ដោយ​៖ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា ថៃ​៖ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បានចេញ​ការព្រមាន លើកដំបូង នៅ​រដូវ​ទឹកជំនន់ នា​ខែកញ្ញា ឆ្នាំ​២០២១ នេះ​ថាៈ ក្រុង​នេះ នឹង​អាច​រង​ផល​អាក្រក់ ទឹកជំនន់​ធ្ងន់ធ្ងរ ដែល​ស្រុង​ចុះ ពី​ប្រទេស​ថៃ នៅ​ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ព្រមាន ក៏ដូចជា អំំ​ពា​វ​នាវ​អោយ​ប្រុងប្រយ័ត្ន​ខ្ពស់​ដូច្នេះ ដោយ​យោងតាម​ការជូន​ដំណឹង របស់​អាជ្ញាធរ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​អាជ្ញាធរ​ស្រុក​អារ​ញ្ញា​ប្រាថេត ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស្ថានភាព​ទឹក នៅក្នុង​ស្រុក​អារញ្ញ​ប្រាថេត បាន​កំពុង​ហក់​ឡើង​លឿន គួរឱ្យ​ព្រួយបារម្ភ ដែល​បណ្តាលមកពី ឥទ្ធិពល​កម្ពស់​ទឹក ហក់​ឡើង​ខ្ពស់ នៅ​តំបន់​ខៅ​យ៉ៃ នៃ​ខេត្ត​នគររាជ​សីមា នា​ភូមិភាគ​ឦសាន ប្រទេស​ថៃ ឬ​ខាងជើង ខេត្តបន្ទាយមានជ័យ ។​

​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​បន្តថាៈ ស្ថានភាព​ទឹកជំនន់​បែបនេះ វា​នឹង​បង្ក​ឱ្យ​ស្រុង​ចុះ ពី​តំបន់​ខ្ពស់​ខាង​ទឹកដី​ថៃ ចុះមក​តំបន់​ទាប​ជាង នៅ​ផ្នែក​ខ្លះ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​នឹង​ទទួលរង​ឥទ្ធិពល ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ផងដែរ ទឹកជំនន់​ពី ភូមិសាស្ត្រ​ខេត្ត នៃ​ប្រទេស​ថៃឡង់​ដ៍​។

​ស្ថិតក្នុង​ស្ថានភាព ដែល​ភូមិសាស្ដ្រ ក្រុង​ប៉ោយប៉ែត អាចនឹងទទួល​រង​នូវ ការគំរាមកំហែង ពី​ទឹកជំនន់​ហូរ​ធ្លាក់ មកពី​ប្រទេស​ថៃ តាម​អូរ​ព្រំដែន​កម្ពុជា​-​ថៃ លោក គាត ហ៊ុល បានបញ្ជាក់​ថាៈ ” ក្នុងនាម​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ខ្ញុំបាទ​បាន​នឹង​កំពុង​បន្ត ចាត់វិធានការ​នានា ដើម្បី​កាត់បន្ថយ ឱ្យ​បានជា​អតិបរមា នូវ​ការគំរាមកំហែង ពី​ទឹកជំនន់ ធ្លាក់​មកពី​ប្រទេស​ថៃ​។ ទន្ទឹមគ្នានេះ ខ្ញុំបាទ​បាន​ចាត់តាំង ក្រុមការងារ​សង្កាត់​ទាំង ៣ រៀបចំ​ទីទួល​សុវត្ថិភាព ដើម្បី​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ដែល​អាច​រងគ្រោះ ដោយ​គ្រោះទឹកជំនន់​នេះ ” ។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​សូម​អំពាវនាវ ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិសាស្ត្រ​ក្រុង ពិសេស​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​តាម​ប្រប​មាត់ អូរ​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ផ្នែក​ខ្លះ ក្នុងភូមិ​សាស្ដ្រ​សង្កាត់​ប៉ោយប៉ែត​, សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​និមិត្ត មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ​៕/V​