ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប្រ៊ី​យ៉ាន់ ហ្វ័​ណា​រី ( Bryan Fornari) ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ និង​លោកស្រី ខា​មី​ឡា លំ​បាដ ( Camilla Lombard) អនុប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ នៃ​ប្រ តិ ភូ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​។

​នៅក្នុង​ជំនួប​នោះ លោកស្រី​រដ្ឋលេខាធិការ​បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​ភ្ញៀវកិត្តិយស ដែល​បាន​អញ្ជើញ​ចូលរួម ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស ដោយ​សហភាព​អឺរ៉ុប​កន្លងមក ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា​ដូចជា​៖ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាដើម​។​

​លោកស្រី​បាន​បន្តថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប ពិត​ជាមាន​សារៈសំខាន់ ណាស់ ព្រោះ​វា​បាន​ចូលរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​បាន​មួយចំណែក​ធំ ហើយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងពាណិជ្ជកម្ម ក៏បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្របខណ្ឌ​ទ្វេភាគី ពហុភាគី និង​តំបន់ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម ២០១៩-២០២៣​។​

​លោកស្រី​រដ្ឋលេខាធិការ​បញ្ជាក់ថា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ភាគី​ទាំងពីរ​បានបង្ហាញ​ជំហរ​ក្នុងការ​រួមគ្នា​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ និង​គម្រោង​ជំនួយ​ដើម្បី​បម្រើ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ លើកកម្ពស់​ការចូលរួម​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​តំបន់ ការបង្កើត​ការងារ និង​ការតភ្ជាប់​តំបន់​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន និង​ជាពិសេស​ការចូលរួម​ក្នុង​កិច្ច​ការស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ពី​វិបត្តិ​កូ​វីដ​-១៩ សម្រាប់​ឆ្នាំ​២០២១-២០២៣៕​