ដោយ​:ម៉េង​ឆៃ / ភ្នំពេញ​:កាលពី​ថ្ងៃទី​៣០ ខែកញ្ញា សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​ដោះលែង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុយ​នឹង​ច្បាប់ ចំនួន ២២៩​គ្រឿង មុន​កាលកំណត់​។ រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនោះ ត្រូវបាន​ឃាត់ទុក​នៅតាម​ស្ថានីយ​ជញ្ជីង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​ដោះលែង​រថយន្ត​ខុសច្បាប់​ទាំងនេះ គឺជា​ការលើកលែង​បន្ធូរបន្ថយ និង​ផ្ដល់ឱកាស​សាជាថ្មី ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត ដែល​បាន​ផាកពិន័យ និង​ឃាត់ទុក​យានយន្ត ក្នុង​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។ ជាពិសេស ដើម្បី​គាំទ្រ​ដល់​ការ​រស់​ឡើងវិញ​របស់​វិស័យ​ឯកជន អាច​ប្រកប​អាជីវកម្ម​ឡើងវិញ ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ នៅក្រោយ​វិបត្តិ​កូ​វីដ​១៩​។ ប៉ុន្តែ​យានយន្ត​ទាំងឡាយណា ដែល​មិនទាន់​បង់ប្រាក់​ពិន័យ ត្រូវ​បង់ប្រាក់​ពិន័យ តាមច្បាប់​កំណត់​ជាមុនសិន ទើប​អនុញ្ញាតឱ្យ​ដោះលែង​។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សង្កត់ធ្ងន់​បន្ថែមថា ថ្វីត្បិតតែ​អនុញ្ញាតឱ្យ​ដោះលែង និង​បន្ធូរបន្ថយ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏ពិតមែន ប៉ុន្តែ​សូម​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងឡាយ​គោរព និង​អនុវត្ត​តាមច្បាប់ ស្តីពី ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវតែ​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់ ដោយ​មិនមាន​ការលើកលែង​ជា​លើក​ទី​២ ទៀត​ទេ​។​

​ចំណែក​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​គ្រប់គ្រង​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា យានយន្ត ២២៩​គ្រឿង ដែល​បាន​ឃាត់ទុក​រយៈពេល​មួយឆ្នាំ ក្នុង​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ដោះលែង ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ប៉ុន្តែ​ការអនុវត្ត​ច្បាប់ នៅតែ​រឹតបន្តឹង​យ៉ាង​តឹងរ៉ឹង ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​មិនមាន​ការលើកលែង ជា​លើក​ទី​២​ឡើយ​។​

(រូបថតឯកសារ)

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសថា ក្រសួង នឹង​នៅតែ​បន្ត​រឹតបន្តឹង​លើ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ទោះបីជា​រថយន្ត​ខុសច្បាប់​ចំនួន ២២៩​គ្រឿង ត្រូវបាន​ដោះលែង​ក៏ដោយ​។ ក្រសួង បាន​ប្រាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ទាំងនោះ មក​ទទួល​យានយន្ត នៅតាម​ទីតាំង​រក្សាទុក ចាប់ពី​ថ្ងៃទី​១ ខែតុលា រហូតដល់​ថ្ងៃទី​១៨ ខែតុលា ដោយ​ត្រូវ​បង់ប្រាក់​ពិន័យ ព្រមទាំង​ធ្វើ​កិច្ចសន្យា លែង​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជា​លើក​ទី​២ បន្តទៀត​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ ក្នុង​សេចក្តី​ប្រកាសថា ទោះបីជា​ដោះលែង​រថយន្ត​ខុសច្បាប់​ទាំងនេះ​ក៏ដោយ ក៏​ក្រសួង​នៅតែ​បន្ត​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ដោយ​មិន​យោគយល់ ឬ​លើកលែង​ជា​លើក​ទី​២ ទៀតឡើយ ចំពោះ​យានយន្ត​ទាំងឡាយណា ដែល​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​ជញ្ជីង​អចល័ត ចំនួន ៣៣​កន្លែង និង​ក្រុម​ជញ្ជីង​ចល័ត ២​ក្រុម បាន​ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់ ចំនួន​ជាង ១ ៨០០ ០០០​គ្រឿង​។ ក្នុងនោះ មាន​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ជាង ៥៧០ ០០០​គ្រឿង ស្មើនឹង ៣១ភាគរយ និង​ពិន័យ​ប្រា​ក់ជាង ៣៨០០​លាន​រៀល​។ ផ្លូវ​ដែលមាន​រថយន្ត​ដឹក​លើស​ទម្ងន់​ច្រើនជាងគេ រួមមាន​៖ កំណាត់​ផ្លូវជាតិ​លេខ​៤ លេខ​៦ លេខ​៥ លេខ​៣ និង​ផ្លូវជាតិ​លេខ​១ ជាពិសេស​កំណាត់​ផ្លូវ ដែល​ត​ភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ ដែលមាន​ដូចជា ឡាន​ដឹក​ខ្សាច់ និង​ឡាន​ដឹក​ដី ជាដើម​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ត្រូវបាន​ឃាត់ទុក ត្រូវ​បង់ប្រាក់​ពិន័យ តាមច្បាប់ ហើយ​ត្រូវធ្វើ​កិច្ចសន្យា លែង​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជា​លើក​ទី​២ បន្តទៀត​។ ចំពោះ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ត្រូវបាន​ឃាត់ទុក ហើយ​មិនទាន់​បង់ប្រាក់​ពិន័យ ត្រូវ​មក​ដោះស្រាយ និង​បង់ប្រាក់​ពិន័យ​ឲ្យ​បាន​មុន ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ជា​កំហិត​។ ក្នុងករណី​ផុត​រយៈពេល​កំណត់​នេះ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នឹង​ចាត់វិធានការ​តាម​នីតិវិធី និង​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។​

​ក្រសួង​សាធារណការ ក៏បាន​ប្រកាសថា នឹង​ខិតខំ​ផ្សព្វផ្សាយ ជូនដំណឹង​ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដល់​សាធារណជន​ទូទៅ​ឲ្យ​បាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់ រួមទាំង​ខិតខំ​បន្ត​រឹតបន្តឹង​អនុវត្ត​ច្បាប់ ដោយ​មិន​យោគយល់ ឬ​លើកលែង​ជា​លើក​ទី​២ ទៀតឡើយ ចំពោះ​យានយន្ត​ទាំងឡាយណា ដែល​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

​មន្ត្រី​ជំនាញ ផ្នែក​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ត​ត្រួតពិនិត្យ និង​ចាប់​ឃាត់​រថយន្ត​ផ្ទុក​លើស​ទម្ងន់ តាម​គោលដៅ​នានា​។ តាម​របាយការណ៍ រថយន្ត​ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់ ចាប់ពី ៥​តោន រហូតដល់ ៣២​តោន ក្នុង ១​គ្រឿងៗ​។ ក្នុងនោះ បើ​រថយន្ត​ណា ដឹកទំនិញ​លើស​ទម្ងន់​កំណត់ ចាប់ពី ២០ភាគរយ​ឡើងទៅត្រូវ​ពិន័យ​ជា​ប្រាក់ តាមច្បាប់​កំណត់​រួចហើយ និង​ត្រូវ​ចាប់​ឃាត់ទុក រយៈពេលមួយ​ឆ្នាំ​។

​ការផ្ទុក​ទំនិញ​លើស​ទម្ងន់​នេះ បាន​បង្ក​មហន្តរាយ​ខ្លាំងជាងគេ គឺ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​មុន​អាយុកាល និង​បាក់​ស្ពាន រួមទាំង​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀតផង​។ ដូច្នេះហើយ​បានជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ទាក់ចាប់​ថ្លឹង​រថយន្ត និង​ឃាត់ទុក ផាកពិន័យ ចំពោះ​រថយន្ត ដែល​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​។​

​ចំពោះ​ការដោះលែង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ទាំង ២២៩​គ្រឿង ដែល​ឃាត់ទុក​នាពេលនេះ គឺ​មន្ត្រី​ជំនាញ បានរៀបចំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ទាំងនោះ ចុះកិច្ចសន្យា ឈប់​ផ្ទុកទំនិញ​លើស​ទម្ងន់​តទៅទៀត​។ តែបើ​ចាប់បាន​លើក​ក្រោយ មិនត្រូវ​លើកលែង​ទៀតឡើយ​។ ផាក​តាមច្បាប់ និង​ឃាត់ទុកមួយ​ឆ្នាំ តាម​កំណត់​។ បើ​នៅតែ​មិន​រាងចាល ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ហើយ​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​នោះ និង​ដកសិទ្ធិ​អ្នកបើកបរ​រថយន្ត​ល្មើស​នោះ​តែម្តង​។

​ដើម្បី​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់​នេះ​ទៅបាន ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ ត្រូវធ្វើ​ការងារ​នេះ ដោយ​ហ្មត់ចត់ គ្មាន​អន្តរាគមន៍ គ្មាន​ការយោគយល់ និង​ដោយ​មិន​លើកលែង​នោះទេ​។ រថយន្ត​ណា​ល្មើស ត្រូវ​ចាត់ការ​តាមច្បាប់​។ រីឯ​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​ទំនិញ ទាំង​ជញ្ជីង​អចល័ត និង​ទាំង​ក្រុម​ជញ្ជីង​ចល័ត ក៏​ត្រូវតែ​អនុវត្ត​នូវ​ភារកិច្ច​ការងារ​របស់​ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់ គ្មាន​ការស៊ីសំណូក​សូកប៉ាន់​ពី​ឈ្មួញ​អ្នករកស៊ី​ដឹកជញ្ជូន ឬ​ពី​ឡាន​ដឹកជញ្ជូន​ទាំង​នោះឡើយ​។ បើ​រកឃើញ​មន្ត្រី​ណា ឃុបឃិត បណ្តោយ​ឲ្យ​មាន​ឡាន​ដឹកជញ្ជូន​លើស​ទម្ងន់ ត្រូវ​ចាប់​មន្ត្រី​នោះ យកទៅ​ផ្តន្ទាទោស និង​ដកតំណែង ដោយ​គ្មាន​យោគយល់​ទេ​។​

​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន និង​អ្នកបើកបរ ម្ចាស់​ឡាន​ដឹកជញ្ជូន ក៏ត្រូវ​ចូលរួម​គោរព​ច្បាប់ ហើយ​ដឹកជញ្ជូន​ទំនិញ មិន​ឲ្យ​លើស​ទម្ងន់​កំណត់​នោះទេ​។ រកស៊ី យកចំណេញ​ខ្លួនឯង តែ​កុំ​បំផ្លាញ​ផ្លូវ បំផ្លាញ​ផលប្រយោជន៍​សាធារណៈ​។ នោះ​ទើប​លុយ ដែល​រកបាន ជា​ទ្រព្យ​ត្រជាក់ត្រជុំ ហើយ​សង្គម​គាំទ្រ​៕​សរន