ដោយ​:​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​:​អាជ្ញាធរខេត្ត​មណ្ឌលគិរី បាន​បង្ខំចិត្ត​សម្រេច​បិទ​ខ្ទប់ទីតាំងក្រុមហ៊ុន​ចម្ការ​ម្រេច​របស់​ជនជាតិ​កូរ៉េ​នា​ថ្ងៃ​២១​ខែកញ្ញា​នេះ បន្ទាប់ពីមាន​ការឆ្លង​កម្មករ​ក្នុង​ក្រុមហ៊ុន​វែ​លបាយ​អូរ​នោះ មាន​ចំនួន​ជាង​១០០​នាក់​ទៅហើយ​។​

​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​កាលពី​ព្រឹក​ថ្ងៃទី​២១ កញ្ញា ២០២១ ថា នៅពេល​ទទួលបាន​ដំណឹង​ថា នៅ​ក្រុមហ៊ុន​ដាំ​ម្រេច​ឈ្មោះ វែ​លបាយ​អូ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ នៅមាន​ទីតាំង​ក្នុងភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា មាន​ជាប់​ពាក់​ព័​ន្ឋ​ករណី​កូ​វីដ​១៩ អាជ្ញាធរ​សហការ​ជាមួយ​គ្រូពេទ្យ​នៅ​ថ្ងៃទី​១៧ កញ្ញា បាន​ចុះ​យក​សំណាក​លើក​ម្មករ​ចំនួន​៥៩​នាក់ ស្រាប់តែ​រកឃើញ​វិជ្ជមាន​ចំនួន​១០​នាក់​។​

​បើតាម​ប្រភពព័ត៌មាន​ម្ចាស់​ក្រុមហ៊ុន​កូរ៉េ​នេះ​ហាក់​មិន​សប្បាយចិត្ត​សហការ​ជាមួយ​អាជ្ញាធរ​និង​ក្រុមគ្រូពេទ្យ​នៅពេល​ចុះ​យក​សំណាក​ទេ ដ្បិត​នៅពេល​ចុះ​យក​សំណាក​ថ្ងៃ​ដំបូង​ម្ចាស់​ក្រុមហ៊ុន​ដែលជា​ជនជាតិ​កូរ៉េ បាន​ឲ្យ​កម្មករ​ត្រឹម​ចំនួន​៥៩​នាក់​ទៅយក​សំណាក ក្នុងចំណោម​កម្មករ​ស​រុ​ប​៣៦៤​នាក់​។ តែបើ​តាម​ប្រភព​ថា មាន​ចំនួន​រហូតដល់​ជាង​៥០០​នាក់​។​ការអូសបន្លាយ​និង​មិន​សហការ​ជាមួយ​ជំនាញ បាន​បណ្តាល​ឲ្យ​មានការ​ឆ្លង​ជា​បន្តបន្ទាប់​ដល់ក​ម្មក​រ​ផ្សេងៗ​ទៀត​លើស​១០០​នាក់​។​

​ប្រភព​បន្តថា ការ​ស្នាក់នៅ​របស់​កម្ម​ករ​ចំការ​ម្រេច វែ​លបាយ​អូ នេះ​គឺមាន​សភាព​ណែនណាន់តាន់តាប់​ខ្លាំង ព្រោះ​ក្នុង​មួយ​បន្ទប់​ថៅកែ ឲ្យ​ពួកគេ​ស្នាក់នៅ​ចំនួន​ដល់​ទៅ​១០​នាក់ ដែល​នេះ​ជា​ឱកាស​សម្រាប់​ជំងឺ​កូ​វីដ​១៩​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​កម្មករ​បម្រើការ​នៅ​ទីនោះ រហូត​សូម្បី​ម្ចាស់​ក្រុមហ៊ុន និង​មេការ​គឺ​សុ​ទ្ឋ​តែ​វិជ្ជមាន​កូ​វីដ​ទាំងអស់​។​
​ដោយសារតែ​ចំនួន​អ្នកជំងឺ​កាន់តែ​កើនឡើង ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​រហូតដល់​បួន​លើក ដើម្បី​ស្វែងរក​អ្នកជំងឺ​ឲ្យ​ទាន់ពេលវេលា​។​សកម្ម​ភាពចុះ​យក​សំណាក បាន​ផ្តើម​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២០ លើ​មនុស្ស​ជា​៥០០​នាក់ វិជ្ជមាន​ជាង​១០១​នាក់​។​ក្នុងនោះ​យក​សំណាក​ថ្ងៃទី​១៧ វិជ្ជមាន​១១២​នាក់ ថ្ងៃទី​១៨ វិជ្ជមាន ២០​នាក់ ថ្ងៃទី​១៩ វិជ្ជមាន​៣៧​នាក់ ថ្ងៃទី​២០ វិជ្ជមាន​៣២​នាក់ ៕សរន