​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ មន្ត្រី​នៃ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​លើកឡើងថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍ ចំពោះ​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង សរុប​ចំនួន​ជាង ១.៣០០ ករណី ថយចុះ ៥២ ភាគរយ ប្រៀបធៀប​រយៈពេល ដូចគ្នា​នឹង​ឆ្នាំ ២០២០ ដែលមាន​ចំនួន​ជាង ២.៧០០ ករណី​។​

​លោក ចាយ សំណាង អនុប្រធាននាយកដ្ឋាន សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ នៃ ប​.​ស​.​ស នៅក្នុង​វេទិកា​ប្រចាំឆ្នាំ ស្ដីពី​ការលើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​កម្មករ និយោជិត នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​នេះ បានលើកឡើង​ថាៈ ក្នុងចំណោម ករណី​គ្រោះថ្នាក់ លើក​ម្មករ និយោជិត គឺមាន​កម្មករ និយោជិត ស្លាប់​ចំនួន ៣៣ នាក់ របួសធ្ងន់ ៣២៨ នាក់ និង​របួសស្រាល ជាង ១ ពាន់​នាក់​។​

​លោក​បាន​បន្តថាៈ ករណី​គ្រោះថ្នាក់ កើតឡើង​ភាគច្រើន ចំពោះ​រថយន្ត ដឹក​កម្មករ ប្រភេទ​រថយន្ត ដឹកទំនិញ និង​ទោចក្រយានយន្ត ដែល​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ គ្រោះថ្នាក់​ចរាចរណ៍ មកលើ​រថយន្ត ដឹក​កម្មករ មាន​ចំនួន ៦ ករណី ដោយមាន​ជនរងគ្រោះ សរុប ២៧៦ នាក់​។​

​លោក គឹម បញ្ញា នាយក​ប្រតិបត្តិ អង្គការ​បង្ការ​របួស​អាស៊ី (AIP) ប្រចាំ​កម្ពុជា បានលើកឡើង​ថាៈ ការ​ឈានទៅ​លុបបំបាត់​ទាំងស្រុង ការយក​រថយន្ត ដឹកទំនិញ ទៅ​ដឹក​កម្មករ គឺ​ទាមទារ​នូវ ការប្តេជ្ញា​ខ្ពស់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ រាប់ទាំង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ម្ចាស់​រថយន្ត និង​ការចូលរួម របស់​ថៅកែ​រោងចក្រ​។​

​លោក​បាន​បន្តថាៈ កម្មករ និយោជិត ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​រួម នៅតែ​បន្ត​ទទួលរង​គ្រោះ នៅពេល​ធ្វើដំណើរ ទៅមក បំពេញការងារ បើទោះបីជា​ករណី​គ្រោះថ្នាក់ ភាគច្រើន កើតមានឡើង លើក​ម្មករ ដែល​ធ្វើដំណើរ តាម​យានយន្ត​ផ្ទាល់ខ្លួន (​ម៉ូតូ​…)​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ តាមរយៈ​មជ្ឈមណ្ឌល​សាមគ្គីភាព អង្គការ​មូលនិធិ​បង្ការ​អាស៊ី បាន​បើក​វេទិកា​ប្រចាំឆ្នាំ ជាមួយ​បណ្តាញ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក នៅ​កម្ពុជា ស្តីពី​ការលើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​កម្មករ និយោជិត​កម្ពុជា តាម​ប្រព័ន្ធ​អន​ឡាញ ដោយមាន​អ្នកចូលរួម សរុប​ជាង ១២០ នាក់​។​

​វេទិកា​នេះ មាន​គោលបំណង ដើម្បី​ផ្តល់ព័ត៌មាន អំពី​បច្ចុប្បន្នភាព សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​ទៅមក បំពេញការងារ របស់​កម្មករ និយោជិត និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ចំពោះ​កម្មករ និយោជិត​កម្ពុជា និង​បង្កើន​ការភ្ជាប់​ទំនាក់ទំនង រវាង​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ស្ថាប័ន​រាជរដ្ឋាភិបាល សហជីព ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​នានា ដែលមាន​កង្វល់​ដូចគ្នា អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ធ្វើការ ពិភាក្សា​អំពី ដំណោះស្រាយ និង​កំណត់​នូវ​តួនាទី របស់​អ្នកពាក់ព័ន្ធ ក្នុងការ​រួមចំណែក ធ្វើ​ឲ្យ​ការធ្វើដំណើរ​របស់ កម្មករ និយោជិត​កម្ពុជា កាន់​តែមាន​សុវត្ថិភាព ប្រសើរឡើង​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន នៅ​កម្ពុជា មាន​កម្មករ និយោជិត ជាង ៧០ ម៉ឺន​នាក់ បានធ្វើការ នៅតាម​រោងចក្រ កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង ក្នុងនោះ ភាគច្រើន​លើសលប់ គឺ​ស្ត្រី​ដែល​បាន​ចូលរួមចំណែក យ៉ាងសំខាន់ ក្នុង​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​។​

​តាម​របាយការណ៍​រប​ស់ បេឡា​ជាតិ​ស​និ្ត​សុខ​សង្គម បានបង្ហាញ​ថាៈ បើ​គិត​ជា​មធ្យម ក្នុង​មួយខែៗ មាន​ករណី​គ្រោះថ្នាក់ លើ​រថយន្ត ដឹក​កម្មករ រួម​បែបនេះ យ៉ាងតិចណាស់ ក៏​មួយ​ករណី​ដែរ និង​បណ្តាលឱ្យ កម្មករ និយោជិត រងរបួស​ធ្ងន់ ស្រាល​ជាច្រើន សិប​នាក់ ក្នុងករណី​នីមួយៗ និង​ករណីខ្លះ រហូតដល់​បាត់បង់​ជីវិត​៕/V​