ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​តុលាការ​បាន​បញ្ជាក់ថា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ី​ណន និង​ក្រុម​របស់ខ្លួន​ចំនួន ៩​នាក់ គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​បានចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មកម្ល៉េះ​។​នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​។​

​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទទួលបាន​នូវ​លិខិត​របស់លោក យឹម ស៊ី​ណន កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ស្នើសុំ​សម្តេច​តេ​ជោ​ឱ្យជួយ​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដក​ការចោទប្រកាន់​ទាំងឡាយ​មកលើ​ខ្លួន និង​បក្ខពួក ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៩​វិច្ឆិកា ហើយ​លិខិត​របស់លោក យឹម ស៊ី​ណន ត្រូវបាន​សម្តេច​តេ​ជោ​ប្រគល់​ជូនទៅ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យមើល និង​ដោះស្រាយ​។​

​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​ដោយ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយបាន​សម្រេច​បញ្ឈប់​ការចាប់ខ្លួន​លើ​បុគ្គល​ចំនួន ១០​នាក់ មានដូចជា ៖
១. ឈ្មោះ យឹម ស៊ី​ណន ២. ឈ្មោះ ព្រុំ សុខា ៣. ឈ្មោះ ព្រីង ឆេង ៤. ឈ្មោះ ថុង ហូ​ច ៥. ឈ្មោះ យ៉ង់ ស៊ី​ណេ​ត ៦. ឈ្មោះ ឈុន ប៊ុន​ហ៊ា ៧. ឈ្មោះ សុខ រដ្ឋា ៨. ឈ្មោះ ទឹម វ​ណ្ណី ៩. ឈ្មោះ មាស ពិសាល ១០. ឈ្មោះ រស់ សុផល ។ ដូច្នេះ​លោក យឹម ស៊ី​ណន និង​ក្រុម​របស់ខ្លួន មាន​សេរីភាព​ពេញលេញ ក្នុងការ​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​។​

​គួររំលឹកថា លោក យឹម ស៊ី​ណន និង​ក្រុម​របស់ខ្លួន​បាន​អះអាង​តាម​លិខិត​ថា ព្រឹត្តិការណ៍​៩​វិច្ឆិកា​ដឹកនាំ​ដោយ សម រ​ង្ស៉ី ជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង និង​ប្រមាថ​ព្រះមហាក្សត្រ ហើយ​កន្លងមក​ក្រុម​ខ្លួន​បានប្រកាស​ប្រឆាំង​លើ​យុទ្ធនាការ​នេះ​។​

​នៅក្នុង​លិខិត​លោក យឹម ស៊ី​ណន បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សូម​ប្រ​ណិ​ប​ត្តិ​សម្តេច​ពី​ចម្ងាយ និង​សូម​សម្តែង​នូវ​បេ​តិ​សោមនស្ស​ក្រៃលែង ដែល​បានឃើញ សម្តេច​ស្នើ​ឱ្យមាន​ដក​ការចោទប្រកាន់ ចំពោះ លោក បណ្ឌិត សេង សារី ។ នេះ​គឺជា​សុភ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ គួរឱ្យ​កោតសរសើរ និង​គោរព​ពី​មតិ​ជាតិ និង អន្តរជាតិ​។ ក្នុង​ស្មារតី​នេះ ខ្ញុំបាទ និង​សហការី ដែលជា​សមាជិក​ចលនា​យុវជន​ចំនួន​ដប់​រូប​ទៀត ក៏​សូម​សម្តេច​មេត្តា​ស្នើ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យ​ដក​ការចោទប្រកាន់​ទាំងឡាយ​ដោយ​ក្តីមេត្តា និង​ការអនុគ្រោះ​»​។​
​សូម​រម្លឹកថា ព្រឹត្តិការណ៍​៩​វិច្ឆិកា ឆ្នាំ​២០១៩ ត្រូវបាន​បង្កើតឡើង​ដោយ​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី ដោយ​កំណត់​ជា​ពេល​វិល​ត្រឡប់មក ប្រទេស​កម្ពុជា​វិញ ជាមួយនឹង​ការអំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​រាជរដ្ឋាភិបាល និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ងើប​បះបោរ​៕ សរន​