ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់អង្គភាព អនុវត្តការងារឲ្យបានល្អ នឹងហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារជំនាញចាំបាច់ បើប្រាប់មិនស្តាប់ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វើឲ្យបែកការណ៍ ហើយជនសង្ស័យបានឃើញ និងធ្វើការគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវ និងតាមដានដើម្បីតាមឃាត់ខ្លួនជនសង្ស័យ។
រូបថតៈលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញប្រព័ន្ធហ្សូមកាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ផងដែរ ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំឲ្យគ្រប់អង្គភាពទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ឲ្យបានល្អដើម្បីម្បីបន្សាបឲ្យបានទាន់ពេលវេលា នៅរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់បង្កឲ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំ និងអង្គភាព៕សរន