ដោយៈ គង់​ហេង / កំពង់ចាមៈ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ប្រមូល​ប្រជាពលរដ្ឋ ដែល​នៅ​មិនបាន​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ គឺ​ដើម្បី​ឱ្យដល់​គោលដៅ ១០ លាន​នាក់ ដែល​ដាក់ចេញ ដោយ​សម្តេច​តេ​ជោ​។​

​លោកស្រី រដ្ឋលេខាធិការ ជំ​រុញឱ្យ​អាជ្ញាធរ ប្រមូល​ប្រជាពលរដ្ឋ ជា​អ្នក​នៅ​មិនទាន់ បាន​ចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​នៅក្នុង​ឱកាស ដែល​លោកស្រី បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង នៅ​សាលាខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២១ កញ្ញា​នេះ​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងថាៈ តាម​របាយការណ៍ គិត​ត្រឹម​យប់​ថ្ងៃទី ២០ កញ្ញា សម្រាប់​ដំណើរការ ចាក់​វ៉ាក់សាំង ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើង ធៀប​ជាមួយ​គោលដៅ ចំនួន ១០ លាន នាក់​ដំបូង ដាក់ចេញ​ដោយ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន គឺ​យើង​ទទួល​ចំនួន ៩៨,៣៣ ភាគរយ​ហើយ​។ ប៉ុន្តែ​នៅពេលនេះ យើង​នៅតែ​រំកិល ទៅរក​គោលដៅ ប្រជាពលរដ្ឋ គឺ​ចាក់​អស់ មានន័យថា សឹងតែ​អស់អ្នក​ត្រូវ​ចាក់ គឺ​អ្នក​នៅសល់ មកចាក់​រប៉េះរប៉ោះ ដែល​តម្រូវ​ធ្វើឱ្យ​មិនអាច បណ្តែតបណ្តោយ អូសបន្លាយ​នូវ​រយៈពេល នៃ​ការចាក់​វ៉ាក់សាំង​នេះ កាន់តែ​យូរ​ទៀត​ទេ​។​

​លោកស្រី បាន​បន្ថែមថាៈ អ្វីដែល​សំខាន់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​ផែនការ​ថ្មី គឺ​ឱ្យ​បញ្ចប់​គោលដៅ ចំនួន ១០ លាន នាក់​នេះ ឱ្យ​បាល​ឆាប់​តាម ដែល​អាចធ្វើ​ទៅបាន​។ ដូច្នេះហើយ បាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្រ​ខណ្ឌ​ទូទាំងប្រទេស បានធ្វើការ​ក្រើនរំលឹក ក៏ដូចជា​ណែនាំ ទៅដល់​គ្រប់​រាជធានី ខេត្ត​ទាំងអស់ ពិសេស​ខេត្តកំពង់ចាម បើទោះជា​ការចាក់​វ៉ាក់សាំង កូ​វីដ ១៩ សម្រាប់​អាយុ ១៨ ឆ្នាំ​ឡើង​បាន​លើ ១០០ ភាគរយ​ក្តី ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ អត់​ចាក់​ដែរ គឺ​សុំ​ជំរុញ​នូវ​សកម្មភាព​បន្ថែម ដើម្បី​កៀរគរ​ឱ្យ​ពួកគាត់ នៅ​សេសសល់ មិនទាន់បាន​ចាក់ ឱ្យមក​ចាក់ឱ្យ​បាន​លឿន​។​

​លោក ម៉ន ហេន ចៅសង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​ឆ្លើយតប នៅ​រសៀល​ថ្ងៃទី ២១ កញ្ញា​ថា ប្រជាពលរដ្ឋ ពេញវ័យ​ប្រមាណ ជាង ៨.០០០ នាក់ គឺ​បាន​ចាក់​វ៉ាក់សាំង សរុប​បាន​ចំនួន ៩៥ ភាគរយ​ហើយ​។ នៅសល់​ប្រហែល ៥ ភាគរយ​ទៀត​នោះ មាន​ចំនួន ១៣៥ នាក់ ឆ្លងទន្លេ មាន​ផ្ទៃពោះ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ចាក់​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ រាល់ថ្ងៃ និង​អ្នកមាន​ជំងឺ លើសឈាម​ដល់​កម្រិត​។

​លោក​ចៅសង្កាត់ បាន​បន្តថាៈ ប៉ុន្តែ​នៅក្នុង​ផែនការ របស់​មណ្ឌល​សុខភាព គឺ​មិន​ត្រឹមតែ​ប្រមូល​ទេ ចំពោះ​អ្នក​ដែល​មិន​ទៅ គឺ​ឱ្យតែ​គាត់ ព្រម​ចាក់ ពិការ​ទៅ​មិនកើត យើង​នឹង​នាំ​គ្រូពេទ្យ​ចាក់​ជូន ដល់ផ្ទះ​តែម្តង​៕/V​