ដោយៈចាន់តូ/ភ្នំពេញៈរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនតេងឡាយបានបើកបុកម៉ូតូមួយគ្រឿងពីក្រោយ បណ្ដាលឲ្យដួលហើយខ្ទាតបុរសម្នាក់ចូលក្រោមកង់កិនបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកាលពីម៉ោងជាង៥ ល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យប៉ូលិសថា មុនពេលកើតហេតុបុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV- 8025 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏ត្រូវរថយន្តកុងតឺន័រ FREIGHTLINER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8103 របស់ក្រុមហ៊ុនតេងឡាយបើកបរក្នុងទិសដៅស្របគ្នាបុកពីក្រោយ បណ្ដាលឲ្យដួលម៉ូតូហើយខ្ទាតបុរស នោះចូលក្រោមកង់រថយន្តនោះកិនស្លាប់ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តនបានចុះរត់គេចខ្លួនបាត់។បន្ទាប់មកកម្លាំងនគរបាលយការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីងភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕