ដោយៈបាយ័ន/សៀមរាបៈប្រជាពលរដ្ឋនៅភូមិមណ្ឌល៣ ក្នុងសង្កាត់ស្លក្រាមកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១ នេះអភិបាលក្រុងសៀមរាបបានបញ្ចេញអង្ករតាមរយៈនៃយុទ្ធនាការបន្ទាន់ឲ្យក្រុមការងារនៃបណ្តាភូមិ-សង្កាត់ក្នុងតំបន់ក្រហម។អង្ករទាំងនោះត្រូវជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋជិតប្រាំពីរពាន់គ្រួសារហើយលោកក៏បានជំរុញឲ្យក្រុមការងារតាមបណ្តា ភូមិ-សង្កាត់នានា ដែលកំពុងស្ថិតនៅជាតំបន់ក្រហមបណ្តោះអាសន្ន ចុះចែកអង្ករដោយការប្រញាប់បំផុត ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត។

លោកអភិបាលក្រុងបានឲ្យដឹងទៀតថា មុនវិបត្តិកូវីដ-១៩ ស្ថិតិប្រជាពលរដ្ឋក្រ១-ក្រ២នៃក្រុងសៀមរាបមានប្រហែល ប្រាំមួយពាន់គ្រួសារ ប៉ុន្តែដោយសារតែវិបត្តិសកលនៃជំងឺកូវីដ-១៩ បានបង្កើនប្រជាពលរដ្ឋក្រីក្រនៅក្នុងក្រុងសៀមរាប ដល់ជាង១ម៉ឺនគ្រួសារ ហើយនៅក្នុងចំនួននេះ ការស្រង់ស្ថិតិសម្រាប់យុទ្ធនាការផ្តល់ការឧបត្ថម្ភជាអង្ករ ដល់គ្រួសារក្រ១-ក្រ២ និងគ្រួសារប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដោយសារវិបត្តិកូវីដ-១៩ ដែលសម្រាប់តែក្នុងតំបន់ក្រហមមានប្រមាណជិត ប្រាំពីរពាន់គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ។

មន្រ្តីសង្កាត់ស្លក្រាមមួយរូបបាននិយាយថាស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមការយោគ យល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលការដាក់វិធានការនិងបំរាមផ្សេងៗ គឺដើម្បីសុវត្ថិភាពបញ្ជៀសហានីភ័យ នៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ និងសូមឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ ៕សរន