ដោយៈ​ចាន់តូ​/​ភ្នំពេញ​: រថយន្ត​ស៊េរី​ទំនើប​ម៉ាក SSAM YONG STAVIC មួយគ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅបុក​ចូល​ផ្ទះ​លក់​ចាប់​ហ៊ួ​យ និង​លក់​កាហ្វេ ពេញទំហឹង បណ្តាល​ឲ្យ​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​កំពុង​ញាំ​មី រងរបួស​ជើង និង​ខូចខាត​សម្ភារៈ​មួយចំនួនធំ រួច​ព្យាយាម​បើក រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល បន្សល់ទុក​ស្លាក​លេខ​។ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ចន្ទ ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ច្រកចូល​វត្ត​សំរោង​អណ្ដែត ខាងលិច​ក្លោងទ្វា​ជិត​១០០​ម៉ែត្រ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ សែន​សុខ ។​

​រថយន្ត​រី​ទំនើប​បង្កហេតុ​មាន​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BG-៥១៨៨ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ជិត​ដល់​វត្ត​សំរោង​អណ្តែត​ទិសដៅ​ពី លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​បុក​ចូល​ផ្ទះ​ពេញទំហឹង​បណ្ដាលឱ្យ​កូនប្រុស​របស់គាត់​រង​របួស​ជើង និង​ខូចខាត​សម្ភារៈ​មួយចំនួនធំ​ដូចជា​ទូរ​លក់​កាហ្វេ ទ្វារផ្ទះ​និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនធំ​ទៀត​។ ​ភ្លាមនោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ បាន​ព្យាយាម​បើក​ត្រឡប់ក្រោយ​រត់ចេញ​កន្លែង​កើតហេតុ ខណ​: ក៏មាន​ប្រជាពលរដ្ឋ​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​រហូតដល់​ក្បែរ​វត្ត​សំរោង​អណ្ដែត ទើប​រថយន្ត​បង្ក​បាន​ជ្រុះ​ស្លាក​លេខ រួច​បាន​ព្យាយាម​បើក​រត់គេចខ្លួន បាត់ស្រមោល​។ បន្ទាប់មក​ប្រជាពលរដ្ឋ​បាន​យក ស្លាក​លេខ​រថយន្ត​មក​ទុក​នៅ​កន្លែងកើតហេតុ​វិញ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះមក​ពិនិត្យ​នៅ​កន្លែងកើតហេតុ​រួច​យក​ស្លាក​លេខ​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​សែន​សុខ បណ្ដោះអាសន្ន​រង់ចាំ​ម្ចាស់ផ្ទះ​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​រថ​យន្ត​បង្ក​មក​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​