​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​មន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹងសមត្ថភាព​ការងារ ឲ្យ​ស្របទៅតាម​បច្ចេកវិទ្យា បច្ចុប្បន្ន ពិសេស ត្រូវ​អភិវឌ្ឍន៍​ចំណេះដឹង និង​ត្រូវ​ធ្វើជា​មេទ័ព​នាំមុខ ក្នុង​កិច្ចការងារ​ទាំងអស់ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ​។​

​ការណែនាំ​បែបនេះ របស់លោក កើត ឆែ បានធ្វើ​ឡើង ក្នុង​ពិធី​តែងតាំង​មន្ត្រីរាជការ ៤ រូប ក្នុង​រចនាសម្ព័ន្ធ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ ត្រូវបាន​ប្រកាស​តែងតាំង លោក ស៊ុ​ក សង្វា​ពេជ្រ មន្ត្រី​ឋានន្តរស័ក្តិ ថ្នាក់​លេខ​១ ជា​នាយករង រដ្ឋបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ជូ ម៉េង​ចាន់ ដែល​ត្រូវ​ទៅកាន់​តំណែង​ថ្មី ជា​អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល​។ លោក តុ​ប សីហា ឋានន្តរស័ក្តិ ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​នាយករង ទីចាត់ការ​រដ្ឋបាល ។ លោក ជីវ សារិទ្ធ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​ប្រធានការិយាល័យ​ស្ថិតិ និង​អត្រានុកូលដ្ឋាន នៃ​ទីចាត់ការ​រដ្ឋបាល និង​លោក ថង វង្ស​សុ​វិឡា ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​៣ ជា​អនុប្រធាន​ការិយាល័យ​ស្ថិតិ និង​អត្រានុកូលដ្ឋាន នៃ​ទីចាត់ការ​រដ្ឋបាល​។​

​ក្នុងឱកាស​នោះ លោក កើត ឆែ បាន​មានប្រសាសន៍ថាៈ ការតែងតាំង​មន្ត្រីរដ្ឋបាល​រាជធានី ខាងលើនេះ ធ្វើឡើង ក្រោយពី​លោក ជូ ម៉េង​ចាន់ នាយករង រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ទៅកាន់​តំណែង​ថ្មី ជា​អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល​។​

​លោក​បាន​បន្តថាៈ ការតែងតាំង​មន្ត្រី​នេះ គឺ​យើង​មើល​ទៅលើ សមត្ថភាព​ការងារ និង​ប្រសិទ្ធភាព​ការងារ របស់​មន្ត្រី​យើង ។ ការតែងតាំង​នេះ ធ្វើឡើង​ឲ្យ​ត្រូវ​តាមច្បាប់​ផង និង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ប្រសិទ្ធភាព​ការងារ​ផង​។​

​លោក កើត ឆែ ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់ ចូលរួម​ទប់ស្កាត់ នៅ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ របស់​យើង បាន​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ ។ ត្រូវបំពេញ​ការងារ ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មិនត្រូវ​គិត ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន មាន​ឆន្ទៈ​ក្នុង​ការងារ ត្រូវ​ពង្រឹងសមត្ថភាព​ការងារ ឲ្យ​ស្របទៅតាម​បច្ចេកវិទ្យា បច្ចុប្បន្ន ជាមួយនឹង​ការ​សា​ម្គី​ភាព ឯកភាព​ផ្ទៃក្នុង អោយបាន​ល្អ ទើប​ការងារ ទទួលបាន​ជោគជ័យ​៕/V​