ប្រែសម្រួលៈវាសនា/ប៉េកាំង(Xinhua)៖ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការចោទប្រកាន់លើនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាHuaweiលោកស្រី ម៉េង វ៉ាន់ចូវជា«ការប្រឌិត»ឡើងនិងមានបំណងគាបសង្កត់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ចិនមិនអោយងើបរួច។
កាសែតចិនPeople’s Dailyបាននិយាយថា បន្ទាប់ពីលោកស្រីម៉េងត្រូវបានដោះលែងនៅកាណាដានិងបានវិលមកដល់ចិន អ្នកនាំពាក្យក្រសួងការបរទេសចិនបានពណ៌នាកររបស់លោកស្រីម៉េងថាជា«អំពើធ្វើបាបខាងនយោបាយប្រឆាំងពលរដ្ឋចិន» ។
សូមបញ្ជាក់ថា លោកស្រី ម៉េង វ៉ាន់ចូវ បានមកដល់ទីក្រុង សិនចិនភាគខាងត្បូងកាលពីយប់ថ្ងៃសៅរ៍ តាមយន្តហោះឈ្នួលមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលចិនក្រោយជាប់ឃុំនៅកាណាដាអស់ពេលជិត៣ឆ្នាំដើម្បីរង់ចាំសវនាការបត្យាប័នទៅអាម៉េរិក។
នៅម៉ោងប្រមាណ១០យប់ យន្តហោះឈ្នួលមួយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិShenzhen Bao។ម៉េង ក្នុងឈុតរ៉ូបពណ៌ក្រហមបានបក់ដៃស្វាគមន៍ហ្វូងមនុស្សនៅពេលលោកស្រីឈានជើងចេញពីយន្តហោះហើយបុគ្គលិកអាកាសយានដ្ឋានបានជូនបាច់ផ្កាដល់លោកស្រី។
ដោយគ្រវីទង់ជាតិនិងស្រែក«ស្វាគមន៍កាលវិលមកស្រុក» ហ្វូងអ្នករង់ចាំស្វាគមន៍បានកាន់បដាដែលសរសេរអក្សរថា«ស្វាគមន៍ការវិលមកកាន់មាតុភូមិ លោកស្រី ម៉េង វ៉ាន់ចូវ»។
មិនមានការចាប់រលាក់ដៃទេដោយសារការបារម្ភអំពីជំងឺកូវីដ១៩ ហើយលោកស្រីបានថ្លែងសុន្ទរកថាខ្លីមួយនៅអាកាសយានដ្ឋាន។លោកស្រីបាននិយាយថា«ក្រោយការទទួលទារុណកម្មអស់ជាង១.០០០ថ្ងៃ នៅទីបំផុតខ្ញុំបានវិលមកឳបក្រសោបមាតុភូមិវិញ។ខ្ញុំវិលមកមាតុភូមិវិញហើយ ។ជាពលរដ្ឋចិនធម្មតាម្នាក់ដែលបានទទួលរងស្ថានភាពបែបនេះនិងជាប់នៅបរទេសអស់ពេលជិត៣ឆ្នាំ គ្មានពេលណាដែលខ្ញុំមានអារម្មណ៍ថាគណបក្សកុំម្មុយនីស្ត មាតុភូមិនិងប្រជាជនចិនមិនបារម្ភខ្វល់ខ្វាយអំពីរូបខ្ញុំនិងមិនផ្តល់ភាពកក់ក្រៅចំពោះខ្ញុំឡើយ»។
«ប្រធានាធិបតី ស៊ី ជីនភីង ខ្វល់ខ្វាយអំពីសុវត្ថិភាពគ្រប់គ្នា និងពលរដ្ឋចិនគ្រប់ៗគ្នា រួមទាំងរូបខ្ញុំ។ខ្ញុំរំជួលចិត្តណាស់ចំពោះអំពើនេះ។ខ្ញុំក៏សុំអរគុណផ្នែកពាក់ព័ន្ធចំពោះការគាំទ្រនិងជួយខ្ញុំ។ពួកគេការពារដាច់ខាតសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់សហគ្រាសនិងពលរដ្ឋចិន។មាតុភូមិនេះផ្តល់ការគាំទ្រយើងខ្លាំងក្លាណាស់។ក្នុងនាមជាពលរដ្ឋសាមញ្ញម្នាក់ ខ្ញុំមានមោទនភាពចំពោះមាតុភូមិរបស់ខ្ញុំ»។
យោងតាមបែបបទសុខាភិបាល លោកស្រីម៉េងត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្រោយមកដល់ចិន។
សូមរំលឹកថា លោកស្រីម៉េង វ៉ាន់ចូល នាយកហិរញ្ញវត្ថក្រុមហ៊ុនHuaweiត្រូវបានសមត្ថកិច្ចកាណាដាចាប់ខ្លួនតាមសំណើរបស់អាម៉េរិកកាលពីថ្ងៃ១ធ្នូ ឆ្នាំ២០១៨នៅអាកាសយានដ្ឋានក្រុងវែនខូវើ។លោកស្រីបានឆ្លើយបដិសេធថាមិនបានប្រព្រឹត្តខុសនៅគ្រប់ការចោទប្រកាន់ប្រឆាំងលោកស្រី និងនៅទីបំផុតបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមរដ្ឋអាជ្ញាអាម៉េរិកនិងនាំដល់ភាគីអាម៉េរិកបានដកចេញសំណើធ្វើការបញ្ជូនខ្លួន(បត្យាប័ន)លោកស្រី៕
លោកស្រី ម៉េង វ៉ាន់ចូវ បានមកដល់ទីក្រុង សិនចិនភាគខាងត្បូងកាលពីយប់ថ្ងៃសៅរ៍ តាមយន្តហោះឈ្នួលមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលចិន។លោកស្រីបក់ដៃដាក់ហ្វូងមនុស្សនៅអាកាសយានដ្ឋានក្រុងសិនចិន មុនចុះមកថ្លែងសុន្ទរកថា