​​ដោយៈ​សុផល​/​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នេះ តាម​ប្រព័ន្ធ​វីដេអូ (ZOOM) សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​.) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​.)​។​

​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. បាន​ថ្លែងថា តាមរយៈ​ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច នៅក្នុង​ឆមាស​ទីមួយ​កន្លងមកនេះ សមត្ថកិច្ច​បាន​ពិន័យ​យានយន្ដ​ល្មើសច្បាប់​សរុប​ចំនួន​១០៥.៩៩៥​គ្រឿង​។

​លោកស្រី រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ទៀតថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ១.២៦១​លើក (​យប់​៥៤%) បណ្តាលឱ្យ​ស្លាប់ ៧០៩​នាក់ និង​របួស ១.៧៩២​នាក់ (​ធ្ងន់​១.០៤៦​នាក់​)​។ មូលហេតុ​បង្ក​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន​៣៤% បើកបរ​មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្តាំ​១៦% វ៉ា​ជែង​៨% បត់​៩% កត្តា​យានយន្ត​៣% ស្រវឹង​៣% និង​ងងុយ​១%​។ បើ​គិត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ​២០២០ ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៣៥៨​លើក ស្មើ​២២% (១២៦១/១៦១៩​លើក​) ចំនួន​អ្នកស្លាប់​ថយចុះ ១៥២​នាក់ ស្មើ​១៨% (៧០៩/ ៨៦១​នាក់​) និង​ចំនួន​អ្នករបួស​ថយចុះ ៦៥៧​នាក់ ស្មើ​២៧% (១៧៩២/២៤៤៩​នាក់​)​។​

​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២១ មាន​យានដ្ឋាន សរុប​ចំនួន
៤.៥៣២​កន្លែង (​មានច្បាប់ ៣.៩៧១​កន្លែង អត់​ច្បាប់ ៣៨០​កន្លែង​) បាន​បិទ​យានដ្ឋាន សរុប​ចំនួន ១៨១​កន្លែង​។​

​លោក រដ្ឋលេខាធិការ​ប្រចាំការ បាន​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចែក​ស្ទីក​យ័រ​ចំណាំងផ្លាត និង​មួកសុវត្ថិភាព​ដល់​អ្នក​បើកបរ​ទោចក្រយានយន្ត បន្ត​សិក្សា​ត្រួតពិនិត្យ​តំបន់​ដែលមាន​គ្រោះថ្នាក់​ញឹកញាប់ និង​កែលម្អ​ទីតាំង​ទាំងនោះ បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​ផ្លាកសញ្ញា​ចរាចរណ៍ សិក្សា និង​រៀបចំ​វិធានការ បំពាក់​ប្រព័ន្ធ GPS ​តាមដាន លើ​រថយន្ត​ដឹកទំនិញ ជំរុញ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវដែក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការខូចខាត​ផ្លូវថ្នល់ សហការ​ជាមួយ​អនុគណៈកម្មការ​ទី​២ ក្នុងការ​ត្រួតពិនិត្យ​យានយន្ត​ដែល​ផុត​សុពលភាព​ឈៀក
​បន្ត​ជួសជុល ថែទាំ និង​អភិវឌ្ឍ​ផ្លូវ​ស្ពាន​ដើម្បី​ធានា​និរន្តរភាព​និង​លើកកម្ពស់​ប្រសិទ្ធភាព​ចរាចរណ៍​ដឹកជញ្ជូន ដើម្បី​កំណើនសេដ្ឋកិច្ច និង​សង្គម​។​

​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​វាយតម្លៃថា តាមរយៈ​លទ្ធផល​ប្រក​ដោយ​ភាព​វិជ្ជមាន​ខាងលើនេះ បាន​ពិនិត្យឃើញថា
​មាន​កត្តា​សំខាន់ៗ​ជាច្រើន ដែល​បាន​ជំរុញ​វឌ្ឍនភាព​នៃ​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដូចជា​៖ ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​ធ្វើ​បច្ចុប្បន្ន​ភាពជា​បន្តបន្ទាប់​នូវ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​, ការជំរុញ​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​បាន​ទាន់ពេលវេលា​ពី​សំណាក់​រាជរដ្ឋាភិបាល ​ដែលមាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ជា​សេនាធិការ​។​សម្ដេច​ក្រឡាហោម បាន​បន្ដថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​យន្តការ​ពាក់ព័ន្ធ ដោយបាន​ចាត់តាំង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​របស់ គ​.​ស​.​ច​.​គ​. ​ប្រកបដោយ​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់ មាន​ភាពរស់រវើក និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​, មានការ​ចូលរួម​គោរព ​និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាងច្រើន​កុះករ ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ ជាពិសេស​នោះ ​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស អង្គការ​ជាតិ និង​អន្តរជាតិ ក្នុងការ​ផ្ដល់ជំនួយ​បច្ចេកទេស និង​សម្ភារៈ ​លើ​វិស័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង បាន​គាំទ្រ និង​ឯកភាព​ចំពោះ​ទិសដៅ​ឆមាស​ទី​២ ដែល​បាន​ដាក់ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. និង​ស្នើ​ឱ្យមាន​យន្ដការ​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ យកចិត្តទុកដាក់​បន្ថែ​ម​លើ​កិច្ច​ការសំខាន់ៗ មួយចំនួន ដូចជា ៖ អនុគណៈកម្មការ​ទី​១ ត្រូវ​យកចិត្តទុកដាក់​ថែមទៀត​ក្នុង​ការបំពាក់​ភ្លើងស្តុប ផ្លាកសញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ ដើម្បី​ធានា​ឱ្យ​ផ្លូវថ្នល់​មាន​សុវត្ថិភាព និង​ត្រូវ​បន្ត​គាំទ្រ​ដល់​ការបំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​អចល័ត​នៅតាម​ផ្លូវជាតិ​នានា តាមរយៈ​ការបញ្ចូល​គម្រោង​បំពាក់​នេះ​ទៅក្នុង​គម្រោង​កសាង ឬ​ជួសជុល​ផ្លូវ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា ​អភិបាល​រាជធានី​ខេត្ត​ត្រូវ​យកចិត្តទុកដាក់ បំពាក់​ភ្លើងស្តុប ផ្លាកសញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ និង​រឹតបណ្តឹង​ឱ្យបាន​ម៉ឺងម៉ាត់​លើ​ការដឹកជញ្ជូន​ដី ខ្សាច់ ថ្ម ជ្រុះ​រាយប៉ាយ​នៅតាម​ផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​សម្ដេច​ក្រឡាហោម បាន​បន្ថែមថា ទន្ទឹម​នោះ ត្រូវ​បន្ត​ធ្វើការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ទំ​នើ​ប ដើម្បី​ទប់ស្កាត់​បទល្មើស​ចរាច​រណ៍ និង​បទល្មើស​ផ្សេងៗ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តម្លាភាព និង​និរន្តរភាព​។ ជាមួយនេះ ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាម​គ្រប់​រូបភាព និង​ជាប្រចាំ ​ដោយ​អនុវត្ត​ឱ្យចំ​គោលដៅ និង​មុខសញ្ញា​ងាយ​រងគ្រោះ ជាដើម​៕​