ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ដំណើរ​ការកសាង​ព្រលាន យន្តហោះ​ថ្មី នៅ​ខេត្តសៀមរាប​មកដល់ពេលនេះ បាន​ឈានដល់ ៤៥ ភាគរយ ហើយ​គ្រោង​សម្រេច​រួចរាល់​នៅ​ចុងឆ្នាំ ២០២២ ខាងមុខនេះ ប៉ុន្តែ ចំពោះមុខ​គឺមាន​បញ្ហា​ប្រឈម​ផ្នែក​ផ្គត់ផ្គង់​ទឹកស្អាត ពីព្រោះ អាកាស យានដ្ឋាន អន្តរជាតិ សៀមរាប ថ្មី ត្រូវ បាន​ប្តូរ​ទីតាំងនៅ​ក្នុងស្រុក​សូត្រ​និគម មាន​ចម្ងាយ​ប្រមាណ​៥០ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប និង​៤០ គីឡូម៉ែត្រ ពី​ព្រលាន​ចាស់ ដែល ព្រលាន​ថ្មី​នេះ​មាន​ផ្ទៃដី​សរុប​ប្រមាណ​៧០០ ហិច​តា ។

​ជុំវិញ​បញ្ហា​នេះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួល បន្ទុក​អាកាសចរណ៍​ស៊ីវិល និង​តំណាង ក្រុមហ៊ុន​វិនិយោគ ឈ្មោះ AIAI នៅ​ទីស្តីការ ក្រសួង និង​តាម​ប្រព័ន្ធ អន​ឡាញ ផងដែរ​។​

​បន្ទាប់ពី ស្តាប់ របាយការណ៍ ពី​លោក ម៉ៅ ហាវ​ណ្ណា​ល់ និង​បទ​បង្ហាញ​ពី​តំណាង​ក្រុមហ៊ុន AIAI វិនិយោគ ព្រលាន យន្តហោះ ថ្មី​សៀមរាប លោក ចម ប្រសិទ្ធ បានបញ្ជាក់ ថា ទោះបី​កាលពី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​តំណាង​ក្រសួង មិនបាន​ចូលរួម​ក៏ដោយ តែ​ពេលនេះ​លោក​នឹង​ខិតខំ​ដោះស្រាយ​ជូន ក្នុង​ជម្រើស​មួយ​ដើម្បី​យកទៅ​ពិចារណា ពោលគឺ ក្រុមហ៊ុន ត្រូវ​វិនិយោគ​លើ​កា​រត​បណ្តាញ​ចែកចាយ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ពី​ព្រំប្រទល់​នៃ​ទីក្រុង​សៀមរាប​ទៅដល់​ព្រលាន​ថ្មី​ប្រមាណ​ជិត​២៥ គីឡូម៉ែត្រ ដោយ​ប្រើ​បំពង់​ទុយោ​ពី​ដើមទី ទំហំ ៦០០​ម​.​ម រួមជាមួយ​ការសាងសង់​អាង​ស្តុក និង​ស្ថានីយ៍​ចែកចាយ​បន្ត ដើម្បី​ឲ្យ​ការងារ នេះ ដើរ​ទាន់​នឹង​ការដ្ឋាន​សាងសង់ ដោយ​ត្រូវ​ចំណាយ​ទឹក ប្រាក់​ប្រមាណ ១២ ទៅ​១៣​លាន​ដុល្លារ​អាមេរិក ។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ការចំណាយ​នេះ​គឺ​យើង​គិត ការផ្គត់ផ្គង់​ក្នុង​មួយថ្ងៃ ៥​ពាន់​ម៉ែត​គូប ទៅ​១​ម៉ឺន ម៉ែត្រគូប លើសពី​គម្រោង​របស់​ក្រុមហ៊ុន​សុំ​តែ​២​ពាន់​ម៉ែត​គូប ពីព្រោះ ថា គម្រោង​ដែល​ក្រុមហ៊ុន​ស្នើ​មិន​គ្រប់គ្រាន់​ទេ បើ​មើ​លពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន មាន​ទឹកប្រាក់​ហូត​ដល់​១.៥០០ លាន​ដុល្លារ​ឯណោះ ដោយ​រួមបញ្ចូល​ទាំង​មូលដ្ឋាន​អាជីវកម្ម រោងចក្រ​សហគ្រាស និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ទៀត ។

​ក្នុងឱកាស​នោះ តំណាង​ក្រុមហ៊ុន​ចិន បាន​ថ្លែងអំណរគុណ​ចំពោះ​អនុសាសន៍​ណែនាំ​និង​កិច្ចសហការ​ជួយ​គាំទ្រ​យ៉ាង​ល្អ​របស់ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ហើយ នឹង​ពាំនាំ​ព័ត៌មាន​នេះ​ជូនទៅ​ថ្នាក់លើ​របស់ខ្លួន ដើម្បី​ពិចារណា​ផ្តល់​អនុសាសន៍ ស្តីពី ការផ្គត់ផ្គង់ ទឹកស្អាត ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី ៕​