ថ្មីៗនេះ លោកបានទទួលហិរញ្ញប្បទានសរុបជាសាច់ប្រាក់ ៦លាន៥សែន ដុល្លារសហរដ្ឋអាមេរិកពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំនៅរាជធានីភ្នំពេញសម្រាប់អនុវត្តគម្រោងរបស់លោកឆាំង យុ  មានឈ្មោះថា ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

 

សារព័ត៌មានរស្មីកម្ពុជា៖ តើហេតុអ្វីបានជាហិរញ្ញប្បទាននេះពិសេសសម្រាប់លោក?

លោក ឆាំង យុ៖ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះពររបស់ព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះរវរាជមាតាជាតិខ្មែរ លើកិច្ចខិតខំប្រឹងប្រែងនេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺ ក្រសួងមហាផ្ទៃ ដែលតែងតែជួយគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៥។
មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលទាក់ទងជាមួយនឹងសុខភាពសាធារណៈ និង បន្តអនុវត្ត ៣ ការពារ និង ៣ កុំ ដែលជាសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម អគ្គ បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋ មន្ត្រី រដ្ឋ មន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអនុគ្រោះ ពន្ធឲ្យ នាំចូល រថយន្តសុខភាពចល័តខ្នាតតូចដើម្បីគាំទ្រសកម្មភាពខ្លះនៃគម្រោងនេះ។
ខ្ញុំមានសេចក្ដីសោមនុស្សរីករាយដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំនៅរាជធានីភ្នំពេញដែលនឹងផ្ដល់ការគាំទ្រដ៏សំខាន់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ហេតុអ្វីបានជាហរិញ្ញប្បទាននេះពិសេសម្រាប់រូបខ្ញុំ? ហិរញ្ញប្បទាននេះរួមបញ្ចូល សិស្សនិស្សិតដែលជាអ្នកស្ម័គ្រចំនួន៥០០នាក់ ផ្ដល់សេវាកម្មស្ម័គ្រចិត្តទូទាំងប្រទេសសម្រាប់ជួយគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមភូមិដ្ឋាន និងជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលឯកជននៅក្នុងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះនឹងផ្តល់ឳកាសដល់យុវវ័យដើម្បីបង្ហាញអំពីភាពជាអ្នកដឹកនាំ និងស្វែងរកការពិតដោយខ្លួនឯងផ្ទាល់ និងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រទេសជាតិកម្ពុជា។ ទន្ទឹម នឹងនេះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបាន ឱកាស ចែក រំលែក រឿងរ៉ាវដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ទៅយុវវ័យជំនាន់ក្រោយដើម្បីធ្វើឲ្យប្រាកដថា យើងទាំងអស់គ្នាចងចាំរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ ជារួម គម្រោង នេះ នឹង រំលេចនូវ ចរិតមនុស្សធម៌របស់យើង និង ពង្រឹងបន្ថែមនូវស្មារតី មិនងាយ ទ្រុឌ ទ្រោម របស់ ប្រជាជន កម្ពុជា។


សារព័ត៌មានរស្មីកម្ពុជា៖ តើលោកអាចកំណត់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយវិធីណា?

លោក ឆាំង យុ៖ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំបានបំផ្លាញមនុស្សធម៌របស់ប្រជាជន។ មជ្ឈមណ្ឌលឯកសារកម្ពុកមានគោលដៅស្ដារឡើងវិញនូវអំពើមនុស្សធម៌នៃប្រជាជនទាំងអស់ មិនមែនត្រឹមតែជនរងគ្រោះតែប៉ុណ្ណោះទេ ប៉ុន្តែគឺរួមបញ្ចូលទាំងជនដែលបានប្រព្រឹត្តអំពើឃោរឃៅ។ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្ដល់ការគាំទ្រ និងសេវាកម្មដល់ប្រជាជនកម្ពុជាឲ្យច្រើនតាមអ្វីដែលអាចធ្វើបាន ដោយផ្អែកលើការជឿជាក់ថាប្រជាជនកម្ពុជាទាំងអស់ដែលធ្លាប់បានរស់នៅក្នុងរបបខ្មែរក្រហមទទួលការរងទុក្ខវេទនា។ បើនិយាយអំពីតួលេខ គឺមានអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ចំនួន ៥,១៤៣,៣៨៦ នាក់ (អាយុ៥០ឆ្នាំ និងលើសពី៥០ឆ្នាំ) ស្មើនឹង ៣៣.១៦ ភាគរយនៃប្រជាជនសរុប ក្នុង១៩៦ស្រុក ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៧។ មូលហេតុគឺ បច្ចុប្បន្ននេះប្រជាជនដែលមានអាយុចាប់ពី ៥០ឆ្នាំ ឬច្រើនជាង៥០ឆ្នាំ យ៉ាងហោចណាស់ជាក្មេងដែលមានអាយុ ៨ទៅ១០ឆ្នាំនៅពេលដែលខ្មែរក្រហមដួលរលំក្នុង១៩៧៩។ គាត់គឺជាក្រុមមនុស្សដែលនៅចងចាំរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម និងជាក្រុមមនុស្សដែលមានរឿងរ៉ាវសម្រាប់ចែករំលែកជាមួយយុវវ័យបច្ចុប្បន្ននេះ។

 

សារព័ត៌មានរស្មីកម្ពុជា៖ តើអ្វីអាចគ្រប់គ្រាន់ក្នុងការតបស្នងដល់ប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម?
លោក ឆាំង យុ៖ សោកនាកម្ម និងអំពើអយុត្តិធម៌ដែលប្រជាជនកម្ពុជាបានជួបប្រទះក្រោមរបបខ្មែរក្រហមគឺ ធំធេងគ្មានអ្វីដែលអាចតបស្នងបាននោះទេ យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងនេះគឺជាជំហ៊ានដ៏ចាំបាច់មួយឆ្ពោះទៅរកការគាំទ្រ និងការជួយជ្រោមជ្រែងពិតប្រាកដមួយដល់អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍។ ការងារនេះនឹងកំណត់គោលដៅមិនត្រឹមតែចំពោះមនុស្សចាស់ និងជនពិការដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតែប៉ុណ្ណោះទេ គឺរួមបញ្ចូលទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមសហគមន៏ដាច់ស្រយាល និងនៅឆ្ងាយពីមន្ទីរសម្រាកព្យាបាលឯកជន។ នេះគឺជាយុត្តិធម៌ «ការគិតឡើងវិញ»… វាគឺជា «យុត្តិធម៌ផ្សះផ្សា» សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។


សារព័ត៌មានរស្មីកម្ពុជា៖ តើហិរញ្ញប្បទាននេះមានអត្ថន័យយ៉ាងដូចម្តេចចំពោះប្រទេសកម្ពុជា?

លោក ឆាំង យុ៖ យុត្តិធម៌អន្តរកាលត្រូវតែរួមបញ្ចូលលើសពីសំណងជានិមិត្តរូប វាត្រូវតែរួមបញ្ចូលទាំងសកម្មភាពយ៉ាងយោចណាស់ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ប្រទេសកម្ពុជាអាចជាប្រទេសទី១ ចាប់តាំងពីអំពើឧក្រិដ្ឋកម្មសម្លាប់រង្គាលលើជនជាតិជី្វហ្វនៅអឺរ៉ុប ក្នុងន័យដែលអ្នករស់រានមានជីវិតពីអំពើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ និងអំពើប្រល័យពូជសាសន៍ទទួលបានសំណងទាក់ទងនឹងការស្ដារឡើងវិញនូវសេវាកម្ម ការគាំទ្រ និងការថែទាំសុខភាពពីសហគមន៍អន្តរជាតិ។ យើងទាំងអស់គ្នាគួរតែទទួលស្គាល់ថាកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជា ជំហ៊ានទៅមុខមួយដែលគួរឲ្យកើតសរសើរ ក៏ដូចជាការចាប់ផ្ដើមនៃការសន្ទនាថ្មីលើនិយមន័យ យុតិ្តធម៌ក្រោយជម្លោះ៕srn