ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ អភិបាលខេត្តកំពត បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធចុះទៅពិនិត្យមើលទីតាំងមាត់ព្រែកកំពត ដែលគេអះអាងថា មានការចាក់ដីរំលោភយកប្រវែងប្រមាណ១០០០ម៉ែត្រ នៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ នៅជាប់នឹងផ្លូវតភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់កំពង់ផែទេសចរណ៏ថ្មីចាក់លប់ចូលជ្រៅទៅ ក្នុងផ្ទៃទឹកព្រែកជម្រៅពី៥០ទៅ១០០ម៉ែត្រ។

លោក ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី២១ ខែកញ្ញានេះថាចំពោះ ករណីនេះចាំលោកឲ្យមន្ត្រីចុះទៅពិនិត្យមើល។ លោកបានបញ្ជាក់ថា “ទីតាំងកំពង់ផែគឺវិនិយោគទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យូរហើយ បច្ចុប្បន្នគេកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធធម្មតាកំពង់ត្រូវនៅមាត់ព្រែកហើយ ប៉ុន្តែខ្ញុំមិនដឹងថា ការលើកឡើងរបស់សារព័ត៌មានដែលបានចុះផ្សាយខ្ញុំមិនដឹងនៅកន្លែងណាទេទាល់តែឲ្យមន្ត្រីចុះទៅមើលសិនបានដឹងថារឿងអីបើចុះផ្សាយថាបណ្តោយព្រែកទាំងអស់យើងមិនដឹងថាត្រូវឆ្លើយថាម៉េចដើម្បីឲ្យមានភាពជាក់លាក់ចាំឲ្យមន្ត្រីចុះទៅមើលសិន”។

តាមអ្នកស្រុកដែលជិះកាត់ឃើញ ក៏ដូចប្រជាពលរដ្ឋដែលមានដីនៅតំបន់នោះបានអះអាងថាដីមាត់ព្រែកកំពតនេះ ពីមុនមកមិនត្រូវបានអាជ្ញាធរអនុញាតឲ្យបុគ្គលណាម្នាក់ចាក់ដីលប់រំលោភយកឬទោះបីមានប្រជាពលរដ្ឋទៅតាំងទីលំនៅខ្លះៗក៏ដោយ ក៏អាជ្ញាធរមិនបានចេញកម្មសិទ្ធិ ឬផ្ដល់សិទ្ធិស្របច្បាប់ឲ្យនោះដែរ ព្រោះតាមគម្រោងផែនការខេត្ត ដីនៅជាប់មាត់ព្រែកកំពតនេះគឺអាជ្ញាធរទុកបប្រុងសំរាប់ធ្វើសួនច្បារឬកន្លែងបម្រើឱ្យសេវាកម្សាន្តសាធារណៈតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេសញូវ។

ប្រភពដដែលបានបន្តថា នៅពេលថ្មីៗនេះស្រាប់តែមានជនមិនស្គាល់មុខបានឃុបឃិតគ្នាដឹកដីចាក់លប់ទាំងយប់ ទាំងថ្ងៃ ទាំងតាមរថយន្តក៏ដូចតាមទូកផងដែរ ដើម្បីបង្កើតដីគោកលយចូលទៅក្នុងទឹកព្រែក ជំរៅពី៥០ម៉ែត្រទៅ ១០០ម៉ែត្រប្រយោជន៍វាស់ចែកគ្នាឬក៏លក់ទៅឲ្យឈ្មួញនានាដែលគេអះអាងថាគេហ៊ានទិញក្រោមរូបភាពជួលរយៈពេល៣០ឆ្នាំពីខេត្តមួយម៉ែត្រតម្លៃរាប់រយរាបពាន់ដុល្លារឯណោះ។

អ្នកស្រុកបានអះអាងថាដីមាត់ព្រែកកំពតពីទីរួមខេត្តទៅកាន់តំបន់កំពង់ផែទេសចរណ៍ដែលគេគ្រោងបង្កើតថ្មីកសាងដោយ ធនាគារអភិវឌ្ឍន៍អាស៊ី ភាគច្រើនត្រូវបានកាន់កាប់ដោយឯកជនស្ទើរតែអស់ទៅហើយនៅសល់ចំណុចមួយចំនួន ដែលនៅក្បែរៗផ្លូវប៉ុណ្ណោះ ដូចជាចំណុចខាងលើជាដើម។

ចំណុចដែលនៅសល់នេះអ្នកស្រុកបានលើកឡើងថាអាជ្ញាធរខេត្តគួរតែរក្សាទុកធ្វើជាសួនច្បារសាធារណៈលើកស្ទួយសោភ័ណភាពខេត្តទើបជាការល្អ ៕សរន