ដោយៈសុផានីតា/កោះកុងៈសត្វគោចំនួន១៥០ក្បាលនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ត្រូវបានក្រុមមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអាជ្ញាធរស្រុកស្រែអំបិល គៀងគរប្រមូលមកចាក់វ៉ាក់សាំងបង្កាជំងឺដុំពកលើស្បែក។
ប្រាប់រស្មីកម្ពុជា ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និយាយថា ២ថ្ងៃហើយ គិតចាប់ពីថ្ងៃទី២០ កញ្ញាដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារបង្ការជំងឺដុំពកលើស្បែកសត្វគោ ប្រព្រឹត្តឡើង។
លោកបន្ថែមថា សត្វគោខាងលើ អាចងាយនឹងប្រឈមបណ្តាលឱ្យសត្វពាហនៈងាប់ប៉ះពាល់ដល់សេដ្ឋកិច្ចជីវភាពប្រជាកសិករ។ ក្រុមសត្វគោរបស់ពលរដ្ឋចំនួន១៥០ក្បាលបានទទួលថ្នាំវ៉ាក់សាំង។
មន្ត្រីជំនាញអះអាងទៀតថា កាលពីពីរទៅបីខែមុន ក្រុមមន្ត្រីជំនាញក៏បានចុះតាមដានអាការៈជំងឺសត្វគោក្របី និងចាក់វ៉ាក់សាំងបង្ការជំងឺអុជក្តាម ឬសារទឹក ដល់សត្វទាំងនោះជាច្រើនក្បាលកន្លែងផ្សេងគ្នានៅស្រុកបូទុមសាគរ និងស្រែអំបិល។
ជំនួសមុខដល់ប្រជាពលរដ្ឋ លោកជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល សម្តែងក្តីអរគុណចំពោះក្រុមមន្ត្រីជំនាញដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពសត្វរបស់អ្នកស្រុកភូមិរបស់លោកតាមរយៈការផ្តល់ថ្នាំបង្ការដ៏មានសារៈសំខាន់បូករួមណែនាំពីវិធីសាស្ត្រទប់ស្កាត់បន្ថែម។
បើតាមលោកអភិបាលស្រុកស្រែអំបិល ភូមិឈូក ឃុំជីខលើ ជាមូលដ្ឋានដែលប្រជាពលរដ្ឋចិញ្ចឹមសត្វពាហនៈច្រើនជាងគេ កន្លងទៅ ក៏មានដែលសត្វគោរបស់ពលរដ្ឋចំនួន២១ក្បាលបានកើតជំងឺដុំពកលើស្បែកនេះ។
ទោះយ៉ាងណា ក្នុងចំណោមសត្វដែលឈឺនោះ មាន៥ក្បាលជាសះស្បើយពីជំងឺ នៅសេសសល់ប៉ុន្មានកំពុងបន្តព្យាបាល ប៉ុន្តែគ្មានសញ្ញាអ្វីគួរឱ្យព្រួយបារម្ភនោះទេព្រោះយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ។
រាល់ពេលក្នុងមូលដ្ឋានកើតមានជំងឺលើសត្វ អ្នកស្ម័គ្រចិត្តភូមិតែងតាមដាន និងរាយការណ៍ព័ត៌មានបន្ទាន់មកកាន់អាជ្ញាធរសមត្ថកិច្ច ព្រមទាំងមន្ត្រីជំនាញចុះពិនិត្យព្យាបាលភ្លាមៗ៕សរន