ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ក្រោយពី​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង បាន​អនុញ្ញាតអោយ​វិទ្យាល័យ អនុវិទ្យាល័យ មួយចំនួន បើក​ដំណើរការ អោយ​សិស្ស​ចូលរៀន​ឡើងវិញ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​គ្រូពេទ្យ ស័​គ្ម្រ​ចិត្ត​លោក ហ៊ុន ម៉ា​នី ដឹកនាំ​ដោយ​លោក បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត និង​ជា​អនុប្រធាន​ប្រតិបត្តិ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន​ម៉ា​នី ចំនួន ១៨ នាក់ បាន​ចុះ​ផ្សព្វផ្សាយ អប់រំ​អំពី​វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាល នៃ​ជំងឺ​កូ​វីត​-១៩ ជូន​ដល់​សិស្ស​វិទ្យាល័យ​ស្វាយជ្រំ នៅក្នុង​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន​ជាង ១.០០០ នាក់​។

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន​ម៉ា​នី ក៏បាន​បង្រៀន​សិស្សានុសិស្ស ពី​របៀប​លាង ដៃ​នឹង​អាល់កុល ឬ​សាប៊ូ ជាមួយនឹង​ការបង្រៀន​ពាក់​ម៉ាស រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច ១,៥ កន្លះ និង​ត្រូវ​ចេះ​អនាម័យ ដោយ​ប្រកាន់​នូវ ការហូបចុក​ស្អាត រស់នៅ​ស្អាត ។​

​ក្នុងឱកាស​នេះដែរ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន​ម៉ា​នី បានផ្តល់​អំណោយ​របស់ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ជូន​វិទ្យាល័យ​ស្វាយជ្រំ នូវ​អាល់កុល ១ កាន ចំណុះ ៣០ លីត្រ និង​ម៉ាស់ ១.០០០ ផងដែរ ។​

​លោក​បណ្ឌិត កែរ រដ្ឋា បាន​មានប្រសាសន៍ថាៈ ដោយមាន​ការណែនាំ​ពី លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយ​លោក​រដ្ឋមន្ត្រី សង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ មួយចំនួន ភ្លេចខ្លួន ដែល​ឃើញ​ជំងឺ​កូ​វីដ មានការ​ថយចុះ និង​បាន​ចាក់​វ៉ាក់សាំង គ្រប់​ចំនួន​ផង ពួកគាត់​មិនសូវ​អនុវត្ត នូវ​វិធានការ​សុខាភិបាល ត្រឹមត្រូវ​ដូច​មុន​ទេ លោករ ដ្ឋ​មន្ត្រី​ស្នើអោយ គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត បន្ត​ចុះ​អប់រំ ផ្សព្វផ្សាយ អំពី​វិធានការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ដូច​មុន​។ អាស្រ័យហេតុនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី សាខា​ខេត្តស្វាយរៀង បានធ្វើ​ផែនការ ដើម្បី​ចុះ​អប់រំ ផ្សព្វផ្សាយ អំពី​វិធានការ​ការពារ ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីត​-១៩ និង​ណែនាំ​ដល់ ប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្ស តាម​វិទ្យាល័យ អនុវិទ្យាល័យ និង​សាលាបឋមសិក្សា អំពី​របៀប​លាង ដៃ​នឹង​អាល់កុល ឬ​សាប៊ូ ជាមួយនឹង​ការបង្រៀន ពាក់​ម៉ាស គ្រប់​ស្រុក ក្រុង ក្នុង​ខេត្តស្វាយរៀង​។​

​លោក​បណ្ឌិត កែរ រដ្ឋា ក៏បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ថា ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ កំពុង​វាយលុក យើងទាំងអស់គ្នា ត្រូវគោរព​ទៅតាម​វិធានការ សុខាភិបាល បី​ការពារ បី​កុំ និង​ពីរ​ចូលរួម ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ និង​គ្រួសារ ព្រមទាំង​ខ្លួន​យើង​ផ្ទាល់​ផង​៕/V​