ដោយៈ សុផល / ភ្នំពេញ​៖ ចាប់តាំងពី​ការបង្កើតឱ្យមាន កម្មវិធី​លក់​ផ្លាកលេខ​ពិសេស និង​ពិសេស ផ្ទាល់ខ្លួន នៅ​ឆ្នាំ​២០១៦ រហូតមកដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ ផ្លាកលេខ​ពិសេស លក់បាន​ចំនួន ១៧៩.០៣៤ ផ្លាក ទទួលបាន​ចំណូល​ថវិកា ១៨៦.៣១២.៦៣០.៨០០ រៀល ស្មើនឹង ៤៦.៥៧៨.១៥៨ ដុល្លារ ផ្លាកលេខ​ពិសេស ផ្ទាល់ខ្លួន លក់បាន​ចំនួន ៧៥៧៨ ផ្លាក ទទួលបាន​ចំណូល​ថវិកា ៥៩.៩១២.៦០២.៧០០ រៀល ស្មើនឹង ១៤.៩៧៨.១៥១ ដុល្លារ​។​

​ចំណែក​ចំណូល ពី​ការលក់​លេខ​ចុះបញ្ជី ៩​ខែ ឆ្នាំ​២០២១ បាន​ចំនួន​ជាង ៤៩ ពាន់​លាន រៀល ធៀប​នឹង ៩​ខែ ឆ្នាំ​២០២០ បាន​ចំនួន ៥២ ពាន់​លាន​រៀល ថយចុះ​ចំនួន​៤,២៨%​។ ថវិកា​ដែល​បានមកពី​ការលក់ មួយចំណែក ចូលរួម​ការងារ​សប្បុ​រសធម៌ ការកសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ ថវិកាជាតិ និង​លើកទឹកចិត្ត​មន្ត្រីរាជការ​។

​នេះ​បើ​យោងតាម​លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រធាន​គណៈកម្មការ អន្តរក្រសួង គ្រប់គ្រង​ការលក់ លេខ​ចុះបញ្ជី​រថយន្ត នៅក្នុង​កម្មវិធី វឌ្ឍនភាព​ការងារ វិស័យ​សាធារណការ និង​ដឹកជញ្ជូន (MPWT Live Show) ក្រោម​ប្រធានបទ​៖ ” ការស្វែងយល់​ពី ផ្លាកលេខ​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត ” កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ របស់​គណៈកម្មការ អន្តរក្រសួង គ្រប់គ្រង​ការចុះបញ្ជី​លេខ ពិសេស លេខ​ពិសេស​ផ្ទាល់ខ្លួន ។​

​លោកស្រី រដ្ឋលេខាធិការ បានឱ្យដឹងថាៈ នីតិវិធី​នៃ​ការចុះបញ្ជី​លេខ ពិសេស​ផ្ទាល់ខ្លួន ក៏ដូចជា នីតិវិធី​នៃ​ការចុះបញ្ជី​លេខ​ធម្មតា គឺ​រថយន្ត​មួយ អាច​ចុះបញ្ជី ជាមួយនឹង​លេខ​ចុះបញ្ជី បានតែ​មួយគត់ និង​អាច​ប្រើប្រាស់​បាន​រហូត​។ ទាំង​លេខ​ចុះបញ្ជី​ពិសេស និង​ពិសេស ផ្ទាល់ខ្លួន ម្ចាស់​កម្មសិទ្ធិ នៅពេល​លក់​រថយន្ត ទៅ​អ្នកផ្សេង អាច​ស្នើសុំ​រក្សាទុក​លេខ​ចុះបញ្ជី របស់ខ្លួន សម្រាប់​ទុក​ចុះបញ្ជី​លើ​រថយន្ត​ថ្មី​មួយទៀត ដែល​មិនទាន់​ចុះបញ្ជី របស់ខ្លួន​បាន ឬ​អាច​លក់​ទាំង រថយន្ត និង​ផ្លាកលេខ ទៅ​ជាមួយគ្នា​ក៏បាន​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ ការដាក់ឱ្យ​ដំណើរការ ការលក់​លេខ​ចុះបញ្ជី ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ដ ក្នុង​គោលបំណង ផ្តល់​ជម្រើស​ដល់ ប្រជាពលរដ្ឋ ដែលមាន​លទ្ធភាព អាច​ជ្រើសរើស ផ្លាកលេខ ដែលមាន​លក្ខណៈពិសេស អាច​កុម្ម៉ង់​តាម​ការពេញចិត្ត ព្រមទាំង​ជួយ​សម្រួល ដល់​នីតិវិធី នៃ​ការប្រមូល​ពន្ធ​ថែម ទៀតផង​។ ម្យ៉ាងវិញទៀត នេះ​បង្ហាញ​ឱ្យ ឃើញ​ពី​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​សម្រួល ដល់​ប្រជាពលរដ្ឋ ក្នុង​ការទិញ​លេខ​ចុះបញ្ជី រថយន្ត​ដោយ​ងាយស្រួល តាមរយៈ​ប្រព័ន្ធ​ស្វ័យ ប្រវត្តិ​កម្ម នៃ​យុគសម័យ​បច្ចេកវិទ្យា​។​

​លក្ខណៈសម្បត្តិ​របស់ ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន គឺ​ត្រូវបាន​បោះពុម្ព ដោយមាន​អក្សរ “​កម្ពុជា​” នៅ​ផ្នែក ខាងលើ និង​ការរួមបញ្ចូល​គ្នា នៃ​លេខ​ឡាតាំង ឬ​អក្សរ ចាប់ពី ០១ ដល់ ០៨ ខ្ទង់ បោះពុម្ព​នៅ​ផ្នែក​កណ្តាល ព្រមទាំង​មាន QR Code នៅ​ផ្នែក​ខាងស្តាំ នៃ​ផ្លាកលេខ ហើយ​ផ្លាកលេខ​ពិសេស​នេះ ក៏​អាច​រក្សាទុក​បាន នៅពេល​ដែលមាន ការផ្ទេរកម្មសិទ្ធិ​រថ​យន្ត ផងដែរ​។​

​ចាប់ពី​ថ្ងៃ​បើក​ឱ្យ​ដំណើរការ ជា​ផ្លូវការ ការលក់​លេខ​ចុះបញ្ជី ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ដ ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់ អាចធ្វើ​ការជ្រើសរើស ផ្លាកលេខ​រថយន្ត ដែល​ខ្លួន​ស្រឡាញ់ តាមរយៈ​ការដាក់​ពាក្យ​ស្នើ សុំ​ទិញ ឬ​ការដាក់​ដេញថ្លៃ ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត ដែលមាន​អាសយដ្ឋាន vehicle.mpwt.gov.kh ដោយ​គ្រាន់តែ​ប្រើប្រាស់​គណនី ដែល​ខ្លួន​មាន ឬ​តម្កល់​ប្រាក់ ជាមួយនឹង​ដៃគូ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​បាន​សហការ​ជាមួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​បង្កលក្ខណៈ​ងាយស្រួល តម្លាភាព ទំនុកចិត្ត លឿន​រហ័ស និង​សុវត្ថិភាព​ខ្ពស់​៕/V​