ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាល​ក្រុង​សិរីសោភ័ណ ក៏​ប្រកាស​អោយ​ប្រុងប្រយ័ត្ន ពេល​ទឹកស្ទឹង​សិរីសោភ័ណ បន្ត​ហក់​ឡើង ក្នុងនោះ ទឹក​លិច​កាត់​ផ្លូវ និង​រាច​ពេញ​វាលស្រែ​ហើយ ពោលគឺ ក្រោយពី​ទឹក​ជំនន់​​ស្រុង ពី​ផ្នែក​ខាងលើ ពី​គ្រប់​ទិស និង​ពី​ភ្លៀង​ខ្លាំង ធ្លាក់​ជាប់​គ្នា ៣ ថ្ងៃ ។​

​ក្នុង​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ ក្រុង​សិរីសោភ័ណ ចុះ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ របស់​ដ្ឋ​បាល​ក្រុង​នេះ បានអោយដឹងថាៈ យោង​សេចក្តីជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ស្ថានភាព​ទឹកភ្លៀង នៅ​បន្ត​ធ្លាក់ ក្នុងភូមិ​សាស្ត្រ​ក្រុង រដ្ឋបាល​សូម​ជម្រាបជូន​ដល់​បងប្អូន​ពលរដ្ឋ រស់នៅ​បណ្តោយ​ដងស្ទឹង​សិរីសោភ័ណ និង​បងប្អូន​រស់នៅ​តំបន់ ដែល​តែងតែ​ប្រឈម​នឹង​ការលិចលង់ សូមមេត្តា​បង្ការ និង​ប្រុង​ប្រយូ​ត្ន​ខ្ពស់ ដោយ​ជំនន់​ទឹកភ្លៀង​នេះ អាច​នឹង​កើតមានឡើង​។​

​ឯម​ន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ពលរដ្ឋ បានអោយដឹង​ដែរ​ថាៈ មកទល់​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា​នេះ នៅ​ភូមិសាស្ត្រ តំបន់​ទំនាប​ជាយក្រុង នៃ​សង្កាត់​ទាំង ៧ របស់​ក្រុង ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​បន្ត លិចលង់​វាលស្រែ ទីធ្លា​លំនៅឋាន និង​ផ្លូវលំ​របស់​សង្កាត់ និង​ផ្លូវលំ​ជនបទ របស់​មន្ទីរ​អភិវឌ្ឍន៍ មួយចំនួន​។ អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏បាន​ចុះ​ពិនិត្យ វាយតម្លៃ និង​ត្រៀមលក្ខណៈ​ឆ្លើយតប​ហើយ

​បន្ថែម​លើ​នោះ នៅ​ថ្ងៃទី​២១ ខែកញ្ញា លោក ហឹ​ុ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​សូមឱ្យ​បងប្អូន ប្រជាពលរដ្ឋ មន្ត្រី​និង​អ្នកពាក់ព័ន្ធ ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ថែទាំ​សុខភាព សម្អាត​អនាម័យ​ជុំវិញខ្លួន កែប្រែ​ទម្លាប់​អវិជ្ជមាន និង​យកចិត្តទុកដាក់ ធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​ការពារ​ជំងឺឆ្លង​នានា​។ ចំពោះ​កសិករ ត្រូវ​រក​វិធី​ស្ទាក់​ទឹក​បញ្ចូល​ស្រែ ក៏ដូចជា​ស្តុក​ទឹក​ទុក​ជាដើម ។​

​លោក​បាន​បន្តថាៈ សូម​អាជ្ញាធរ​សង្កាត់ ភូមិ សហការ​នឹង​ថ្នាក់លើ បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ដោយ​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ ៕/V​