ដោយៈប.ជ័យ/បន្ទាយមានជ័យៈដំឡូងមីរាប់ពាន់ហិកតាបានរងផលប៉ះពាល់,រាប់រយហិកតាបានខូចខាតដោយជំនន់ទឹកភ្លៀងនិងដោយសារភ្លៀងធ្លាក់រណ្តំក្នុងជុំទី៣មកនេះ។ចំណែកផ្លូវលំជនបទបានរងគ្រោះប៉ះពាល់និងខូចខាតមួយចំនួនដែរ ។នេះបើតាមលោក អែម សុខា អភិបាលស្រុកថ្មពួកប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២០ខែកញ្ញា ។

លោកបញ្ជាក់ថា ឃុំដែលរងគ្រោះជាងគេ គឺបន្ទាយឆ្មារ គោករមៀតនិងគោកកឋិន។ ឯបីឃុំទៀត នៃស្រុកនេះក៏រង ផលប៉ះពាល់ដែរ ។ លោកបន្តថាក្នុងភ្លៀងធ្លាក់ជុំទី២កន្លងមក។ បើយោងការិយាល័យកសិកម្មនៃរដ្ឋបាលស្រុកគឺដំឡូង មីបានប៉ះពាល់មានតែជាង១.៥០០ហិកតានិងខូចខាតជិត១.០០០ហិកតាប៉ុណ្ណោះ ហើយទឹកក៏បានស្រកស្រុកចុះ ស្ទើរអស់ទៅហើយ។ប៉ុន្តែឥឡូវមានភ្លៀងធ្លាក់មេធំៗផង ក៏បង្កលិចលង់និងជោកជាំ ហើយប៉ះពាល់និងខូចខាតជាថ្មីដែរ ។ទោះជាយ៉ាងណា វាមិនបង្កអោយប៉ះពាល់ ខូចខាតដំណាំស្រូវ ដំណាំរួមផ្សំ បន្លែបង្ការ ដំណាំឆ្លងកាត់រដូវក៏ដូចជាជិវិត មនុស្សសត្វនៅឡើយ ។

ចំណែកលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន័ជនបទខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងកន្លង មកនេះ បង្កលិចលង់ផ្លុវ៦ខ្សែ ប្រវែង២៩គីឡូម៉ែត្រ ខូចខាតពីរគីឡូម៉ែត្រ។ក្នុងនោះមានផ្លូវលំជនបទ ថ្មពួក ថ្នល់ដាច់, កុងសៀម ណាំតៅ ធ្មេញត្រីស្រុកភ្នំស្រុកទៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនខេត្តបន្ទាយមានជ័យឬ តំបន់២២២២(ការ៉េ២) ព្រំប្រទល់បីស្រុក(ភ្នំស្រុកស្វាយចេកនិងថ្មពួក ) ជាដើម ៕សរន