ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្សបានបើកកិច្ចប្រជុំពិសេសមួយជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ។ នេះបើតាមការបញ្ជាក់របស់លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ AMS នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពAMSបញ្ជាក់ថា កិច្ចប្រជុំពិសេសដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិតាមរយៈប្រព័ន្ធវិដេអូពី ប្រទេសបារាំងបានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចបានប្រកាសប្តឹងទៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៧ខែកញ្ញាខាងមុខនេះដើម្បីស្នើសុំនិរាករណ៍ត្រានោះចោលយើងនឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ពីព្រោះត្រានោះប្រើដោយអ្នកមិនមានសិទ្ធិ និងបន្ទាប់ពីផ្ទុះការតវ៉ាធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២២ ខែកញ្ញាបង្ហាញអំពីការបែកបាក់ផ្ទៃក្នុងរបស់ គណបក្ស និងការត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅប្រើប្រាស់យ៉ាងអានាធិបតេយ្យដោយបុគ្គលដែលគ្មាននីតិសម្បទា ក្នុងក្របខណ្ឌគណបក្សនិងមិនបានឆ្លងយោបល់ ថ្នាក់ដឹកនាំ ដែលជាការរំលោភបំពានលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងធ្ងន់ធ្ងរ។

លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថាកិច្ចប្រជុំពិសេសដែលដឹកនាំដោយសម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស គឺដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួនរួមមាន៖ទិសដៅ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងពិនិត្យ និងសម្រេចដោះស្រាយលើការងារសំខាន់ៗ មួយចំនួនរបស់គណបក្សដែលគ្រោង នឹងប្រកាសព័ត៌មានអំពីលទ្ធផល នាថ្ងៃចន្ទ ទី២៧ ខែកញ្ញានាដើមសប្តាហ៍ក្រោយ និងគម្រោងយាងនិវត្តន៍ មកកាន់មាតុប្រទេស របស់សម្តេចក្រុមព្រះ ព្រះប្រធាន ក្នុងពេលឆាប់ៗនេះ។

ទាក់ទងរឿងត្រាបក្ស ព្រះអង្គម្ចាស់ក្សត្រី ម៉ារី មិនព្រមប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងត្រា ព្រះហត្ថលេខា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកឲ្យក្រុមលោកចាប ញ៉ាលីវុធ , លោក សាយ ហាក់ , ហេង ចន្ថា និងលោកផាន់ សិទ្ធី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីយកទៅប្រើប្រាស់នោះទេ។

ការមិនព្រមប្រគល់ត្រាបក្សនេះ គឺបន្ទាប់ពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា លោកចាប ញ៉ាលីវុធ លោកហេង ចន្ថា និងលោកសាយ ហាក់ កាលពីថ្ងៃទី២០ ខែកញ្ញា បានធ្វើលិខិតទូល ថ្វាយព្រះអង្គម្ចាស់ក្សត្រី ម៉ារី ស្នើប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ។ ក្នុងលិខិតបានបញ្ជាក់ថា“ខកខានមិនព្រមប្រគល់ត្រាចាប់ពីថ្ងៃថ្វាយដំណឹង(២០កញ្ញា)រហូតដល់ថ្ងៃទី២៣ខែកញ្ញាចាត់ទុកជាការរំលោភលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលត្រូវប្រឈមចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។

លោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទីគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ប្រាប់ AMS កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញាថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងត្រាព្រះហត្ថលេខា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ។ លោកបានបញ្ជាក់ថា “បើសិនជាអង្គម្ចាស់ក្សត្រី ម៉ារី មិនព្រមប្រគល់ត្រាទេ គឺនៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា នឹងរៀបចំអនុវត្តតាមច្បាប់ហើយដោយដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃដើម្បី ស្នើសុំនិរាករណ៍ត្រានោះចោល យើងនឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ពីព្រោះត្រានោះប្រើដោយអ្នកមិនមានសិទ្ធិ”៕សរន