ដោយៈមុនីរ័ត្ន/ភ្នំពេញៈស្ថានភាពផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ីនប៉ិចពេលនេះកាន់តែឡើងកម្ដៅខណៈមន្រ្តីជាន់ខ្ពស់នៃគណបក្សនេះបញ្ជាក់ថា នៅថ្ងចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចនឹងរៀបចំ អនុវត្តតាមច្បាប់ដោយដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំនិរាករណ៍ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងតែស្ថិតនៅក្នុងដៃរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ដែលបានយកទៅប្រើប្រាស់យ៉ាងអានាធិបតេយ្យដោយបុគ្គលដែលគ្មាននីតិសម្បទា ក្នុងក្របខ័ណ្ឌគណបក្ស និងមិនបានឆ្លងយោបល់ថ្នាក់ដឹកនាំ ដែលជាការរំលោភបំពានលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងធ្ងន់ធ្ងរ។


អនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា លោក ចាប ញ៉ាលីវុធ លោកហេង ចន្ថា និងលោកសាយ ហាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ស្នើប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ។ ក្នុងលិខិតបានបញ្ជាក់ថា “ខកខានមិនព្រមប្រគល់ត្រាចាប់ពីថ្ងៃថ្វាយដំណឹង (២០ កញ្ញា) រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ចាត់ទុកជាការ រំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលត្រូវប្រឈមចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា”៕srn