វិស័យ​ការទូត​របស់​តៃវ៉ាន់​ជួប​ការលំបាក​ជាង​ពេលណាៗ​ទាំងអស់​ក្នុងសម័យ​អាមេរិក​-​ចិន​ប្រ​ឈ​មុខ​ដាក់គ្នា​

1237
ចែករម្លែក

​វិស័យ​ការទូត​មិន​ដែលមាន​ភាពងាយស្រួល​សម្រាប់​តៃវ៉ាន់​ទេ ហើយ​វា​កាន់តែ​ស្មុគស្មាញ​ជាង​ពេលណាៗ​ទាំងអស់ នៅពេល​តៃវ៉ាន់​ជាប់ផុង​នៅ​ចន្លោះ​កណ្តាល​រវាង​សហរដ្ឋអាមេរិក​ក្រោម​មេដឹកនាំ​ពិបាក​ទស្សន៍ទាយ​ទុកជាមុន និង ចិន​ដ៏​អាងយ៉ាង ដែល​អះអាងថា​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លាំងៗ​របស់គាត់​ជាថ្មី​ម្តងទៀត​ជុំវិញ​ការដាក់​គំនាប​ពី​ចិន លោកស្រី សៃ អ៊ីង​វេន ប្រធានាធិបតី​តៃវ៉ាន់ បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ទាប់ពី​ប្រទេស​បួ​គី​ណា​ហ្វា​សូ បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃប៉ិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ឧសភា​។​

​លោកស្រី​សៃ​បាន​និយាយថា ចិន​កំពុង​បង្ហាញ​ពី​ការភិតភ័យ​ជុំវិញ “​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដែលមាន​គំនិត​ដូចគ្នា​”​។​

​សហរដ្ឋអាមេរិក​នៅតែ​ជា​សម្ព័ន្ធមិត្ត​មានអំណាច​បំផុត​របស់​តៃវ៉ាន់ និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ឈានមុខ​គេ​នៅ​កោះ​តៃវ៉ាន់ បើទោះបីជា​អាមេរិក​បាន​បោះបង់ចោល​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៧៩ ដើម្បី​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ តៃវ៉ាន់​អាច​សម្រេចបាន​ដំណោះស្រាយ​ជាច្រើន ក្នុងនោះ​រួមមាន លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ជា​និមិត្តរូប​មួយ ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​មន្ត្រីជាន់ខ្ពស់ និង ទីក្រុង​វ៉ាស៊ីនតោន​បានផ្តល់​ការយល់ព្រម​ចេញ​អាជ្ញា​បណ្ណ​ចាំបាច់​ដើម្បី​លក់​បច្ចេកវិជ្ជា​នាវាមុជទឹក​ទៅ​តៃវ៉ាន់​។​

​ប៉ុន្តែ​ខណៈដែល​ទំនាក់ទំនង​របស់​តៃវ៉ាន់​ជាមួយ​សហរដ្ឋអាមេរិក​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​របស់ខ្លួន​នោះ តៃវ៉ាន់​ក៏ត្រូវ​ការការពារ​ខ្លួន​ប្រឆាំងនឹង​ប្រទេស​ចិន​ដែលជា​ការគំរាមកំហែង​ផ្នែក​យោធា​ដ៏​ធំ​បំផុត​របស់ខ្លួន​ផងដែរ ប៉ុន្តែ​ចិន​ក៏​ជាទី​ផ្សារ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ការនាំចេញ​របស់​កោះ​មួយ​នេះ​ផងដែរ​។​

​មន្ត្រី​ប៉េកាំង​បាន​ពណ៌នា​សមយុទ្ធ​យោធា​របស់​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់​ថា​ជាការ​ព្រមាន​មួយ​ប្រឆាំងនឹង​ការអះអាង​សិទ្ធិ​អធិបតេយ្យភាព​របស់​តៃវ៉ាន់​។ ក្រុមអ្នកវិភាគ​និយាយថា សមយុទ្ធ​ទាំងនោះ​ក៏​ជា​សារ​មួយ​ទៅកាន់​វ៉ាស៊ីនតោន​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់ លោក យ៉ូ​សេប វូ ដែល​បាន​លាលែង​ពី​តំណែង​ជុំវិញ​ប្រទេស​បួ​គី​ណា​ហ្វា​សូ​កាត់​ផ្តាច់ទំនាក់ទំនង បានឱ្យដឹង​កាលពី​ដើមខែ​នេះ​ថា ការជំរុញ​ទំនាក់ទំនង​បន្ថែមទៀត​រវាង​តៃវ៉ាន់​និង​អាមេរិក គួរតែ​ត្រូវបាន​ធ្វើឡើង “​ដោយ​ប្រុងប្រយ័ត្ន​”​។​

​លោក​បាន​ណែនាំ​រដ្ឋាភិបាល​ឱ្យ​ស្វែងរក “​ការជំរុញ​រក​ផលប្រយោជន៍​ទ្វេភាគី ដោយ​មិនបង្កើត​បញ្ហា​ណាមួយ​សម្រាប់​អ្នកដទៃ​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​សៃ​បាន​និយាយថា ចិន​កំពុង​បង្ហាញ​ពី​ការភិតភ័យ​ជុំវិញ “​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដែលមាន​គំនិត​ដូចគ្នា​”

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ