ដោយ៖ដេប៉ូ /ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានថ្លែងថាឡដុតសំរាមសំណល់រឹងដែលជាការផ្តល់ជូនរបស់ក្រសួងបរិស្ថានដល់រដ្ឋបាលខេត្តកែបមិនត្រឹមតែជាសមិទ្ធផលថ្មីសន្លាងមួយទៀតនៅលើទឹកដីខេត្តកែបទេ តែជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់មធ្យោបាយគាំទ្របន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងអំឡុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឡដុតសំរាម សំណល់រឹង សំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័កមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាល និងមណ្ឌលសុខភាពនៅក្នុងខេត្តកែប ដោយលោក បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះនឹងចូលរួមសម្អាតអនាម័យបរិស្ថានខេត្តកែបឱ្យកាន់តែស្អាតនិងជាពិសេសគឺផ្តល់ភាពជឿជាក់របស់ពលរដ្ឋលើរដ្ឋបាលខេត្តក្នុងការគ្រប់គ្រងបានល្អលើសំណល់ចេញពីមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។

លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់ថាបច្ចុប្បន្នរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកែបបានសម្របសម្រួល និងរៀបចំទីតាំងសម្រាប់ដំឡើងឡដុតសំរាមសំណល់រឹងដែលមានសត្ថភាពដុតកម្ទេចសំរាមសំណល់រឹងចន្លោះពី ៥ តោនទៅ៧ តោនក្នុងមួយថ្ងៃដើម្បីបម្រើឱ្យការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ លោក រដ្ឋលេខាធិការក៏បានថ្លែងថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

តាមការបញ្ជាក់ឡដុតសំរាមសំណល់រឹងនៅខេត្តកែបនេះគឺជាឡ ១ ក្នុងចំណោមឡចំនួន ៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់ ក្រុងស្រុកនិងអង្គភាពចំនួន ៥៤ ក្នុងរាជធានី-ខេត្តចំនួន ២០។ ក្រសួងបរិស្ថានបាននិងកំពុងបន្តបំពាក់ឡដុតសំរាមសំណល់រឹង នេះនៅតាមបណ្តាទីតាំងមួយចំនួនទៀតដែលមានភូមិសាស្ត្រឆ្ងាយពីទីលានចាល់សំរាម ឬតម្រូវការចាំបាច់។

បើតាមការបញ្ជាក់របស់ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ឡដុតសំណល់រឹងសំរាមដែលបានដំឡើងរួចបាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័កខណៈឡទាំងនេះ គឺជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានាទូទាំងប្រទេសកម្ពុជា។

លោក បានថ្លែងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោករដ្ឋលេខាធិការបានថ្លែងថា “ចំពោះសំណល់វេជ្ជសាស្ត្រ បើយើងគ្រប់គ្រងមិនបានល្អទេវានឹងក្លាយជាគ្រាប់បែកមេរោគបំផ្លាញសុខភាពពលរដ្ឋ “។ យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង ២៥ សំរាម សំណល់រឹងដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩នៅទូទាំងប្រទេសកម្ពុជាមានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប មណ្ឌលគិរី បាត់ដំបង ហើយនៅថ្ងៃទី២០ ខែកញ្ញានេះ គឺខេត្តកែបបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការឡដុតសំរាមសំណល់រឹងដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការដុតកម្ទេចសំណល់វេជ្ជសាស្ត្រ សំណល់ផ្សេងៗទៀត ដែលត្រូវបានប្រមូលយកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។

លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់ថា ឡដុតសំរាមសំណល់រឹងនេះពិតជាមានភាពចាំបាច់សម្រាប់ខេត្ត កែបដើម្បីប្រើប្រាស់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់មកពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនឱ្យមានការបោះចោលពាសវាលពាសកាលឡើយ។ លោក បានថ្លែងថារដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ទាំងនេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្តកែប បានស្នើឱ្យរដ្ឋបាលក្រុងកែបដែលលទទួលភារកិច្ចក្នុងការគ្រប់គ្រងថែរក្សាឡដុតសំរាមនេះត្រូវ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ជាប្រយោជន៍ក្នុងការសម្អាតអនាម័យបរិស្ថាន។

ទាក់ទិនទៅនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឡដុតសំរាមសំណល់រឹងនេះដែរលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា ឡដុតសំរាមនេះ នឹងចូលរួមគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវសំរាមសំណល់រឹង សំណល់វេជ្ជសាស្ត្រដែលមាននៅក្នុងខេត្តកែប៕