ដោយៈសុផល/ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានស្នើភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់ កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មកវិនិយោគនៅកម្ពុជាដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិកផ្ដល់ជំនួយបច្ចេកទេសជាសម្ភារៈបរិក្ខារសម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវផងដែរ។
លោកទេសរដ្ឋមន្ត្រី បានស្នើបែបនេះនៅជំនួបសម្តែងការគួរសមពីសំណាក់លោក ផាទ្រិក ម័ហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណា ចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។
នៅក្នុងជំនួបនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបាន ប្រសើរឡើងដើម្បីត្រៀមបើក ប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយគម្រោង សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យតាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្តការចេញបណ្ណបើកបរការប្រឡងយកបណ្ណបើកបរនិងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនិងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការចុះអនុស្សារណៈ យោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូនជាមួយនឹងវិស័យ ឯកជន និងសាកលវិទ្យាល័យចិនមួយចំនួនក្នុងការពង្រឹងធនធានមនុស្សលើវិស័យ បច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការ មេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិកជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។
លោកឯកអគ្គរដ្ឋទូតអាមេរិក បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្រោយជំនួបសម្តែងការគួរសមរួចមក លោកទេសរដ្ឋមន្ត្រីបានអញ្ជើញលោកឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិចចុះពិនិត្យមើលទីតាំង និងសម្ភារៈបរិក្ខារសម្រាប់ការផ្ដល់ សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចុះពិនិត្យមើល អាគារ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងទីតាំងសំខាន់ៗ ផ្សេងទៀតរបស់ក្រសួង។លោកទេសរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តកិច្ចសហការ និងទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ៕/PC