ដោយៈ សុផល / ​ភ្នំពេញ​៖ អង្គការ​យូណេស្កូ​, ក្រសួង​ព័ត៌មាន​, ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​, ដេ​ប៉ា​តឺ​ម៉​ង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នៃ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ រួមទាំង អង្គការ​សង្គម​ស៊ីវិល នឹង​ប្រារព្ធ​ទិវា​អន្តរជាតិ សម្រាប់​សិទ្ធិ ទទួលព័ត៌មាន ជាស​កល ឆ្នាំ​២០២១ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ​។​

​ប្រធានបទ នៅ​ឆ្នាំនេះ មាន​ចំណងជើង​ថា “​សិទ្ធិ​ដឹង​៖ ការកសាង​ឱ្យ​ប្រសើរ​ឡើងវិញ ជាមួយនឹង​សិទ្ធិ​ទទួល ព័ត៌មាន​” ប្រធានបទ​នេះ នឹង​គូសបញ្ជាក់ អំពី​សារសំខាន់ នៃ​ការពង្រីក ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ការអនុវត្ត ច្បាប់​ទាំងនោះ នៅ​ទូទាំង​ពិភពលោក ដើម្បី​កសាង​ស្ថាប័ន​ដ៏​រឹងមាំ សម្រាប់​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​ដើម្បី​ប្រកាន់ខ្ជាប់ នូវ​ចក្ខុវិស័យ នៃ​សារព័ត៌មាន ដែលជា​ប្រយោជន៍​សាធារណៈ ក៏ដូចជា ពង្រឹង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ ក្នុងការ​អនុវត្ត​សិទ្ធិ ក្នុងការ​ទទួលបាន​ព័ត៌មាន ដែលជា​សិទ្ធិ​មូលដ្ឋាន​។​

​លើសពីនេះទៅទៀត ការពិភាក្សា​ជាស​កល ស្តីពី “​ការកសាង​ឱ្យ​ប្រសើរ​ឡើងវិញ នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​“ គឺ​ស្របទៅនឹង​បរិបទ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។ ជំងឺរាតត្បាត​កូ​វីដ​១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ប្រទេស និង​សង្គម​នានា​នៅ​ជុំវិញ​ពិភពលោក ហើយ​សិទ្ធិ​ក្នុងការ ទទួលបាន​ព័ត៌មាន​គឺជា​គន្លឹះ​ដែល​ជម្រុញឱ្យមាន​ការទទួល​បាន​ទិន្នន័យ​, ព័ត៌មាន​, និង​ចំណេះដឹង អោយ​កាន់​តែមាន ភាពទូលំទូលាយ និង​ផ្តល់​អំណាច ​ដល់ប្រជាពលរដ្ឋ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​អនាគត ឱ្យ​កាន់តែ​ប្រសើរ​។​

​នៅក្នុង​សារ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ នាយិកា​អង្គការ​យូណេស្កូ លោកស្រី Audrey Azulay បាន​មានប្រសាសន៍ថាៈ “​ការទទួលបាន​ព័ត៌មាន ដែល​អាច​ជឿ​ទុកចិត្តបាន អាចជួយ​សង្គ្រោះ​ជីវិត​។ ព័ត៌មាន​មិន​ពិត និង​ពាក្យ ចចាមអារ៉ាម អាច​បង្ក​គ្រោះថ្នាក់​។ មេរៀន​ដ៏​សាមញ្ញ​មួយ​នេះ គឺជា​មេរៀន​មួយ ដែល​យើង​បាន​រៀន​ពី​ការខូចខាត​ប្រយោជន៍ របស់​យើង ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ មិន​ថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរាតត្បាត​ជាស​កល ឬ​ការគាំទ្រ​ការ ជជែក​ដេញដោល ជា​សាធារណៈ​ទេ យើង​ត្រូវការ​ព័ត៌មាន​សេរី ដែល​អាច​ទុកចិត្តបាន និង​ឯករាជ្យ ដែលជា​មូលដ្ឋាន គ្រឹះ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​”​។​

​នៅក្នុង​សុន្ទរកថា​នេះ លោកស្រី បាន​អំពាវនាវ​ដល់ រដ្ឋាភិបាល​ជុំវិញ​ពិភពលោក ឱ្យ​អនុម័ត​ច្បាប់ ទាក់ទង​នឹង​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ធានាថា ប្រជាពលរដ្ឋ អាចធ្វើ​ការសម្រេច ចិត្តបាន ត្រឹមត្រូវ ដោយ​ផ្អែកលើ​ព័ត៌មាន មាន​សុខ​ភាពល្អ និង​សុវត្ថិភាព និង​រីករាយ ជាមួយនឹង​ការទទួលបាន សិទ្ធិមនុស្ស ជា​មូលដ្ឋាន យ៉ាង​ពេញលេញ​។​

​ដើម្បី​ប្រារព្ធ​ទិវា​នេះ អង្គការ​យូណេស្កូ ប្រចាំ​ប្រទេស​កម្ពុជា នឹង​បង្កើត​យុទ្ធនាការ តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី បង្ហាញ​ពី​សារសំខាន់ នៃ​សិទ្ធិ ក្នុងការ​ទទួលបាន​ព័ត៌មាន សម្រាប់​មនុស្ស​គ្រប់គ្នា ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិមនុស្ស ជា​មូលដ្ឋាន ដើម្បី​ធានាថា មិន​ទុក​នរណាម្នាក់​ចោល​។ យូណេស្កូ បាន​ពាំ​នាំនូវ សំលេង​ចម្រុះ របស់​ប្រជាជន​កម្ពុជា ដែលមាន​សាវតារ ខុសៗ​គ្នា ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម ក្នុងការ​ស្វែងរក និង​ការទទួលបាន​ព័ត៌មាន ដែល​ចាំបាច់ ដើម្បី​សម្រេចចិត្ត​ឱ្យបាន​ត្រឹម និង​ធ្វើឱ្យ​ការរស់នៅ​របស់​ពួកគេកាន់តែ​ប្រសើរឡើង​។ យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី រដ្ឋាភិបាល ដែលជា​អ្នក​បង្ហាញ អំពី​ជំហាន​នីមួយៗ ដើម្បីឱ្យ​សាធារណជន ទទួលបាន​ព័ត៌មាន និង​ការចូលរួម​ពី អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ពាក់ព័ន្ធ ដើម្បី​ចែករំលែក​មតិ ឬ​ការយល់ឃើញរបស់​ពួកគេ លើ​ប្រធានបទ ថា​តើ​សិទ្ធិ​ទទួល​ព័ត៌មាន អាចជួយ​ដល់​បុគ្គល​ម្នាក់ៗ ឱ្យ​យល់ដឹង​ពី បញ្ហា​ប្រឈម នាពេល​បច្ចុប្បន្ន និង​គូសបញ្ជាក់ ពី​សារសំខាន់ នៃ​ការធានា​ស្របច្បាប់ សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន ជា​សាធារណៈ​បាន​ដោយ​បៀ​ប​ណា​។​

​នៅ​ចុងបញ្ចប់ នៃ​យុទ្ធនាការ​នេះ យូណេស្កូ និង​ដេ​ប៉ា​តឺ​ម៉​ង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នឹង​ផ្សាយ​កម្មវិធី​ទូរ​ស្សន៍​មួយ ដែល​ប្រជាពលរដ្ឋ អាច​ចូលរួម​ពិភាក្សា អំពីតួនាទី​នៃ​សេរីភាព ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិ​ដឹង ដែលជា​ចលករ យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​។​

​ក្នុងនាម​ជា​អង្គការ​មួយ ក្នុង​សម្ព័ន្ធ​របស់​អង្គការសហប្រជាជាតិ ដែល​ទទួលបន្ទុកលើកកម្ពស់ ការផ្សព្វផ្សាយ ពី​លំហូរ​នៃ​គំនិត​សេរី តាមរយៈ​ពាក្យសំដី និង​រូបភាព យូ​ណេ​ស្ត សហការ​ជាមួយ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) និង​ដៃគូ​សហការ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ស៊ុយអែត (SIDA) កំពុងតែ​ធ្វើ​​ការ​ជាមួយគ្នា ដើម្បី​ឆ្ពោះទៅរក​ការពង្រឹង លើ​សិទ្ធិ​ទទួល​ព័ត៌មាន សេរីភាព ក្នុងការ​បញ្ចេញមតិ និង​ការអភិវឌ្ឍ ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​កម្ពុជា​៕/V​