​ដោយៈ គង់​ហេង / កំពង់ចាមៈ អភិបាលខេត្ត​កំពង់ចាម បានស្នើ​ក្រុមគ្រូពេទ្យ ឱ្យ​បង្វែរ ឧបករណ៍​ធ្វើតេស្ត រក​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​ផ្អាក​ការយក​សំណាក​ជាទូទៅ ចាប់ពី​ថ្ងៃទី ៣០ កញ្ញា​នេះ មក​យក​សំណាក លើ​អ្នកជំងឺ​ទូទៅ​វិញ គឺ​ដើម្បី​ការពារ​សុខភាព ដល់​ក្រុមគ្រូពេទ្យ តាម​ទីកន្លែង ផ្តល់​សេវា​នានា​វិញ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​មួយ នៅក្នុង​សាលាស្រុក​ចម្ការលើ នៅ​ព្រឹក​ថ្ងៃទី ៣០ កញ្ញា​នេះ​ថាៈ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ផ្អាក គឺ​មិន​តម្រូវឱ្យ​យក​សំណាក តាម​ឧបករណ៍ តេស្ត​រហ័ស រក​មេរោគ​កូ​វីដ ១៩ ទៀត​ទេ គឺ​ត្រូវយក​សំណាក តែ​ទៅលើ​ជនសង្ស័យ ដែលមាន​អាកា​រៈ ក្តៅខ្លួន ក្អក ហៀរ​សំបោរ តាមរយៈ​ការធ្វើ​តេស្ត លើ​ឧបករណ៍​ឈ្មោះ PCR ( Polyme rase Chain Reaction )​។

​ដោយសារ​យើង​មាន​ឧបករណ៍​នេះ​ស្រាប់ ដែលមាន​សមត្ថភាព បានដឹង​លទ្ធផល ចំនួន ១០០ នាក់ ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ​បើ​មាន​ករណី​វិជ្ជមាន​កូ​វីដ ១៩ ប្រភេទ «​ដែល​តា​» ត្រូវ​ប​ញ្ជួ​ន​សំណាក ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ភ្នំពេញ ហើយ​ចំនួន បី​ថ្ងៃ ទើប​ដឹង​លទ្ធផល​។​

​លោក​បាន​បន្ថែមថាៈ ប៉ុន្តែ​ឧបករណ៍​ធ្វើតេស្ត​រហ័ស គឺ​យើង​ធ្វើ​លើ​អ្នកជំងឺ​ទាំងឡាយ ដែល​ចូលមក​ពិនិត្យ​សុខភាព នៅតាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព គឺ​ត្រូវ​ពិនិត្យ​ដោយ ឧបករណ៍​តេស្ត​រហ័ស​នេះ រក​កូ​វីដ ១៩ សិន បើ​អត់​មាន ទើប​អនុញ្ញាតឱ្យ​គាត់ ទៅពិនិត្យ សុខភាព​ជំងឺ​ទូទៅ​។ យើង​ធ្វើបែបនេះ ដើម្បី​ការពារ​សុខភាព ដល់​ក្រុមគ្រូពេទ្យ​យើង តាម​កន្លែង​ផ្តល់​សេវា ហើយ​បើ​មាន​វិជ្ជមាន​កូ​វីដ ១៩ ត្រូវយក​សំណាក PCR ម្តងទៀត​៕/V​