ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ រថយន្ត​ម៉ាក​តូយ៉ូតា កាមរី​១​គ្រឿង បើក​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ឡើង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ទៅបុក​ម៉ូតូ ២ គ្រឿង បណ្តាល​ឲ្យ មនុស្ស ២ នាក់ ស្លាប់ នៅនឹងកន្លែង និង ១ នាក់​ទៀត របួសធ្ងន់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២១ លើ​កំណាត់ ផ្លូវជាតិ​លេខ ២៥៦៣ ខាងលិច​សាលាឃុំ​គោក​រមៀត ក្នុងភូមិ​ក្បាលស្ពាន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត បាន​ប្រាប់​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ដែល​ស្លាប់មាន
១-​ឈ្មោះ ប៊ិន ដា ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បើក​ម៉ូតូ​ម៉ាក​ហុងដា វេ​វ អាល់​ហ្វា c100 ពណ៌​ខៀវ ទឹកប្រាក់ គ្មាន​ស្លាក​លេខ ស្លាប់​នៅ​កន្លែងកើតហេតុ​។ ២-​ប្រពន្ធ​របស់​ប៊ិន ដា ជា​អ្នករួមដំណើរ​ជាមួយ ឈ្មោះ កៃ យ៉ុ​ន អាយុ ៥២ ឆ្នាំ របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី​។ ៣-​ឈ្មោះ ប្រម ថៃ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បើកបរ​ម៉ូតូ​ម៉ាក​ហុងដា វេ​វ 110 ពណ៌​ទឹកប្រាក់​ខៀវ គ្មាន​ស្លាក​លេខ បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​មង្គល​បូរី ។​

​នគរបាល បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថាៈ មុនពេល​កើតហេតុ ម៉ូតូ ២ គ្រឿង បានធ្វើ​ដំណើរ ពី​ទិសខាងកើត ទៅខាង​លិច ពេល​ជិះ​ដល់​ចំណុចកើតហេតុ ពេលនោះ រថយន្ត​តូយ៉ូតា កាមរី ១​គ្រឿង ពាក់​ស្លាក​លេខ សៀមរាប 2A-3202 ពណ៍​បៃតងចាស់ បើក​ពី​ទិស​ខាងលិច ទៅខាង​កើត ក្នុងទិសដៅ​ផ្ទុយគ្នា បើក​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ឡើង​ជែង​ទាំងយប់ ទៅបុក​ម៉ូតូ ២ គ្រឿង បណ្តាល​ឲ្យ​មនុស្ស ២ នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង ១​នាក់​ទៀត រងរបួស​ធ្ងន់ ។​

​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក បាន​ធ្លាក់ចូល ក្នុង​វាលស្រែ អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់ ៕/V​