អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បដិសេធ​រឿង​ក្រុម​ជួញដូរ​អាវុធ​នាំ​ចេញពី​កម្ពុជា​ទៅ​លក់​នៅ​ថៃ​

2397
ចែករម្លែក
  • 128
    Shares

(​ភ្នំពេញ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បានធ្វើការ​បដិសេធថា​មិនមាន​ការនាំ​អាវុធ​ចេញ​​ពី​យោធភូមិភាគ​ទី​៥ នៅក្នុង​ខេត្តបន្ទាយមានជ័យ យកទៅលក់​នៅ​ថៃ​នោះទេ​។ ការបដិសេធ​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា នេះ គឺ​បន្ទាប់ពី​ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន និង​បាន​ឆ្លើយ​សារភាពថា​អាវុធ​ទាំងនោះ​នាំ​​ចេញពី​យោធភូមិភាគ​ទី​៥ នៅក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​នាំយកទៅ​លក់​ឲ្យ​ជនជាតិ​ថៃ​២​នាក់​។​

​សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ថៃ​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​អាវុធ​ធុន​ធ្ងន់​រួមមាន កាំភ្លើងត្បាល់​ប្រភេទ​៨២​មី​លី​​ម៉ែត្រ ចំនួន​២​ដើម និង​៨០​មី​លី​ម៉ែត្រ ចំនួន​១​ដើម ព្រមទាំង​គ្រាប់​រ៉ុ​ក​កែ​ត ៣​ឈុត រថយន្ដ​៣​គ្រឿង និង​ទូរស័ព្ទ​៦​គ្រឿង​។ ការបង្ក្រាប​នេះ​នៅត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង ស្ថិតនៅលើ​កំណាត់​ផ្លូវ​លេខ​៣៥៩ ក្នុងភូមិ​៧ ឃុំ​ស្រះ​ខ្វាន់​ស្រុក​មឿង​ស្រះកែវ ខេត្ត​ស្រះកែវ កាលពី​វេលា​ម៉ោងជាង​១២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​ទាក់ទង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា មិនមាន​រឿងនេះ​ទេ លោក​បាន​ត្រួតពិនិត្យ​អស់ហើយ មិនមាន​ទេ ដោយ​លោក​បាន​ពិនិត្យ​ទៅតាម​តំបន់​ភូមិភាគ​៥​និង​នៅតាម​កងពល​ដែល​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន គឺ​មិនមាន​ករណី​នឹង​ទេ ដោយ​នៅតាម​កងពល តាម​ភូមិភាគ គឺ​អត់​មាន​បាត់​អាវុធ​ទេ​។​ហើយ​ចំពោះ​ព័​ត៌​​មាន​នេះ គឺ​មិន​ពិត និង​មិនអាច​យកជាការ​បានទេ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា “​បញ្ហា​គ្រប់គ្រង​អាវុធ​នៅ​ប្រទេស​កម្ពុជា​យើង​ណែន​ណាស់​ម៉ត់ចត់​ណាស់​នៅក្នុង​ឃ្លាំង​យើង​​ដូចជា​អត់​បាត់បង់​ទេ ហើយ​ការកាន់កាប់​អាវុធយុទ្ធភណ្ឌ គឺ​យើង​មាន​បញ្ជី​ត្រូ​ម​ត្រូវ​។ សូម​បដិសេធចោល​ចំពោះ​ព័ត៌មាន​ថា​ចេញពី​​កម្ពុជា​ទៅ​”៕ដោយ៖មុនីរត្ន

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា
កាំភ្លើងត្បាល់ ប្រភេទ​៨២​មី​លី​ម៉ែត្រ និង​៨០​មី​លី​ម៉ែត្រ និង​គ្រាប់​រ៉ុ​ក​កែ​ត ៣​ឈុត និង​ជនល្មើស​

 

ទីតាំងផ្សាយពាណិជ្ជកម្ម