ប្រែសម្រួលៈវាសនា/ហាណូយ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មវៀតណាម គឺក្រុងហូជីមិញកាលពីថ្ងៃព្រហស្បតិ៍ទី៣០កញ្ញា បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ដោយអនុញ្ញាតអោយមានសកម្មភាពអាជីវកម្មនិងសង្គមច្រើនឡើងក្រោយការបិទខ្ទប់អស់ពេល៤ខែ។
ចំណាត់ការនេះមានបំណងជំរុញសេដ្ឋកិច្ចនិងស្តារប្រក្រតីភាពខ្លះមកវិញ ហើយចាប់ផ្តើមរៀនរស់នៅជាមួយជំងឺកូវីដ១៩ ដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍នេះជាខ្លាំងចាប់ពីខែមេសាមកនិងបានរុញចំនួនមនុស្សស្លាប់ពី៣៦នាក់នៅត្រឹមពាក់កណ្តាលខែឧសភាមកដល់១៩.០៩៨នាក់គិតត្រឹមថ្ងៃពុធទី២៩កញ្ញា។
លោកឡេ ហ័រ ប៊ិញ អនុប្រធាននៃគណៈកម្មាធិការប្រជាជនក្រុង បានប្រាប់សន្និសីទកាសែតមួយថា «រាល់ចំណុចត្រួតពិនិត្យឬកុងត្រូលទាំងអស់នៅតាមផ្លូវនឹងត្រូវរើចេញហើយមិនត្រូវការលិខិតអនុញ្ញាតធ្វើដំណើរដូចមុនទេបន្ទាប់ពីថ្ងៃនេះទៅ។យើងបើកទីក្រុងឡើងវិញបណ្តើរៗតែគិតគូរពីសុវត្ថិភាពរបស់អ្នកក្រុងរបស់យើងជាមុន»។
ទីក្រុងដែលមានមនុស្សប្រមាណ៩លាននាក់រស់នៅនេះ បាននិងកំពុងរងគ្រោះខ្លាំងជាងគេពីជំងឺឆ្លងកូវីដ១៩នៅរលកទី៤នេះ ដោយអ្នកស្លាប់ប្រមាណ៨០ភាគរយនិងអ្នកឆ្លងប្រហែលពាក់កណ្តាលក្នុងចំណោមអ្នកឆ្លងសរុបជាង៧៨០.០០០នាក់នៅទូទាំងប្រទេស ស្ថិតនៅក្នុងទីក្រុងភាគខាងត្បូងនេះ។
លោកឡេ ហ័រ ប៊ិញបាននិយាយថា ចាប់ពីថ្ងៃ១តុលានេះទៅ បណ្តាសួនឧទ្យាន គំរោងសាងសង់ ផ្សារទំនើប ហាងកាត់សក់ សណ្ឋាគារផ្ទះសំណាក់ និងភោជនីយដ្ឋានលក់អាហារឬភេសជ្ជយកទៅបរិភោគនៅក្រៅ អាចបន្តដំណើរការឡើងវិញ។
សូមបញ្ជាក់ថាការរឹតបន្តឹងចរាចរណ៍មនុស្សបានបង្ខំអោយបិទរោងចក្រជាច្រើននៅក្នុងខ្សែក្រវាត់ឧស្សាហកម្មរបស់ទីក្រុងនេះជាហេតុនាំអោយមានការព្រមានចេញពីក្រុមពាណិជ្ជករបរទេសខ្លះថាការបិទខ្ទប់យូរពេលនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររើធុរកិច្ចរបស់គេទៅកាន់ប្រទេសផ្សេង។
ក្នុងពេលជាមួយគ្នា អាជ្ញាធរកំពុងបង្កើនការចាក់វ៉ាក់សាំង ដោយអោយអាទិភាពលើកម្មករនិងមនុស្សមានអាយុ៥០ឆ្នាំឡើង។រហូតដល់ពេលនេះ ប្រមាណ១ភាគ៣នៃប្រជាជនក្នុងក្រុងបានចាក់វ៉ាក់សាំងការពារកូវីដ១៩បាន២ដូសពេញលេញ៕
ទីក្រុងហូជីមិញ ចាប់ផ្តើមរើកុងត្រូលចេញនិងផ្សារទំនើបចាប់ផ្តើមបើកឡើងវិញផងដែរកាលពីថ្ងៃ៣០កញ្ញា