​ដោយ​: សុខុម / ស្ទឹងត្រែង​: ប្រមុខ​រាជរដ្ឋាភិបាល ប្រទេស​កម្ពុជា បានផ្ដល់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន ២០ ម៉ឺន​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​កាលពី​ថ្ងៃទី ២៨ ខែកញ្ញា​ឆ្នាំ​២០២១​។​

​ភាគី​កម្ពុជា លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពី​ធី​ប្រគល់ វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២០ ម៉ឺន​ដូ​ស ដែលជា​ជំនួយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូន​ដល់​រដ្ឋាភិបាល​ឡាវ និង​ប្រជាជន នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ដើម្បី​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩​។​

​តំណាង​ភាគី​ឡាវ ដែល​បាន​អញ្ជើញ មក​ទទួល​ជំនួយ វ៉ាក់សាំង​នេះ មាន​លោក​បណ្ឌិត ប៊ុន​ហ្វេ​ន ភូមិ​ម៉ាឡៃ​ស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួង សុខាភិបាល និង​ជា​អនុប្រធាន​គណៈកម្មការ ការពារ ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ និង​លោកស្រី ធិ​ប​ផា​កន ច័ន្ទ​ថាក់​វង្សា អនុរដ្ឋមន្ត្រី ជា​អនុប្រធាន ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។​

​ពិធី​ប្រគល់ – ទទួល​ជំនួយ​នេះ បាន​ប្រព្រឹត្តិ​ទៅ នៅ​ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ក្រៀល (​កម្ពុជា​) និង​ច្រកទ្វារព្រំដែន ណុង​ណុ​ក​ខៀន (​ឡាវ​)​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បានបញ្ជាក់​ថាៈ ការសម្រេច​ផ្ដល់​វ៉ាក់សាំង​របស់​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ គឺជា​ការបង្ហាញ នូវ​ការយកចិត្តទុកដាក់ ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​សុខមាលភាព របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ ដែល​រស់​នៅជាប់​ព្រំដែន ជាមួយគ្នា​។​

​ការផ្ដល់​វ៉ាក់សាំង​ជូន​រដ្ឋាភិបាល​ឡាវ​នៅពេលនេះ នឹង​សំដៅ​ការលើកកម្ពស់ ផ្នែក​សុខមាលភាព កាន់តែ​ល្អប្រសើរ​ថែមទៀត សម្រាប់​ប្រជាជន​ឡាវ ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក្នុងនាម​ជា ប្រទេសជិតខាង ភូមិ​ផង​របង​ជាមួយគ្នា​។

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​បន្ថែមថាៈ កាលពីពេល​កន្លងទៅ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បរិច្ចាគ សម្ភារ​បរិក្ខា​ពេទ្យ ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រទេស​មួយចំនួន​ផងដែរ តាម​លទ្ធភាព ជាក់ស្ដែង ដូចជា ប្រទេស​មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត ឡាវ វៀតណាម និង​ប្រទេស នេ​ប៉ាល់ ជាដើម​។​

​លោក​បណ្ឌិត ប៊ុន​ហ្វេ​ង ភូមិ​ម៉ាឡៃ​ស៊ិត រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន គណៈកម្មការ ការពារ​គ្រប់គ្រង ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៃ​ប្រទេស​ឡាវ បាន​សម្តែង​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច លោក អ៊ុច បូរ​រិ​ទ្ធ ដែល​បាន​ផ្តល់ជូន អំណោយ​នូវ វ៉ាក់សាំង Sinovac ចំនួន ២០ ម៉ឺន​ដូ​ស ដល់​ប្រទេស​ឡាវ នាពេលនេះ ក្នុងការ​ចូលរួម​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ កូ​វីដ​-១៩​។​

​លោក បណ្ឌិត ប៊ុន​ហ្វេ​ង ភូមិ​ម៉ាឡៃ​ស៊ិត បានបញ្ជាក់​បន្ថែមថាៈ កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ជូនអំណោយ ជា​គ្រឿង​បរិក្ខារ​ពេទ្យ និង​ម៉ាស់​ជាច្រើន ដល់​រាជរដ្ឋាភិបាល​ឡាវ ដើម្បី​បម្រើ​ឲ្យ​ការងារ ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ និង​ការ​សម្រាក​ព្យាបាល របស់​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​នេះ​ជា​សកម្មភាព​មួយ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ ក្នុងការ​ចូលរួម រក្សា​ឲ្យ​បាន​នូវ ចំណងមិត្តភាព សាមគ្គីភាព យូរអង្វែង​មួយ​នេះ ឲ្យ​នៅ​ស្ថិតស្ថេរ ទៅមុខ​បន្តទៀត​៕/V​