ដោយ ៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ផ្នែក​ឯកជន ៣ ក្រុម បាន​ចាក់ដី រំលោភ​យក​ដី ចំណី​ថ្នល់ ចំណី​ប្រឡាយ លុប​ប្រឡាយ និង​មុខទឹក ព្រមទាំង​ដី​រដ្ឋ នៅ​ជាយ​ខាងកើត និង​អាគ្នេយ៍​ក្រុង​សិរីសោភ័ណ កន្លងមក មកទល់ពេលនេះ មាន ២ ក្រុមហ៊ុន / ឈ្នួ​ញ បាន​អនុវត្តតាម​បញ្ជា​អាជ្ញាធរ និង​ជំនាញ ហើយក៏​សមស្រប​នឹង​ស្ថានភាព គ្រាអាសន្ន ដែល​ទឹកជំនន់ បាន​នឹង​កំពុង​ហក់​ផង​។ ប៉ុន្តែ​នៅ​ក្រុមហ៊ុន គឹម​ឡេង ពិភព​ដី​ល្វែង ឯ​.​ក មួយ ដែល​មិនទាន់​អនុវត្ត​។​

​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ព្រះ​ពន្លា បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ថា​៖ ផ្នែក​ឯកជន / ក្រុមហ៊ុន ដែល​បាន​អនុវត្តតាម បទបញ្ជា​របស់​រដ្ឋបាល​ខេត្ត ក្រុង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម នោះ​គឺ ក្រុមហ៊ុន អ៊ឹង ឈុន​ឡេង ខន់​គ្រឺត (​ក្រឡុក​ស៊ីម៉ងត៍​) ដែលមាន​ដី នៅ​ទីតាំង នៅ​ជិត​សាលាសង្កាត់​ព្រះ​ពន្លា បណ្តោយ​ផ្លូវ​បេតុង ព្រះ​ពន្លា​-​កោះ​ពង​សត្វ ក្នុងភូមិ​ព្រៃ​ឫស្សី និង​ក្រុមហ៊ុន​/​អាជីវករ​ដី​ឡូ​តិ៍ ដី​ល្វែង និង​ផ្សារ​ចិន​ខ្មៅ របស់លោក ឈឹម សារឿន ហៅ ចិន​ខ្មៅ ស្ថិតនៅ​ប្របផ្លូវ​រថភ្លើង ចុង​អតីត​ប៉ា​រ៉ែត ក្រវាត់​ទី​រួម​ខេត្ត ក្នុងភូមិ​ព្រៃ​ឫស្សី ដែរ ។​

​អ្នក​ទាំង ២ នេះ បាន​អនុវត្ត​ដោយ​កាយ​អាចម៍ដី ដែល​លុប​ប្រឡាយ មុខទឹក និង​រំលោភ យក​ដី ចំណីផ្លូវ​សាធារណៈ ចេញ​ហើយ ។ ក្នុងនោះ គ្រឿងចក្រ របស់​អាជ្ញាធរ ក្រុង​សិរីសោភ័ណ និង​របស់​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត ក៏បាន​អន្តរាគមន៍​បន្ថែម ដើម្បីអោយ​ទាន់សភាពការណ៍ ដែល​ទឹកជំនន់ បាន​នឹង​កំពុង​ហក់​ឡើង​ផង ។​

​ចំណែក​ក្រុមហ៊ុន គឹម​ឡេង ពិភព​ដី​ល្វែង ឯ​.​ក (Kimleng Piphopdeylveng Co,.Ltd ) នៅ​ទីតាំង​ទំនប់​ប៉ា​រ៉ែត ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បាន​ចាក់ដី​លុប​ផ្លូវទឹក រំលោភ​យក​ប្រឡាយ​រដ្ឋ ប្រវែង​ជាង ១០០ ម៉ែត្រ តាំងពី​បង្កើត​ទីតាំង ថ្មី​នេះ កាលពីរ​ឆ្នាំកន្លងមក​នោះ នៅ​មិនទាន់​អនុវត្ត ឬ​គោរព​បទបញ្ជា​របស់ អាជ្ញា​ធរមាន សមត្ថកិច្ច​ឡើយ ។​

​ជុំវិញ​ការ​ការអនុវត្ត​មិន​ស្មើភាព​គ្នា ក្នុងករណី​តែមួយ​នេះ លោក ហ៊ុល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ធ្លាប់បាន​និយាយថាៈ បទបញ្ជា​នោះ ត្រូវតែ​អនុវត្ត អោយ​ដូចគ្នា ស្មើភាព​គ្នា មិនមាន​លំអៀង​ឡើយ ។​

​ចំណែក​លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​គ្រឿងចក្រ អេស្កាវ៉ាទ័រ ដល់​ទៅ ៤​គ្រឿង កាយ​អាចម៍ដី​ចេញ បាន​ប្រាប់​រស្មី​កម្ពុជា ថាៈ មន្ទីរ​នឹងធ្វើ​ការកាយ​អាចម៍ដី ដែល​គេ​រំលោភ​ចាក់​លុប ចេញ​ទាំង ៣ កន្លែង  ​គឺ​ធ្វើ​មុន ​ក្រោយ ​ដ្បិត​កម្លាំង និង​គ្រឿងចក្រ ត្រូវ​ចល័ត​ទៅ​ជួយ​ដោះស្រាយ ការងារ​រំដោះ​ទឹក ជំនន់ នៅ​កន្លែង​ផ្សេង​សិន ទើប​មិនទាន់បាន​កាយ​កន្លែង​២​ទៀត (​កន្លែង​របស់​ដី​ឡូ​តិ៍ និង​ផ្សារ​របស់លោក​ឈឹម សារឿន ហៅ​ចិន​ខ្មៅ និង​កន្លែង​របស់​ក្រុមហ៊ុន គឹម​ឡេង ពិភព​ដី​ល្វែង​ឯ​.​ក ​(Kimleng Piphopdeylveng Co,.Ltd ) នោះ ។​

​ទោះយ៉ាងណា សាធារណជន និង​អ្នកតាមដាន​ករណី​រំលោភ​ដី​ចំណីផ្លូវ ដី​ប្រឡាយ​របស់​រដ្ឋ ខាងលើ នៅ​សង្កាត់​ព្រះ​ពន្លា បាន​រិះគន់​មន្ត្រី អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ថា មាន​ភាពលំអៀង ហើយ​បាន​គាបសង្កត់ និង​សម្រុក​កាយ​តែ​ត្រង់​ដី​អ្នកមួយ ។ ឯ​ដី​អ្នក ២ ទៀត មិន​ធ្វើ ហើយ​ចេះតែ​លើក ហេតុផល ឬ​លេស​នេះ លេស​នោះ ។​

​សូម​រំលឹកថា លោក មុំ វណ្ណា ចៅសង្កាត់​ព្រះ​ពន្លា ក៏​ដូច​លោក ហុ​ឹ​ល រ៉ា​យ៉ា អភិបាល ក្រុង​សិរីសោភ័ណ ធ្លាប់បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ខែសីហា​ថាៈ ម្ចាស់​ក្រុមហ៊ុន គឹម​ឡេង ពិភព​ដី​ល្វែង របស់លោក លន់ គឹម​ឡេង នេះ ពិតជា​បាន​រំលោភ​យក​ដី​ប្រឡាយ និង​ចាក់ដី លុប​ប្រឡាយទឹក ដែលមាន​ទ​ទឺង ៨ ម៉ែត្រ គុណ​នឹង​ជាង ១០០ ម៉ែត្រ ហើយ​ថា ជា​ប្រឡាយ ទំនប់​ប៉ា​រ៉ែត នៃ​ក្រវាត់​យុទ្ធសាស្ត្រ ការពារ​ស្រុក​ទី​រួម​ខេត្ត និង​ទី​រួម​ខេត្ត នា​សម័យ សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា មួយ​នេះ មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការរំដោះ​ទឹកជំនន់ នា​រដូវវស្សា​ផង និង​សម្រាប់​បង្ហូរទឹក នៅ​រដូវប្រាំង​ផង ។​

​ជាក់ស្តែង ក្នុង ៣ ឆ្នាំ​ជាប់ៗ​គ្នា កន្លងមក ក្រសួង​ធនធានទឹក និង​អាជ្ញាធរខេត្ត​បន្ទាយ​មាន ជ័យ បាន​ប្រើ​ប្រឡាយ​ព្រះ​ពន្លា​នេះ សម្រាប់​បង្ហូរទឹក ដែល​បូម​ផ្ទេរ​ពី​ស្ទឹង​សិរីសោភ័ណ ទម្លាក់​ទៅ​ប្រឡាយ​ក្តាន់ ត្រង់​ស្ពាន​តា​ផាន់ រួច​រុញ​ចូល​ប្រឡាយ នាំ​ទឹក​មួយទៀត និង​ចុងក្រោយ បាន​ចូល​ស្ទឹង​មង្គល​បូរី ដើម្បី​ឆ្លើយតប​គ្រោះ​ខ្វះ​ទឹក​បរិភោគ និង​ប្រើប្រាស់ នៅ​ស្រុក​មង្គល​បូរី​។​

​លោក​ចៅសង្កាត់ បាន​បន្តថាៈ ក្នុង​សង្កាត់ ត្រូវ​ស្ថាបនា​ប្រឡាយ ៣ ខ្សែ ប្រវែង ៣.០០០ ម៉ែត្រ ក៏​ក្នុងនោះ មាន​ប្រឡាយ​ភ្ជាប់​ពី​ស្ទឹង​សិរីសោភ័ណ តាម​ប្រឡាយ​ប៉ា​រ៉ែត​នេះ ទៅ​ប្រឡាយ​ក្តាន់ ត្រង់​ជិត​ស្ពាន តា​ផាន់​ផងដែរ ៕/V​