សធម៌ កាកបាទក្រហមកម្ពុជា សាខា​ខេត្តកំពត​។​

​នាឱកាស​ចូលរួម ក្នុង​ពិធី​ខាងលើ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត បាន​មាន​ប្រសា​ន៍​ថាៈ ជានិច្ចកាល សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​គិតគូរ​ពី សុខទុក្ខ ប្រជាពលរដ្ឋ ជួប​ការលំបាក អ្នកមាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ ដោយ​គ្រោះ​មហន្ត រាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ណាមួយ​ឡើយ​។ ក្នុងដំណាក់កាល​នេះ សូម​បងប្អូន​ទាំងអស់ ប្រកាន់យក​នូវ​ភាព​អនាម័យ ដោយ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ខិតខំ​ប្រក​បរបរ ចិញ្ចឹមជីវិត តាមរយ​:​ការដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព គ្រួសារ ឱ្យ​កាន់តែ​ប្រសើរឡើង​។

​លោក​អភិបាលខេត្ត បាន​ក្រើន​រំលឹកថាៈ ទោះបី​បាន​ចាក់​វាក់​សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ រួចរាល់​ក្តី ក៏​បងប្អូន ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន ពិសេស​ត្រូវគោរព​តាម​វិធានការ​នានា របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ កន្លងមក​៕/V​