​ប្រែ​សម្រួលៈ​វាសនា​/​ប៉ារីស​៖​តុលាការ​បារាំង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​កញ្ញា បាន​សំរេច​ដាក់​គុក​អតីត​ប្រធានាធិបតី នី​កូឡាស សា​កូហ្ស៊ី រយៈពេល​១​ឆ្នាំ​ចំពោះ​ការផ្តល់​ហិរញ្ញវត្ថុ​ខុសច្បាប់​ដល់​​យុទ្ធនាការ​ឈរឈ្មោះ​ជា​ថ្មី​របស់​លោក​សំរាប់​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២​។​វា​ជា​ការ​វាយ​សំពង​ថ្មី​មួយ​ទៀត​ដល់​ជន​ក្រុម​ស្តាំនិយម​រូបនេះ​នៅ​៧​ខែ​ក្រោយ​ពី​លោក​ត្រូវ​បាន​សំរេច​អោយ​​ជាប់គុក​ចំពោះ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​។​

​ទោះជា​យ៉ាងណា សា​កូហ្ស៊ី អាយុ​៦៦​ឆ្នាំ នឹងមិន​បំពេញ​ការ​ជាប់​ទោស​ដោយ​ត្រូវ​ចូល​ដេក​គុក​ទេ ដោយ​សាលក្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សំរេច​ថា​លោក​អាចបំពេញ​វា​នៅផ្ទះ​ដោយ​គ្រាន់តែ​ពាក់កង​​ជើង​អេឡិចត្រូ​ដើម្បី​តាមដាន​សកម្មភាព​រប​ស់លោក​ប៉ុណ្ណោះ​។​

​លោក​ក៏​មិន​បាន​បង្ហាញ​មុខ​មក​ស្តាប់​ចៅក្រម​សំរេច​ក្តី​នេះ​ដែរ​។​វា​ជា​ការដាក់ទោស​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ការផ្តល់​ហិរញ្ញវត្ថុ​ខុសច្បាប់​សំរាប់​យុទ្ធនាការ​បោះឆ្នោត​ក្រោយពី​តុលាការ​បាន​រកឃើញថា​​លោក​សា​កូហ្ស៊ី បាន​ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង​ការត្រួតពិនិត្យ​ចំណាយ​។​

​បើ​តាម​ឯកសារ អតីត​ប្រធានាធិបតី​រូបនេះ​បាន​ចំណាយ​ជិត​២​ដង​នៃ​កំរិត​ប្រាក់​ស្របច្បាប់​២២,៥​លាន​អឺរ៉ូ សំរាប់​យុទ្ធនាការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ថ្មី​តែ​បាន​បរាជ័យ​នៅ​ឆ្នាំ​២០១២​។​ការជួបជុំ​​ឃោសនា​ចាយ​ខ្ជះខ្ជាយ​ស្ទីល​អាម៉េរិក​ជា​បន្តបន្ទាប់រ​បស់​លោក​នាំអោយ​ការចំណាយ​សំរាប់​យុទ្ធនាការ​របស់​លោ​កឡើ​ង​ខ្ពស់​ដល់​ទៅ​៤២,៨​លាន​អឺរ៉ូ​។​

​ក្រោយ​តុលាការ​សំរេច​ក្តី លោក​សាកូ​ហ្ស៊ី​បាន​ប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់​ប្រឆាំង​អ្វីដែល​លោក​បាន​និយាយថា​«​អយុត្តិធម៌​»​មួយ​ហើយ​លោក​បាន​ស្នើសុំ​អោយ​អនុវត្ត​ច្បាប់​លើ​អ្នក​ដទៃ​ដែរ​ដូច​ការ​​អនុវត្ត​ច្បាប់​លើ​រូប​លោក​ដែរ​។​

​មេធាវី​របស់​លោក​សា​កូហ្ស៊ី បាន​និយាយថា កូនក្តី​របស់​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការសំរេច​ក្តីនេះ​។​

​កាលពី​ខែ​មីនា លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​គេ​នៅ​ក្រោយ​សង្គ្រាម ដែល​ត្រូវបាន​តុលាការ​កាត់ទោស​អោយ​ជាប់គុក​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​របស់លោក​ដើម្បី​បាន​ការគាំទ្រ​ពី​ចៅក្រម​​មួយ​រូប​ជា​ថ្នូរ​នឹង​ការសន្យា​ផ្តល់​ការងារ​មួយ​។​

​សូមបញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​ករណី​មូលនិធិ​ឃោសនា​ខុសច្បាប់​នេះ មនុស្ស​១៣​នាក់​ទៀត​រួមមាន​អតីត​អ្នកចាត់ការ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​សា​កូហ្ស៊ី​ក៏​ត្រូវបាន​ចោទប្រកាន់និ​ង​សំរេច​​អោយ​ជាប់គុក​ចាប់ពី​កន្លះ​ឆ្នាំ​ដល់​៣​ឆ្នាំ​៕

​តុលាការ​បារាំង​រកឃើញ​ថា សាកូ​ហ្ស៊ី​បាន​រំលោភ​ច្បាប់​មូលនិធិ​យុទ្ធនាការ​បោះឆ្នោត និង​សំរេច​អោយ​លោក​ជាប់គុក​នៅ​ក្នុងផ្ទះ​១​ឆ្នាំ​