ចាប់ឆ្នោត​លេខ​រៀង​គណបក្ស​នៅ​ថ្ងៃ​អង្គា​រ៍​សប្តាហ៍​ក្រោយ​,​ចំនួន​គណបក្ស​ចូលរួម​ដូចគ្នា​នឹង​នីតិកាល​ទី​១

1072
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ថ្ងៃ​អង្គា​រ៍​ទី​២៩ ខែឧសភា​សប្តាហ៍​ក្រោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោ​បាយ​នៅលើ​សន្លឹកឆ្នោត​ដោយ​សម្តេច​ព្រះសង្ឃរាជ​ទាំងពីរ​គណៈ នៅ​សាលប្រជុំ​អគារ អេស​(S )​នៃ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​សេចក្តីជូន​ដំណឹង​របស់​គ​.​ជ​.​ប​. នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ​។ ចំនួន​គណបក្ស​ចូលរួម​ក្នុងការ​បោះឆ្នោត​នីតិកាល​ទី​៦​នេះ​គឺ​ដូចគ្នា​នឹង​នីតិកាល ទី​១​ឆ្នាំ​១៩៩៣​ដែរ ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ដែរ​។​

​ការចាប់​ឆ្នោត​លំដាប់​លេខ​រៀង​គណបក្សនយោបាយ គឺ​បន្ទាប់ពី​គ​.​ជ​.​ប បានទទួល​ស្គាល់​ជា​ផ្លូវការ​ការចុះបញ្ជី​គណបក្សនយោបាយ​ចំនួន​២០ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​

​គួររំលឹកថា​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣​មាន​គណបក្ស​ចូលរួម​ត្រឹមតែ​៨​គណបក្ស​ប៉ុណ្ណោះ​។ ចំនួន​គណបក្ស​ចូលរួម​ក្នុង​នីតិកាល​ទី​៦​នេះ​គឺ​ដូចគ្នា​នឹង​នីតិកាល​ទី​១​ឆ្នាំ​១៩៩៣​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ដែរ ដែល​កាលណោះ​មាន​ចំនួន​២០​គណបក្ស​។​

​ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ​ទូទាំងប្រទេស​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​២២.៩៦៧​ការិយាល័យ​និង​អ្នកបោះឆ្នោត​៨,៣​លាន​នាក់​៕មន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ