​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ពិតជា​ខ្លាំង​មែន មន្ត្រីនគរបាល ឈ្មោះ ចាន់ វិទូ មិន​ធ្វើតាម​បញ្ជា របស់​អភិបាលខេត្ត​កណ្តាល ដែល​បាន​ឲ្យ​បុគ្គល​រូបនេះ ធ្វើ​ផ្លូវ​ដែល​ខ្លួន (​ចាន់ វិទូ​) បាន​យក គ្រឿងចក្រ​មក​កាយ និង​ឈូសឆាយ ផ្ដាច់​ផ្លូវ​សាធារណៈ​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្លូវ កំពង់​រទេះ ក្នុងភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់ វិញ​នោះ​។ មិនតែប៉ុណ្ណោះ ថែមទាំង​ប្តឹង​មន្ត្រី​ស្រុក ទៅ​តុលាការ ថែម​ទៀតផង​។​

​ទាក់ទង​ករណីនេះ លោក​គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា យ៉ាង​ដូច្នេះ​ថាៈ “ ខ្ញុំ​កំពុង​ពិនិត្យ និង​អនុវត្ត​បន្ត តាម​នីតិវិធី ជូន​ប្រជាជន ទោះបី​គាត់ (​ចាន់ វិទូ​) កំពុង​ប្តឹង​មន្ត្រី​ស្រុក ទៅ​តុលាការ​”​។​

លោក​គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល

​ការបញ្ជាក់​របស់ អភិបាលខេត្ត​កណ្តាល បានធ្វើ​ឡើង បន្ទាប់ពី​រដ្ឋបាលខេត្ត​កណ្តាល បានដាក់​ឱសានវាទ រយៈពេល ១០ ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា រហូតដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ឲ្យ​មន្ត្រីនគរបាល ឈ្មោះ ចាន់ វិទូ ធ្វើ​ផ្លូវ​សាធារណៈ ដែល​ខ្លួន​បាន​យក គ្រឿងចក្រ មក​កាយ និង​ឈូសឆាយ ផ្ដាច់​ផ្លូវ​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្លូវ​កំពង់​រទេះ ក្នុងភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់​វិញ​។ ប៉ុន្តែ​រហូតមកដល់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ ឈ្មោះ ចាន់ វិទូ គឺ​មិន​បានធ្វើ​នោះទេ​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០០ គ្រួសារ មកពី​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​តវ៉ា មុខ​សាលា​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​សុំ​អន្តរាគមន៍ ពី​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដើម្បី​ជួយ​ដោះស្រាយ ពាក់ព័ន្ធ​ទៅនឹង​ករណី​មន្ត្រីនគរបាល ឈ្មោះ ចាន់ វិទូ ដែលមាន​តួនាទី ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​យក​គ្រឿងចក្រ មក​កាយ និង​ឈូសឆាយ​ផ្ដាច់​ផ្លូវ​សាធារណៈ​មួយកន្លែង ស្ថិតនៅ​ចំណុច ផ្លូវ​កំពង់​រទេះ ក្នុងភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។​

​ការតវ៉ា​របស់​ប្រជាពលរដ្ឋ នៅមុខ​សាលាខេត្ត​កណ្តាល គឺមាន​លើក​បដា កាន់​រូប​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​។​

​បន្ទាប់ពី​មានការ​ប្រមូលផ្តុំ​តវ៉ា មុខ​សាលា​ខេត្តកណ្តាល អភិបាលខេត្ត​កណ្តាល បានអនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋ ចូលជួប​ពិភាក្សា ដើម្បី​ស្តាប់ អំពី​ដំណើររឿង​។​

ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០០ គ្រួសារ មកពី​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​តវ៉ា មុខ​សាលា​ខេត្តកណ្តាល

​បន្ទាប់ពី​ស្តាប់​ការលើកឡើង របស់​ប្រជាពលរដ្ឋ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បានប្រគល់​ភារកិច្ច ជូន​រដ្ឋបាល​ស្រុក​កៀនស្វាយ ត្រូវ​ជូនដំណឹង ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត នោះ ទុកពេល​ឲ្យ​ជួសជុល​ធ្វើ​ផ្លូវ ដែល​បាន​កាយ​នោះ​ឡើងវិញ ក្នុង​រយៈពេល ១០ ថ្ងៃ​។ ក្នុងករណី​មិន​អនុវត្តតាម​នោះ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ប្រជាពលរដ្ឋ ជាង ១០០ គ្រួសារ បាន​សំដែង​នូវ​ការអបអរសាទរ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ជួយ​ដោះស្រាយ ជូន​ពួកគាត់ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា អាជ្ញាធរខេត្ត កណ្ដាល គឺជា​អ្នកបម្រើ​ប្រជាពលរដ្ឋ និង​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​។​

​ចំណែក លោក សុខ ពិសិដ្ឋ អភិបាលរង ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថាៈ រដ្ឋបាល​ស្រុក បាន​ចាត់​ក្រុមការងារ​ស្រុក ចុះ​ពិនិត្យ អង្កេត ឃើញថា ផ្លូវ​១​ខ្សែ ដែល​ប្រជាពលរដ្ឋ បានស្នើ​សុំ​ជួយ​អន្តរាគមន៍ គឺ​ពិតជា​ផ្លូវ​សាធារណៈ ដែល​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់ តាំងពី​បូរាណ​មក​។ ហើយ​រដ្ឋបាល​ស្រុក ធ្លាប់បាន​កោះហៅ អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ មក​ដោះស្រាយ ២ លើក​មកហើយ ប៉ុន្តែ​គាត់​ពុំដែល​បាន មក​ចូលរួម​ដោះស្រាយ​នោះទេ​។​

​លោក កូវ ផាន់​នី ប្រជាពលរដ្ឋ ដែល​មក​ចូល​រូ​ម​តវ៉ា បាន​ប្រាប់ថាៈ លោក ចាន់ វិទូ ថៅកែ​រណ្តៅ​ដី និង​ការដ្ឋាន​ខ្សាច់ បាន​យក​គ្រឿងចក្រ មក​ជីក​ផ្តាច់​ផ្លូវ​ពលរដ្ឋ ដែលមាន​ទំហំ ទទឹង ៧ ម៉ែត្រ និង​បណ្តោយ ៦៥០ ម៉ែត្រ យក​អាច​ម៌​ដី​លក់ ដោយ​សំអាងថា ពលរដ្ឋ ធ្វើ​ផ្លូវ​លើដី​របស់ខ្លួន​។​

ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០០ គ្រួសារ មកពី​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​តវ៉ា មុខ​សាលា​ខេត្តកណ្តាល

​លោក កូវ ផាន់​នី បានបញ្ជាក់​ថាៈ “​ខ្ញុំ​ឮសូរ​ថា​ឈ្មោះ ចាន់ វិទូ យកឈ្មោះ​អ្នកធំ មក​អាង ប៉ុន្តែ​ខ្ញុំ​ជឿថា ប្រហែលជា​គាត់​ប្រឌិត ពាក្យសំដី​ខ្លួន​គាត់​ទេ មើលទៅ ពីព្រោះ​លោកធំ ទាំងនោះ គាត់​យក​តួនាទី​គាត់ បម្រើ​រាស្ត្រ មិនមែន​មកជា​ន់​រាស្ត្រ ដូចជា​ពាក្យសំដី​គាត់ និយាយ​ទេ ខ្ញុំ​ជឿថា ពាក្យ​នេះ គាត់​យកមក​គំរាមកំហែង ប្រជាពលរដ្ឋ​ទេ​។ ឈ្មោះ ចាន់ វិទូ ជា​មន្ត្រីប៉ូលិស ក្រសួងមហាផ្ទៃ ហើយ​គាត់​យក​តួនាទី​នេះ មិនមែន​បម្រើ​រាស្ត្រ​ទេ មក​ធ្វើ បាប​រាស្ត្រ​។ ពួក​ខ្ញុំ​ឮសូរ​តែ​ឈ្មោះ អ្នកធំ​មាន​លុយ មានអំណាច ពួក​ខ្ញុំ​មានការ​ភ័យ​ខ្លាំង​បំផុត បាន​រត់​មករក លោក​អភិបាលខេត្ត​”​។​

​តាម​តំណាង​ពលរដ្ឋ​រូបនេះ បាន​ប្រាប់ថាៈ ផ្លូវ​ដែល​លោក ចាន់ វិទូ ជីក​ផ្តាច់ និង​កាយ​យក អាច​ម៌​ដី​លក់​នោះ ជា​ផ្លូវ​ចាស់ ដែល​ពលរដ្ឋ មាន​ដី​នៅ​អម​សងខាង​ផ្លូវ បាន​បរិច្ចាគ​ដី​របស់​ខ្លួន ដើម្បី​ពង្រីក​ផ្លូវ ទំហំ​ទទឹង ៧ ម៉ែត្រ និង​បណ្តោយ ៦៥០ ម៉ែត្រ បានធ្វើ​តំណើរ​ស្រួល ខ្ពស់​ផុត​ទឹក ទៅរក​ត្រី បេះ​បន្លែ សម្រាប់​អាស្រ័យ​ផល និង​ការចូលទៅ​ទី​គោរពបូជា លោកតា​ម្ចាស់​ស្រុក​ជាដើម​។​

​លោក កូវ ផាន់​នី បាន​បន្តថាៈ ក្រោយ​ឈ្មោះ ចាន់ វិទូ កាយ​ផ្លូវ​ផ្តាច់​ហើយ មិន​អនុ​ញ្ញ​ត្ត​ឱ្យ ពលរដ្ឋ ធ្វើដំណើរ​ចេញចូល​ឡើយ ទើប​ពួកគាត់ ជា​ប្រជាពលរដ្ឋ កើតទុក្ខ​មិន​សុខចិត្ត លើកគ្នា​តវ៉ា ជា​បន្តបន្ទាប់ នៅ​ទីតាំង​ដី​ជាក់ស្តែង នៅ​សាលាឃុំ សាលាស្រុក​កៀនស្វាយ និង​នៅថ្ងៃនេះ មានការ​តវ៉ា​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​ស្នើសុំ​អភិបាលខេត្ត លោក​ជួយ ពលរដ្ឋ បាន​ផ្លូវ​រួម​ភូមិ​បុរាណ​មួយ​នេះ យកមកប្រើ​ប្រាស់ ជា​ប្រយោជន៍​រួម​វិញ​៕/V​

មន្ត្រីនគរបាល ឈ្មោះ ចាន់ វិទូ ដែលមិន​ធ្វើតាម​បញ្ជា របស់​អភិបាលខេត្ត​កណ្តាល